ករណីអនុវត្តសាលដីការតុលាការកំពូលប្រគល់ដីឲ្យឧកញ៉ា ស៊ីវ គង់ទ្រីវ ឈានដល់ផ្ទុះអាវុធនិងហិង្សានៅស្រុកព្រៃនប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ទំនាស់ដីធ្លីចំនួន៧១ហិកតានៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុដែលបានអូសបន្លាយច្រើនឆ្នាំមកហើយនោះ បានឈានដល់ការប្រើអំពើហិង្សាដាក់គ្នា រវាងសមត្ថកិច្ចចម្រុះដែលចុះទៅអនុវត្ត សាលដីកាតុលាការកំពូល និងប្រជាពលរដ្ឋដែលពួកគាត់អះអាងថាជាអ្នកចាញ់ក្តីនិងជាជាជនរងគ្រោះ ដោយសារ ឧកញ៉ា ស៊ីវ គង់ទ្រីវ និងប្រពន្ធឈ្មោះ ហុង ហ៊ួន បានយកប័ណ្ណស្លាបមាន់ដែលគេនិរាករណ៍ចោល យកទៅប្តឹងប្រជាពលរដ្ឋដោយអំណាចទឹកប្រាក់ គឺឧកញ៉ា ស៊ីវ គង់ទ្រីវ និងប្រពន្ធឈ្មោះ ហុង ហ៊ួន ឈ្នះក្តីទាំង៣សាលាជម្រះក្តី ។
ប្រជាពលរដ្ឋបានអះអាងថា ពួកគាត់មករស់នៅលើដីនេះជាយូរឆ្នាំ ហើយក៏ជាដីរបស់ ឧទ្យានជាតិ ដែលសម្តេចតេជោ ហ៊ុន សែន កាត់ឲ្យប្រជាពលរដ្ឋ ប៉ុន្តែពួកគាត់ ចេះតែរស់នៅ ដោយមិនបានធ្វើប្លង់ឬប័ណ្ណកម្មសិទ្ធិ ដូចៗគ្នា និងមានការទទួលស្គាល់ពីអាជ្ញាធរ ភូមិ-ឃុំ ដឹងឮ ។ ផ្ទុយទៅវិញ ក្រោយពីសម្តេចតេជោហ៊ុន សែនកាត់ដីនោះឲ្យប្រជាពលរដ្ឋ ស្រាប់តែ ឧកញ៉ា ស៊ីវ គង់ទ្រីវ និងប្រពន្ធឈ្មោះ ហុង ហ៊ួន បានយកប័ណ្ណស្លាបមាន់ ដែលពួកគាត់រិះ គន់ថា ប័ណ្ណនោះត្រូវបាននិរាករណ៍ហើយ ហេតុអីយកទៅដាក់ប្តឹងនៅតុលាការទាំង៣ថ្នាក់ឈ្នះប្រជាពលរដ្ឋហើយ ពួកគាត់ក្លាយជាជនរងគ្រោះទៅវិញ?
បើតាមរបាយការណ៍សមត្ថកិច្ចចម្រុះបានឲ្យដឹងថា នៅវេលាម៉ោង៨ព្រឹកថ្ងៃទី២៤ខែមករាឆ្នាំ២០១៩ សមត្ថកិច្ចចម្រុះដឹកនាំដោយលោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុដែលមានយកកម្លាំង នគរបាល យោធា និងមន្រ្តីជំនាញ សាលាខេត្តព្រះសីហនុ។ល។ រាប់រយនាក់ចុះអនុវត្តសាលដីកា លេខ ៣៤៨ «ឈ» ចុះថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០១៧ របស់តុលាការកំពូលចូលជាស្ថាពរ នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ គ្រាដែលភាគីប្រជាពលរដ្ឋរាប់រយនាក់ជាអ្នកចាញ់ក្តីកើតទុក្ខមិនសុខចិត្តនឹងសាលដីកាតុលាការកំពូលមួយនេះ។ ដោយពួកគាត់អះអាងថាបានមករស់នៅលើដីនេះយូរឆ្នាំមកហើយ។នៅគ្រាដែលសមត្ថកិច្ច