ភ្នំពេញ ៖ ជនជាតិចិនចំនួន៥៤នាក់ ស្រី១១នាក់ រួមនិងសំភារៈប្រព្រឹត្តបទល្មើសមួយចំនួនធំ ដែលជាប់ពាក់ព័ន្ធករណីលួចបើកល្បែងស៊ីសងតាមប្រព័ន្ធ Internet ខុសច្បាប់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយ សមត្ថកិច្ចមូលដ្ឋាន បន្តចុះបង្ក្រាបជាក់ស្តែង និងចាប់ខ្លួន នៅមូលដ្ឋានខណ្ឌទួលគោក រាជធានីភ្នំពេញ ។
មន្រ្តីនគរបាលអន្តោប្រវេសន៍ បានឲ្យដឹងថា ករណីបង្ក្រាបជនជាតិចិនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ២និង៣០នាទី រសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ដឹកនាំដោយលោក លី សុផាន់ណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោក កែវ វណ្ណថន អគ្គនាយករងអន្តោប្រវេសន៍ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន បានចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស បើកល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធីណែតខុសច្បាប់ នៅចំណុចទីតាំងផ្ទះលេខ១១អា ផ្លូវលេខ៥៦៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនោះដែរជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់បានជនសង្ស័យជាជនជាតិចិនចំនួន៥៤នាក់ ស្រី១១នាក់ និងសំភារៈប្រព្រឹត្តបទល្មើសរួមមាន៖ កុំព្យូទ័រ ទូរសព្ទ ឯកសារ និងឧបករណ៍ពាក់ព័ន្ធការប្រព្រឹត្តបទល្មើសមួយចំនួន។
បច្ចុប្បន្នជនជាតិចិនប្រុសស្រីចំនួន៥៤នាក់ រួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ ដោយ ៖ ស តារា
...