វិបត្តិ អសន្តិសុខ នៅក្នុងប្រទេសម៉ាលី នៅតែបន្តកើនឡើង បើទោះបីមានកម្លាំងទាហានបារាំង ប្រមាណ៤ពាន់នាក់ឈរជើងការពារនៅទីនោះ ក៏ដូចជាកងទាហានរក្សាសន្តិសភាពជាច្រើន ក៏មិនអាចទប់ស្កាត់អំពើហឹង្សា ការវាយប្រហារពីកម្លាំង ក្រុមភេរវកម្ម ស្និងនឹងអាលកៃដានោះឡើយ ។
ជាក់ស្តែងកាលពីថ្ងៃទី២០ខែមករា កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ មកពីប្រទេស Chad ចំនួន១០នាក់បានស្លាប់ និង ២៥នាក់រងរបួស ពេលដែលព្យាយាម បណ្តេញក្រុមប្រដាប់អាវុធប៉ុនប៉ងវាយប្រហារភូមិមួយនៅភាគខាងជើង ប្រទេសម៉ាលី ។
មន្ត្រីអង្គការសហប្រជាជាតិ ប្រចាំនៅអាហ្វ្រិកខាងលិចបានបញ្ជាក់ថា ក្រុមជនវាយប្រហារ សម្លាប់ កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ មិនទាន់ដឹងថាជាស្នាដៃរបស់ក្រុមណានោះឡើយ។បច្ចុប្បន្ន កងកម្លាំងរក្សាសន្តិភាព និងទាហានបារាំងកំពុងតែឈរជើងនៅភាគខាងជើង ម៉ាលី ដើម្បីប្រឆាំងក្រុមប្រដាប់អាវុធ ។ ការវាយប្រហារខាងលើ គឺជាការគំរាមកំហែងដល់សន្តិសុខ នៅតំបន់ Sahel នៃទ្វីបអាហ្វ្រិក។
កម្លាំងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសម៉ាលី បានលើកឡើងថា ការវាយប្រហារខាងលើកើតឡើងនៅតំបន់ Aguelhok ប្រទេសម៉ាលី កាលពីថ្ងៃទី២០ខែមករា ។ ខ្មាន់កាំភ្លើងមួយក្រុម ដែលមានអាវុធទំនើបៗ ព្យាយាមវាយប្រហារ តំបន់ខាងលើ តែត្រូវកម្លាំងរក្សាសន្តិភាពរារាំង ទើបបណ្តាលឲ្យប៉ះទង្គិចគ្នា ធ្វើឲ្យ កងរក្សាសន្តិភាព១០នាក់ស្លាប់ និង ២៥នាក់រងរបួស ។
អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្កោលទោសយ៉ាងខ្លាំងដល់ក្រុមខ្មាន់កាំភ្លើង ខាងលើ ។ ការវាយប្រហារនោះ បានបំផ្លាញដល់ការខិតខំស្វែងរកសន្តិភាព នៅក្នុងប្រទេសនេះ ។
នៅព្រឹកថ្ងៃទី២១ខែមករានេះ ក្រុមភេរវកម្ម អិស្លាមដែលមានទំនាក់ទំនងជាមួយក្រុមភេរវកម្ម អាលកៃដា នៅប្រទេសម៉ាលី បានចេញមុខទទួលស្គល់ថាជាការវាយប្រហាររបស់ក្រុមខ្លួន។ ក្រុមដែលវាយប្រហារមានឈ្មោះថា Nsral Al Islam Wal Muslimeen ។
ការវាយប្រហារសម្លាប់ទាហានមួកខៀវ កើតឡើង ក្នុងពេលដែល អគ្គលេខាធិការអង្គការសហប្រជាជាតិបានប្រកាសថាកងរក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ អាចនឹងផ្អាកដោយសារតែអស់ថវិកា ដើម្បីបន្តសកម្ម
ភាពរក្សាសន្តិភាព របស់កម្លាំងមួកខៀវ។
ប្រទេសជាច្រើនជុំវិញពីភពលោកបានកាត់បន្ថយការចំណាយទៅលើអង្គការសហប្រជាជាតិ ពិសេសគឺសម្រាប់កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ។ អាមេរិកបានប្រកាសកាត់បន្ថយការផ្តាល់ប្រាក់ដល់អង្គការ សហប្រជាជាតិជាច្រើនចាប់តាំងពីលោកត្រាំឡើងកាន់តំណែង ។
នៅពេលនេះលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានព្រមានថា សហប្រជាជាតិកំពុងប្រឈមនឹងការខ្វះខាតទឹកប្រាក់ជិត២ពាន់លានដុល្លារ ដែលជាថវិកាជំនួយដែលមិនបង់ឱ្យសម្រាប់កងទ័ពរក្សាសន្តិភាពរបស់ខ្លួន ដោយតុល្យភាពប្រាក់មាននៅពេលនេះគឺអាចចំណាយលើប្រតិបត្តិការសម្រាប់រយៈពេលជិត២ខែប៉ុណ្ណោះ ។
លោក Antonio Guterres បានប្រាប់រដ្ឋជាសមាជិកអង្គការសហប្រជាជាតិនៅក្នុងលិខិតមួយកាលពីសប្តាហ៍មុនថា អង្គការសហប្រជាជាតិបានបង្ខំចិត្តបង្កើតគណនីសន្សំមូលនិធិនិងគណនីពិសេសដើម្បីគ្រប់គ្រងការចំណាយដែលបានមកពីប្រាក់ជំនួយកាលពីដំណាច់ឆ្នាំមុន ។
លោក បាននិយាយកាលពីថ្ងៃអង្គារនៅក្នុងលិខិតនោះថា “បេសកកម្មរក្សាសន្តិភាពសកម្មនេះត្រូវបានរំពឹងថានឹងប្រឈមនឹងការខ្វះខាតថវិកាដោយសារការផ្តល់ប្រាក់ជំនួយយឺតយ៉ាវ” ។
លោកបន្តថា បច្ចុប្បន្នប្រាក់ដែលមិនទាន់បង់ឱ្យគឺមានចំនួនជិត២ពាន់លានដុល្លារហើយតុល្យភាពថវិកាដែលមាននៅពេលនេះ គឺអាចផ្គត់ផ្គង់បានរយៈពេលជិត២ខែបើប្រៀបធៀបទៅនឹងឆ្នាំមុននោះ គឺអាចផ្គត់ផ្គង់បានរយៈពេល៤ខែ ។
ថវិកាសម្រាប់ថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិចាប់ពីខែកក្កដាឆ្នាំ ២០១៨ ដល់ខែមិថុនាឆ្នាំ២០១៩ គឺមានចំនួនសរុប៦,៧ ពាន់លានដុល្លារ ដោយសហរដ្ឋអាមេរិក ចិននិងជប៉ុន បង់ប្រាក់ច្រើនជាងគេ ៕
![](http://nkdnews.com/wp-content/uploads/2019/01/000_Par7615064.jpg)