ខេត្តពោធិ៍សាត់៖ ជនសង្ស័យម្នាក់ត្រូវបានម្ចាស់រថយន្តផ្ទុកគ្រឿងសំណង់ ប្រជាការពារភូមិ និងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលដេញចាប់បានដាក់ខ្នោះដៃ បន្ទាប់ពីជនសង្ស័យខាងលើនេះធ្វើកម្មភាពលួចរថយន្ត ដែលចតស្ងៀមនៅមុខផ្ទះជាប់ផ្លូវជាតិលេខ៥។
ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៧ និង១៥នាទី យប់ថ្ងៃអាទិត្យ ៧រោច ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្ទះម្ចាស់រថយន្តជាប់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្របីស ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ឯក ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ជនសង្ស័យឈ្មោះ នួន ពិសី ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិវិហារខ្ពស់ សង្កាត់.ក្រុងសួង ខេត្តត្បូងឃ្មុំ ជនសង្ស័យ(នួន ពិសី)មានប័នបើកបររថយន្តផ្ទាល់ខ្លួន ១សន្លឹក។
លោក អធិការនគរបាលស្រុកបន្តថា ជនសង្ស័យបានធ្វើសកម្មភាពលួចរថយន្ត ១គ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៏ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2A 8860 មានផ្ទុកទំនិញគ្រឿងសំណង់ ជាកម្មសិទ្ធរបស់ឈ្មោះ ឈិន ហុក ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិ.ឃុំកើតហេតុខាងលើ រថយន្តដឹកទំនិញត្រូវបានជនសង្ស័យធ្វើសកម្មលួចបានសម្រេច នៅគ្រាដែលម្ចាស់ចត់ទុកនៅមុខផ្ទះ ប៉ុន្តែត្រូវម្ចាស់រថយន្តដឹងភ្លាមៗ ហើយក៍បានសហការល្អជាមួយប្រជាការពារភូមិ និងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋត្នោតជុំ ធ្វើឲ្យជនសង្ស័យបើកបានចម្ងាយប្រមាណ ២គីឡូម៉ែត្រប៉ុណ្ណោះ ដេញចាប់បានទាំងវត្ថុតាងទាំងជនសង្ស័យ។
លោក បន្តទៀតថា ជនសង្ស័យចោរលួចរថយន្តដឹកទំនិញខាងលើ បាននាំយកមកអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជាលោកព្រះរាជអាជ្ញាសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបន្តនីតិវិធី ចំណែកវត្ថុតាងរថយន្តមានផ្ទុកទំនិញគ្រឿងសំណង់ រក្សាទុកជាបណ្ដោះអាសន្ននៅប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរសណ្ដាន់៕
ដោយ៖ បុឹម ពិន