ស្រ្ដី២នាក់ជិះម៉ូតូឌុបគ្នាឆ្លងផ្លូវ ត្រូវអ្នកបើកបររថយន្ដសាំងយ៉ុងបុកពីចហៀងពេញទំហឹងអូសម៉ូតូជាង៥០ម៉ែត្រ 

ចែករំលែក៖

 ភ្នំពេញ ៖​  ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែង និងម្នាក់ទៀតរងរបួសស្រាល ក្រោយពីពួកគាត់ទាំង២នាក់បានជិះម៉ូតូមួយគ្រឿងឌុបគ្នាឆ្លងផ្លូវ  ត្រូវរថយន្ដសាំងយ៉ុងមិនស្គាល់ស្លាកលេខ បើកបុកពីចហៀងពេញទំហឹង ហើយបើកគេចខ្លួនបាត់ ។
     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅវេលាម៉ោង០៩:៣០នាទីយប់ ​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ កែងផ្លូវ៣០ម៉ែត្រ ត្រង់ចំណុចមុខក្រុមហ៊ុន​លក់រថយន្ត​ Mecerdez ភូមិទួលរកា​១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
     សពស្ត្រីរងគ្រោះមានឈ្មោះ ស៊ឹម​ សុម៉ារ៉ា អាយុជិត៥០ឆ្នាំ​ មុខរបបជាគ្រូបង្រៀន រស់នៅក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។
     តាមសម្ដីស្ត្រីដែលរងរបួសស្រាលនិងអ្នកឌុបជនរងគ្រោះ  ដែលស្លាប់ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូគុបមូលមួយគ្រឿងដែលពាក់ ស្លាកលេខភ្នំពេញ 1AR-4903 បានឌុបស្ត្រីរងគ្រោះដែលស្លាប់ ធ្វេីដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង  លុះដល់ចំណុចផ្លូវកែង៣០ម៉ែត្រ មុខក្រុមហ៊ុន​លក់រថយន្ត​ Mecerdez ជាកន្លែងកេីតហេតុ ក៏បានបត់ឆ្លងផ្លូវ ស្រាប់តែមានរថយន្តសាំយ៉ុង​ពណ៌ស​ មួយគ្រឿង (មិនចាំស្លាកលេខ) បានបើកបរក្នុងទិសដៅពីត្បូងមកជើង( បញ្ច្រាស់ទិស) ក្នុងល្បឿនយ៉ាងលឿន​ បាន​បុក​ពីចហៀងពេញទំហឹងបណ្ដាលឲ្យគាត់ទាំង២នាក់ ផ្លោងខ្ទាតធ្លាក់ពីលើម៉ូតូជាង៥០ម៉ែត្រ​ ធ្វើឲ្យស្ត្រីដែល​ជិះពីក្រោយ បានខ្ទាតផ្លោងបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ និងម្នាក់ទៀតអ្នកដុបរងរបួសស្រាល ។ ភ្លាមនោះដែររថយន្តបង្កបានបើកគេចបាត់ស្រមោល ។
    ក្រោយពេលកើតហេតុកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម បានចុះមកដល់កន្លែងកើតហេតុ​ រួចរាយការណ៍ប្រាប់សមត្ថកិច្ចផ្នែកវាស់វែង​ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះមកពិនិត្យមេីលជាក់ស្ដែង​ និងយកម៉ូតូរបស់​ជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យ ដេីម្បីរងចាំស្រាវជ្រាវរករថយន្តបង្កយកមកដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុសាកសួរក្រុមគ្រួសារ​ និងប្រគល់ឲ្យរថយន្តគិលានសង្គ្រោះឯកជនដឹកយកទៅធ្វើបុណ្យនៅគេហដ្ឋាន ៕ ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print