ខេត្តបាត់ដំបង៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ខេត្តបាត់ដំបងបានចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែង ឃាត់ខ្លួនអ្នកលេងចំនួន១២នាក់ ឲ្យអង្គុយស្ងៀមកុំកម្រើកនៅក្នុងសង្វៀនជល់មាន់ដូចមាន់ជល់ និងរឹបអូសវត្ថុតាងសង្វៀនកៅស៊ូ១ មាន់ឈ្មោល២ក្បាល និងម៉ូតូ១៦គ្រឿង ។
ការបង្ក្រាបទីតាំងជល់មាន់មួយកន្លែងនេះបានប្រព្រឹត្តទៅ កាលពីរសៀល ថ្ងៃសៅរ៍ ៦ រោច ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ នៅវាលស្រែក្រោមដើមឈើមួយដើមត្រង់ចំណុចក្នុងភូមិរការ ឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលក្រុមនិយមលេងភ្នាល់មាន់ជល់បង្កើតឡើងដោយលួចលាក់យូរមកហើយ ។
មន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ខេត្តបាត់ដំបង បានឲ្យដឹងថាអ្នកលេងមាន់ជល់ដែលសមត្ថកិច្ចឃាត់ខ្លួនទាំង១២នាក់សុទ្ធតែបុរស និងវត្ថុតាងនេះ ត្រូវបាននាំយកមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួររួចកសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាងទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ៕
ដោយ៖ សហការី