លោក អូស្មាន ហាស្សាន់៖ ជំនួបអាហារសាមគ្គី ជាមួយឥណ្ឌូណេស៊ី ពេលនេះគឺកម្ពុជាបានបង្ហាញអំពីភាតរភាព និងទំនាក់ទំនងជិតស្និទ្ធយូរអង្វែង ជាមួយស្ថាប័នកំពូលឥណ្ឌូណេស៊ី ក៏ដូចជាសហគ មន៍ខ្មែរឥស្លាម

ចែករំលែក៖

ភ្នំពេញ៖​ លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ជំនួបពិសាអាហារសាមគ្គី ជាមួយគណៈប្រតិភូ សាធារ ណរដ្ឋឥណ្ឌូណេស៊ី មកពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរដ្ឋាភិបាល ដឹកនាំដោយ លោក Pak Agung Laksono អតីតប្រធានរដ្ឋសភាឥណ្ឌូណេស៊ី នៅពេលនេះ គឺជាការ បង្ហាញអំពីភាតរភាព និងទំនាក់ទំនងជិតស្និទ្ធយូរអង្វែងរវាងគណៈប្រតិភូស្ថាប័នកំពូលឥណ្ឌូណេស៊ី ជាមួយភាគីកម្ពុជា ក៏ដូចជាសហគមន៍ខ្មែរឥស្លាម ។

លោកអូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រី ទទួលបន្ទុក បេសកកម្មពិសេស បានបញ្ជាក់បែបនេះ ក្នុងពិធីជំនួបពិសារអាហារសាមគ្គី ជាមួយគណៈ ប្រតិភូ ឥណ្ឌូណេស៊ី ដឹកនាំដោយលោក Pak Agung Laksono អតីតប្រធានរដ្ឋសភាឥណ្ឌូណេស៊ី កាលពីល្ងាច ថ្ងៃសៅរ៏ ១៤កើតខែបុស្ស ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី១៩ មករា ឆ្នាំ២០១៩ នៅលើកាណូត ក្នុងផ្ទៃទឹកទន្លេចតុមុខ រាជធានីភ្នំពេញ នាវេលាទស្សនីយភាពថ្ងៃលិច ដែលមានការចូលរួម ពីលោក សុះ កំរ៉ីចាងហ្វាងគណៈដឹកជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា រួមជាមួយថ្នាកដឹកនាំមក ពីស្ថាប័នរដ្ឋសភាជាតិ នៃកម្ពុជា និងថ្នាក់ដឹកនាំបណ្តាក្រសួងនានាជាច្រើនរូបផងដែរ ។

តាមការបញ្ជាក់ឲ្យដឹងពី លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ថា៖ ជំនួបអាហារសាមគ្គីនេះ គឺជាការបង្ហាញអំពីភាតរភាព និងទំនាក់ទំនងជិតស្និទ្ធយូរអង្វែងរវាងគណៈប្រតិភូស្ថាប័នកំពូលឥណ្ឌូណេស៊ី ជាមួយភាគីកម្ពុជា ក៏ដូចជា សហគមន៍ខ្មែរឥស្លាម ក្រោយគណៈប្រតិភូបានបញ្ចប់ដោយជោគជ័យ ពីការចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក (APPF) និង កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី(ACC) នៅលើទឹកដីប្រវត្តិសាស្រ្តអង្គរ ចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែមករា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោកអូស្មាន ហាស្សាន់ បានរំលឹកថា ៖ នៅកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) កន្លងទៅនេះ ក៏មានចូលរួមពី អនុប្រធានាធិបតីឥណ្ឌូណេស៊ី លោក បណ្ឌិត Jusuf Muhammad Kalla និង​ លោកស្រី ដែលបានអញ្ជើញដល់ទីក្រុងសៀមរាប នៅរាត្រីថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៩ និង បានអញ្ជើញនិវត្តន៍ទៅវិញនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៩ បន្ទាប់ពីបានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ Lotus Blanc ទីក្រុងសៀមរាបថ្មីៗនេះផងដែរ ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print