ខេត្តកណ្តាល ៖ ស្ត្រីវ័យ៣០ឆ្នាំម្នាក់ បានរងរបួសបាក់ក្ដោងច្រមុះ ក្រោយពីចូលទៅជួយបងប្រុសដែលទាស់សម្តីជាមួយអ្នកផឹកស៊ីក្បែរផ្ទះ បន្ទាប់ពីឈ្លោះប្រកែកជាមួយប្រពន្ធរួច។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចភូមិព្រែកសំរោង៣ ក្រុងតាខ្មៅ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះនោះមានឈ្មោះ អ៊ុក ចិន្តា ភេទស្រីអាយុ៣០ឆ្នាំ។ ចំណែកជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនបានចំនួន៤នាក់ ទី១ ឈ្មោះ សន ឡៃ ភេទប្រុស អាយុ៣៤ឆ្នាំ, ទី២ឈ្មោះ អ៊ន សំណាង ភេទប្រុស អាយុ២៨ឆ្នាំ, ទី៣ឈ្មោះ ធែន ថី ភេទប្រុស អាយុ២១ឆ្នាំ និងទី៤ឈ្មោះ គឹម សាន្ត ភេទប្រុសអាយុ៤០ឆ្នាំ។ ចំណែកវត្ថុតាងដែលហូតបាន មានឈើច្រត់ប្រវែង៧៤សង់ទីម៉ែត្រ។
ប្រភពដដែលបន្ដថា នៅពេលកើតហេតុបងប្រុសជនរងគ្រោះ បានឈ្លោះគ្នាជាមួយប្រពន្ធ បន្ទាប់មកក៏បងប្រុសរូបនោះក៏ទៅប៉ះពាក្យសម្តីគ្នាជាមួយក្រុមអ្នកផឹកស៊ីមួយក្រុមក្បែរនោះ រហូតដល់មានការប្រតាយប្រតប់គ្នា។ ដោយឃើញដូចនេះ ប្អូនស្រីក៏ចូលទៅជួយ ហើយក៏ត្រូវក្រុមជនសង្ស័យវាយបណ្តាលឲ្យបាក់ក្តោងច្រមុះតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ត្រូវបានកម្លាំងនគរបាលនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ដោយ៖ សហការី