ចម្រុះចុះទៅអនុវត្ត សាលដីកាតុលាការកំពូលនេះ បានធ្វើឲ្យភាគីប្រជាពលរដ្ឋក្តៅក្រហាយ នាំគ្នាដុតកង់រថយន្ត និងឈានដល់ប្រើហិង្សាដោយចោលព្រនង់ ដុំឥដ្ឋ ដុំថ្ម និងដបសាំងសំដៅដាក់សមត្ថកិច្ចរហូតបែកកញ្ចក់រថយន្ត៣គ្រឿង ។ ប៉ុន្តែ អាជ្ញាធរ និងសមត្ថកិច្ចបានគ្រប់គ្រងស្ថានភាពនេះដោយការផ្ទុះអាវុធជាច្រើនគ្រាប់។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ដោយសារស្ថានភាពមិនអំណោយផល សមត្ថកិច្ចបានប្រើពេលជាច្រើនម៉ោង រហូតដល់ម៉ោង១០ព្រឹក ថ្ងៃដដែលទើបសមត្ថកិច្ចសម្រេចចិត្តសម្រុកចូលម្តងទៀតធ្វើឲ្យមានការប្រទូស្តរ៉ាយគ្នាទៅវិញទៅមក ហើយសមត្ថកិច្ចបានផ្ទុះអាវុធ(បាញ់ឡើងលើ)អស់ជាច្រើនគ្រាប់លាន់ដូចក្នុងសមរភូមិព្រមទាំងចាប់ប្រជាពលរដ្ឋជាច្រើននាក់ដើម្បីបញ្ចៀសអំពើហិង្សាកើតឡើងដោយវ៉ៃខ្នោះនិងចងស្លាបសេក ប៉ុន្តែគេ មិនដឹងថាអ្នកទាំងនោះត្រូវគេដោះលែងឬមួយយ៉ាងណាទេ។
សាក្សីបានឲ្យដឹងថា ក្រោយពីប្រជាពលរដ្ឋដកថយអស់ នៅរសៀលថ្ងៃដដែលកម្លាំងចម្រុះនិងសមត្ថកិច្ចជំនាញបានចាប់ ផ្តើមវាស់វែងកាយទំនប់ធ្វើជាព្រំដីលើដីទំនាស់នេះតាមប្លង់ដែលមានជូនទៅភាគីឈ្នះក្តី គឺលោក ឆាយ ណារិន មានទីលំនៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បន្ទាប់តុលាការកំពូលសម្រេចតម្កល់សាលដីការដ្ឋប្បវេណីរបស់សាលាឧទ្ធរណ៍ចាត់ទុកជាបានការ ដែលគេដឹងថា ជាតំណាងឲ្យឧកញ៉ា ស៊ីវ គង់ទ្រីវ និងប្រពន្ធឈ្មោះ ហុង ហ៊ួនហើយ អ្នកមានទ្រព្យទាំងពីរនាក់ប្តីប្រពន្ធនេះមិនហ៊ានចេញមុខ ក្រែងថ្នាក់លើដឹង ពីព្រោះដីនេះ ប្រជាពលរដ្ឋអះអាងថា សម្តេចតេជោ បានកាត់ពីឧទ្យានជាតិឲ្យប្រជាពលរដ្ឋ ហេតុអីយកប័ណ្ណស្លាបមាន់ប្តឹងយកឈ្នះប្រជាពលរដ្ឋ ហើយជាប័ណ្ណត្រូវបាននិរាករណ៍ហើយនោះ។
បញ្ហារឿងក្តីនេះ អាចជាចំណុចក្តៅមួយ ខណៈប្រជាពលរដ្ឋរងគ្រោះបាត់បង់ដីលំនៅឋាន ហើយអ្នកមានទ្រព្យឈ្នះក្តីទិញដីនេះមកពីណា ជំនាញផ្នែកណាចេញប័ណ្ណឲ្យ បើជាដីស្ថិតក្នុងដែនឧទ្យានជាតិ ពិសេសសម្តេចតេជោ ហ៊ុន សែន កាត់ឲ្យប្រជាពលរដ្ឋ មិនមែនប្រគល់ឲ្យបុគ្គលឧកញ៉ា ស៊ីវ គង់ទ្រីវ និងប្រពន្ធឈ្មោះ ហុង ហ៊ួន ជាកម្មសិទ្ធិផ្តាច់មុខនោះទេ ៕

...

ដោយ៖ ឆ្លាមសមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print