ផ្ទុះមីននៅស្រុកម៉ាឡៃកាលពីម្សិលមិញ សម្លាប់មនុស្សម្នាក់ និងរបួសម្នាក់

ចែករំលែក៖

ប៉ោយប៉ែត ៖ កម្មកររកស៊ីកាប់អុសធ្វើធ្យូងពីរនាក់ បានស្លាប់និងរបួស ដោយសារបើកគោយន្តខុសគន្លង ផ្លូវចាស់ជាន់មីន នៅគ្រាបើកត្រឡប់មកផ្ទះវិញ បណ្តាលផ្ទុះកក្រើកពេញព្រៃ នៅភូមិស្រឡៅជ្រុំ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃសុក្រ៤ រោច ខែ បុស្សឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនិងថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៩ ។

ជនរងគ្រោះ (ស្លាប់) ឈ្មោះ ឆាម ឆង ភេទប្រុស អាយុ៣២ឆ្នាំ និងអ្នករងរបួសមានឈ្មោះ តាម សុខ ភេទប្រុស អាយុ២៣ឆ្នាំ ។ អ្នកទាំង២រស់នៅក្នុងភូមិរស្មីសាមគ្គី សង្កាត់និមិត្ត​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

អធិការស្រុកម៉ាឡៃ លោក ប៊ន សំអាត បានឲ្យដឹងថា នៅមុនកើតហេតុ ពួកគេបើកគោយន្តកន្ត្រៃ ដើម្បីកាប់អុស យកមកដុតធ្យូងនៅក្នុងព្រៃ ។ លោកថា ក្រោយពីការកាប់អុសរួច អ្នកទាំង២នាក់ក៏បានបើកគោយន្តត្រឡប់មក ផ្ទះវិញ តែបើកមកដល់ពាក់កណ្តាលផ្លូវ ក៏ខុសគន្លងចាស់ ទើបបណ្ដាលឲ្យជាន់ម៉ីនតោនផ្ទុះស្លាប់ម្នាក់ និង​របួសម្នាក់ ។

លោកបញ្ជាក់ថា ក្រោយពីកើតហេតុ សមត្ថកិច្ចបានជួយអន្តរាគមន៍ដឹកជនរងគ្រោះទៅសង្គ្រោះនៅមនី្ទពេទ្យ បង្អែកមិត្តភាពកម្ពុជា- ជប៉ុនមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

បើតាមអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ទីតាំងភូមិសាស្ត្រក្នុងស្រុកម៉ាឡៃ នៅតែមានគ្រាប់យុត្តិភណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ទុកពីសម័យសង្គ្រាម ។​ ដូច្នេះគួរតែបងប្អូនរស់នៅភូមិសាស្ត្រក្នុងស្រុកម៉ាឡៃ ត្រូវប្រុងប្រយ័ត្នជានិច្ច ដើម្បីរក្សាជីវិតឲ្យបានគង់វង់ ៕ ដោយ ៖ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print