នៅតំបន់អឺរ៉ុប មហាបាតុកម្មបានកើតឡើងនៅក្នុងប្រទេសជាច្រើន គោលពួកគេគឺប្រឆាំងរដ្ឋាភិបាល ខណៈដែលបាតុកម្មនៅបារំាងឈានចូលសប្តាហ៍ទី១០ហើយ។ ក្រៅពីបារាំង នៅក្នុងប្រទេសហុងគ្រី មានពលរដ្ឋរាប់សិបពាន់នាក់ បានដង្ហែរក្បួនបាតុកម្ម ។ ដោយឡែកនៅក្រិកវិញ ក៏មានពលរដ្ឋ ជាង៦មឺននាក់ធ្វើបាតុកម្មផងដែរ ។
ចំណែកនៅក្នុងប្រទេសបារាំង វិញ ក្រុមបាតុករអាវកាក់ពណ៌លឿងបានប្រមូលផ្ដុំជាថ្មីនៅចុងសប្តាហ៍កន្លងមក ក្នុងទីក្រុងប៉ារីស ដើម្បីធ្វើបាតុកកម្មតវ៉ាចុងសប្ដាហ៍ទី១០ជាប់ៗគ្នា ប្រឆាំងនឹងរដ្ឋាភិបាលប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង។
ក្រុមបាតុករបាននាំគ្នាតវ៉ានៅឯតំបន់ Champs Elysees និង Invalides esplanade ស្ថិតនៅក្បែរសភាជាតិបារាំង ព្រមទាំងនៅឯតំបន់ Eiffel Tower ផងដែរ។ ចំនួនក្រុមបាតុករត្រូវបានគេរំពឹងថានឹងកើនឡើងបើធៀបទៅនឹងសប្ដាហ៍មុន ខណៈប៉ូលិស៥,០០០នាក់ត្រូវបានដាក់ ពង្រាយក្នុងទីក្រុងប៉ារីស និង៨០,០០០នាក់នៅទូទាំងប្រទេស ហើយមិនតែប៉ុណ្ណោះគេក៏ឃើញមានការដាក់ពង្រាយរថពាសដែកនៅតាមតំបន់ មួយចំនួនទៀតផង។
គួរជម្រាបថា បាតុកម្មតវ៉ារបស់បាតុករអាវកាក់ពណ៌លឿង នៅក្នុងប្រទេសបារាំងបានផ្ទុះឡើងកាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៨មកម្លេះ សំដៅទាមទារឱ្យរដ្ឋាភិបាលលោក ម៉ាក្រុង ធ្វើកំណែទម្រង់ជាច្រើនក្នុងនោះរួមមានការលុបចោលគម្រោងដំឡើងពន្ធលើឥន្ធនៈជាដើម៕