ពលរដ្ឋកូរ៉េខាងជើងមានសង្ឃឹម វិញហើយ ក្រោយអង្គការសហប្រជាជាតិលើកលែងទណ្ឌកម្មជំនួយ

ចែករំលែក៖

សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា អង្គការសហប្រជាជាតិបាន បានសម្រេចលើកលែងទណ្ឌកម្មដល់ អង្គការ​ចំនួន​៤ ដែលបានផ្តល់ជំនួយមនុស្សធម៌ដល់កូរ៉េខាងជើង ។​

តាមការផ្សាយនៅលើគេហទំព័ររបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី​២៣ខែមករាថា គណកម្មការដាក់ទណ្ឌកម្ម​បានសម្រេចលើកលែងទណ្ឌកម្ម ដល់អង្គការ ចំនួន​៤ផ្សេងគ្នា  ក្នុងនោះមានមូលនិធិកុមារអន្តរជាតិ​ UNICEF  មូលនិធិ  Eugene Bell ​ សមាគមន៍​”មិត្តភក្តិគ្រីស្ទានកូរ៉េ” និង អង្គការក្រៅរដ្ឋាភិបាល​ First Steps Health society ​របស់ប្រទេសកាណាដា​។

អង្គការទាំង​៤ខាងលើទទួលបានការអនុញ្ញាត្តិឲ្យបញ្ជូនសម្ភារៈ មនុស្សធម៌ទៅកាន់កូរ៉េខាងជើង ក្នុងនោះមានបរិក្ខាពេទ្យ សម្រាប់ព្យាបាលពលរដ្ឋ។ សម្ភារៈបរិក្ខា​ដែលបញ្ជូនទៅកូរ៉េខាងជើង របស់​UNICEF រួមមាន កំព្យួរទ័រ  ទូរទស្សន៍ និងរថយន្តជួយសង្គ្រោះ ៩គ្រឿង មានតម្លៃ ជាង​៥២០ពាន់ដុល្លារ​​អាមេរិក។

ក្រៅពីនេះ អង្គការសហប្រជាជាតិក៏បានលើកលែងទណ្ឌកម្មដល់ ដល់បណ្តាអង្គការសមាគមន៍មនុស្សធម៌មួយចំនួន ទៀត ដើម្បីអាចបន្តផ្តល់ជំនួយដល់កូរ៉េខាងជើងបានទាន់ពេលវេលា ។

សកម្មភាពខាងលើកើតឡើងក្រោយពេលដែល អាមេរិក និងកូរ៉េខាងជើង បានសម្រេចជួបប្រជុំគ្នា ជាលើកទីពីរ ដើម្បីដោះស្រាយវិវាទ នឹងបញ្ជប់កម្មវិធីបរមាណូ ។ ប្រធានាធិបតីអាមេរិកដូណាលត្រាំ បានបង្ហាញពីសុទិដ្ឋិនិយម​នៅក្នុងជំនួបនាចុងខែកុម្ភៈជាមួយមេដឹកនាំគីមជុងអ៊ុន​។

ពាក់ព័ន្ធនឹងជំនួបរវាង លោកត្រាំនិងគីមជុងអ៊ុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងថា​​ទីតាំងសម្រាប់ការរៀបចំកិច្ចប្រជុំកំពូល​ជាលើកទី២ ជាមួយ​ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបាន​ជ្រើសរើស​រួចរាល់ ហើយវានឹងត្រូវប្រកាសឲ្យដឹងនាពេលឆាប់ៗខាងមុខ។ ទីតាំង ចំនួន៣ដែលបានស្នើសុំធ្វើជាម្ចាស់រៀបចំជំនួបកំពូលនេះមានដូចជា កោះហាវ៉ៃ ទីក្រុងបាងកក ប្រទេសថៃ និងទីក្រុងហាណូយរបស់ប្រទេស​វៀតណាម។

ប៉ុន្តែជុំវិញការជ្រើសរើសទីតាំងនេះដែរ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយអង់គ្លេស លោក Tom Fowdyយល់ ថាទីក្រុងហាណូយ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ការរៀបចំកិច្ចប្រជុំកំពូលត្រាំ-គីម ជាលើកទី២ ខណៈសារព័ត៌មាន Bloomberg ក៏បានរាយការណ៍ដែរថា កិច្ចប្រជុំកំពូលនេះទំនងជា​អាចនឹងត្រូវធ្វើឡើនៅលើទឹកដីប្រទេសអាស៊ានមួយនេះ។ លោក Fowdyបានឱ្យដឹងទៀតថាទីក្រុងហាណូយគឺជា​ជម្រើសល្អ ដ្បិតវៀតណាមជាប្រទេសកុម្មុយនីស្ដដូចកូរ៉េខាងជើង តែក៏មានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកដែរ។ ពោលគឺបើគេចាំមិន​ភ្លេចទេ នៅអំឡុងសម័យសង្រ្គាមវៀតណាម អតីតមេដឹកនាំកូរ៉េខាងជើង លោក គីម អ៊ីល ស៊ុង ធ្លាប់បានផ្ដល់ជំនួយហិរញ្ញវត្ថុឱ្យ ទៅក្រុងហូជីមិញ ដើម្បីបង្រួបបង្រួមប្រទេសជាតិ។

