ភ្នំពេញ៖ ភាពយន្តបែបរន្ធត់ព្រឺព្រួចលាយកំប្លែងរបស់ផលិតកម្ម LD Picture ដែលរួមសម្តែងដោយតារាចម្រៀង និងតារាសម្តែងប្រុសស្រីល្បីឈ្មោះនោះត្រៀមប្រកាសចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី០៧ខែកុម្ភៈឆ្នាំ២០១៩នេះហើយ។ ការប្រកាសត្រៀមចាក់បញ្ចាំងនេះគឺបន្ទាប់ពីចេញផលិតអស់ជាច្រើនខែ និងក្រោយពីការទន្ទឹងរងចាំរបស់អ្នកគាំទ្រកន្លងមក។
តារាចម្រៀងប្រុសល្បីឈ្មោះ លោក គូម៉ា បានក្លាយជាតួឯកប្រុសក្នុងរឿង”អង្រឹង”ដែលផលិតករបានបញ្ជាក់ថាជាភាពយន្តដែលសម្រិតសម្រាំងក្នុងការផលិត និងឆ្លងកាត់ការលំបាកជាច្រើន ខណៈដែលតារាសម្តែងស្រីកញ្ញា សួង ស៊ីធឿនចាប់បានតំណែងតួឯកក្នុងភាពយន្តនេះនិងជាប់ឈ្មោះជាតួស្រីដែលសម្តែងសមក្នុងភាពយន្តបែបខ្មោច និងភ័យរន្ធត់នោះផងដែរ។
តារាសម្តែងស្រីល្បីឈ្មោះជាច្រើនឆ្នាំ អ្នកនាងស្វែង សុជាតាក៏នឹងក្លាយជាតួអង្គលេចធ្លោរមួយក្នុងភាពយន្តនេះក្នុងតួជាម្តាយ និងជាតួអង្គខ្មោចដ៏គួរឲ្យខ្លាច។ អ្នកនាងបញ្ជាក់ថាមានឈុតមួយដែលធ្វើឲ្យនាង និងក្រុមការងារលំបាកជាខ្លាំងគឺត្រង់ឈុតឆាកនាងស្លាប់ហើយត្រូវបានគេសែងយកទៅកប់ក្នុងព្រៃ ក្រោមដំណក់ទឹកភ្លៀង។ នាងបញ្ជាក់ថា ដោយសារតែជាភាពយន្តបែបរន្ធត់នាង សិល្បករ និងក្រុមការងារត្រូវចំណាយពេលថតភាគច្រើនក្នុងប្លង់ពេលយប់ដែលពេលខ្លះត្រូវចំណាយពេលថតនៅក្នុងព្រៃជ្រៅរហូតដល់ម៉ោង៤ឬ៥ទាបភ្លឺ។ ទោះជាយ៉ាងណាការផលិតប្រកបដោយជោគជ័យក្រោមការសហការយ៉ាងល្អរវាងតារាសម្តែង និងក្រុមការងារផលិតកម្ម។ អ្នកនាងលើកឡើងដែរថា ជាស្នាដៃថ្មីដែលនាងរំពឹងថានឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជនព្រោះតែជាភាពយន្តដែលប្រមូលផ្តុំដោយសិល្បករប្រុសស្រីល្បីឈ្មោះ និងក្រោមការផលិតរបស់ផលិតកម្មដែលធ្លាប់មានឈ្មោះបោះសំឡេង និងទទួលបានជោគជ័យក្នុងការផលិតភាពយន្តមានគុណភាពជាច្រើនបន្តបន្ទាប់។
គួរបញ្ជាក់ដែរថាភាពយន្តបែបភ័យរន្ធត់ និងកំប្លែងរឿង”អង្រឹង”របស់ផលិតកម្ម LD Picture ត្រូវបានរៀបចំពិធីក្រុងពាលីចេញថតចាប់តាំងពីក្នុងអំឡុងពាក់កណ្តាលខែកញ្ញាដំណាលគ្នានឹងភាពយន្តខ្នាតធំ២ផ្សេងទៀតរបស់ផលិតកម្មនេះគឺរឿង “ជួបស៊យវគ្គ២និងរឿង”ប្រមាញ់ប្ដី”៕
ដោយ វឌ្ឍនា