លើសពីនេះទៅទៀត បើទោះជាវៀតណាមធ្លាប់ជាសត្រូវជាមួយទីក្រុងវ៉ាស៊ីនតោនក៏ដោយ តែក្រោយដំណើរទស្សនកិច្ចរបស់អតីត ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា កាលពីឆ្នាំ២០១៦ វាបានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែប្រសើរឡើង ហើយភាព​ប្រសើរនេះទៀតសោត ត្រូវបានគេមើលឃើញថាកើតមានដោយសារតែទីក្រុងហាណូយ ចង់បានសហរដ្ឋអាមេរិកជាបង្អែកដើម្បីប្រឈមមុខ ជាមួយចិននៅឯតំបន់សមុទ្រចិនខាងត្បូង។

គួរជម្រាបថា សេចក្ដីរាយការណ៍ថាជំនួបជាលើកទី២ រវាងលោក ដូណាល់​ ត្រាំ​ និងលោក គីម ជុងអ៊ុន ត្រូវធ្វើឡើងនៅក្នុងវៀតណាម លេចលឺ ឡើងជាលើកដំបូងក្រោយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក រី យ៉ុង ហូ បានបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហាណូយ កាលពី​ខែធ្នូ ឆ្នាំ២០១៨ ហើយថែមទាំងបាននិយាយថាវៀត ណាមគឺជាគំរូដ៏ល្អរបស់កូរ៉េខាងជើង ដោយសារតែប្រទេសមួយនេះតូចមែនពិត តែអាច ហែលកាត់ឆ្លងជម្លោះជាមួយសហរដ្ឋអាមេរិកបាន។

នៅពេលដែលកិច្ចពិភាក្សាលើកទីពីរបានកំណត់ ទីតាំងនិងពេលវេលា​រួចហើយដោយមិនទាន់ប្រកាសឲ្យដឹងជាសាធារណនៅឡើយនោះ  ពេលនេះស្រាប់តែមានព័ត៌មាន ផ្សព្វផ្សាយអាចធ្វើឲ្យប្រទេសទាំងពីរ ប្រឈមមុខដាក់គ្នាជាថ្មី ។​កន្លងមកសារព័ត៌មានបានផ្សាយថា បច្ចុប្បន្ន​មានមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានមីស៊ីលបាលិស្ទីគទាំង២០ ដែលកំពុងធ្វើប្រតិបត្តិការដោយលួចលាក់នៅក្នុង​ប្រទេស​​កូរ៉េខាងជើង ត្រូវបានប្រើប្រាស់ជាទីស្នាក់ការមីស៊ីល។ នេះបើតាមរបាយការណ៍របស់ CSIS ដកស្រង់​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩។

នៅក្នុងរបាយការណ៍របស់ខ្លួនចេញផ្សាយនៅថ្ងៃចន្ទ សប្ដាហ៍នេះ មជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ (CSIS) បានឱ្យដឹងថាមូលដ្ឋានមីស៊ីលខាងលើមានឈ្មោះថា Sino-riជាទីដែលមីស៊ីល Nodongត្រូវបានដាក់ពង្រាយ ហើយ វាក៏ត្រូវបានគេចាត់ទុកផងដែរថាជាទីតាំងដ៏សំខាន់ក្នុងការអភិឌ្ឍមីស៊ីលបាលិស្ទីគរបស់កូរ៉េខាងជើង។ បន្ថែមពីលើ​នេះ CSIS ក៏បានបញ្ជាក់ដែរថាមូលដ្ឋានមីស៊ីល Sino-riមិនដែលក្លាយជាកម្មវត្ថុនៃកិច្ចចរចាលុបបំបាត់អាវុធនុយក្លេអ៊ែររវាងលោក​ ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុននោះទេ។

គួរបញ្ជាក់ថា មានទីតាំងស្ថិតនៅចំងាយ ២១២គីឡូម៉ែត្រ ពីភាគខាងជើងតំបន់ព្រំដែនគ្មានយោធា Sino-riមានផ្ទៃ១៨គីឡូ​ម៉ែត្រក្រឡា និងជាមូលដ្ឋានដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍមីស៊ីលបាលិស្ទីគរបស់កូរ៉េខាងជើងដែលមានសមត្ថភាពបាញ់ដល់​កូរ៉េខាងត្បូង ជប៉ុន និងកោះ Guam របស់សហរដ្ឋអាមេរិកស្ថិតនៅតំបន់ប៉ាស៊ីហ្វិកខាងលិច៕

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print