ប្រទេសវេណេហ្ស៊ុយអេឡា៖ មេបក្សប្រឆាំងតាំងខ្លួនជាប្រធានាធិបតីថ្មី ដោយទទួលបានការគាំទ្រ ពីអាមេរិក និងអឺរ៉ុប ប៉ុន្តែប្រធានាធិបតីចាស់ លោកម៉ាឌូរ៉ូវិញទទួលបានការគាំទ្រយ៉ាងខ្លាំងពី កម្លាំងទាហាន តុលាការកំពូល និងបណ្តាប្រទេសមហាអំណាចបរមាណូផ្សេងទៀត មានរុស្ស៊ី ចិន និងកូរ៉េខាងជើងជាដើម។
ប្រធានាធិបតីម៉ាឌូរ៉ូ ដឹកនាំប្រទេសតាំងពីឆ្នាំ២០១៣ មកទល់ពេលនេះ ដោយលោកទទួលបានការគាំទ្រយ៉ាងខ្លាំង ពីមេបញ្ជាការកងទ័ពទាំងអស់នៅក្នុងប្រទេស ។ កម្លាំងទាហានបានចាត់ទុកសកម្មភាពរបស់ក្រុមប្រឆាំងគឺជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ។ ក្នុងចំណោមរដ្ឋមន្ត្រី ទាំង៣២រូបនៅក្នុងជួរដ្ឋាភិបាល គឺមាន៩រូបមកពីកម្លាំងយោធា ហើយគ្រប់គ្រងស្ថាប័នសំខាន់ៗនៅក្នុងប្រទេស ក្នុងនោះមានដូចជា ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ឧស្សាហកម្ម ប្រេងកាត បណ្តាញផ្សព្វផ្សាយ ព្រមទាំងធនាគាផងដែរ។
ចំណុចទាំងនោះហើយ ទើបលោកម៉ាឌូរ៉ូមានកម្លាំងរឹងមាំក្នុងការទប់ទល់ជាមួយក្រុមប្រឆាំង ដែលលោកខាងលិចគាំទ្រ ។ កន្លងមកថ្មីៗនេះប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ កំពុងតែអំពាវនាវឲ្យមានសាមគ្គីភាព និងសហប្រតិបត្តិការសង្គមនិយម ជាមួយលោកប្រធានាធិបតី វេណេហ្ស៊ូអេឡា នីកូឡាស ម៉ាឌូរ៉ូ ស្របពេលដែលប្រទេសនានា ដូចជាចិននិងរុស្ស៊ីជាដើម កំពុងគាំទ្រដល់របបនោះ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយនៅលើ គេហទំព័រក្រសួងការបរទេស កាលពីថ្ងៃចន្ទ ប្រទេសកូរ៉េខាងជើង បាននិយាយថា ខ្លួននឹងពង្រីកចំណងមិត្តភាព ជាមួយទីក្រុងការ៉ាកាស តាមរយៈបណ្ដាញការទូត បើទោះជាមានសំណើពី ប្រជាពលរដ្ឋវេណេហ្ស៊ូអេឡា សុំឲ្យលោក ម៉ាឌូរ៉ូ ចុះចេញពីតំណែងក៏ដោយ ។
បើទោះបីអាមេរិក និងលោកខាងលិចបានគាំទ្រមេបក្សប្រឆាំងថាជាប្រធានាធិបតីបណ្តោះអាសន្ននៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ប៉ុន្តែ ក្រុមប្រឆាំង ពិបាកយកឈ្នះទៅលើរដ្ឋាភិបាលរបស់ប្រធានាធិបតីម៉ាឌូរ៉ូ ដោយមានប្រទេសជាច្រើនទៀតគាំទ្រផងដែរ ក្នុងនោះមានរុស្ស៊ី ចិនជាដើម។
ជាមួយគ្នានេះ តុលាការ កំពូលរបស់វេណេហ្ស៊ុយអេឡា បានចេញសេចក្តីប្រកាសហាមមេបក្សប្រឆាំងចេញទៅបរទេសស្វែងរកជំនួយ ។ មិនតែប៉ុណ្ណោះតុលាការក៏បានបញ្ជាឲ្យបង្កក់ប្រាក់នៅក្នុងធនាគារទាំងអស់របស់មេបក្សប្រឆាំង ។ សកម្មភាពទាំងនោះគឺជាការចងជើង ដល់ក្រុមប្រឆាំង មិនអាចបន្តសកម្មភាព ប្រឆាំងរដ្ឋាភីបាលបានយូរអង្វែងនោះឡើយ។
សារព័ត៌មានBBC នៅថ្ងៃទី៣០ខែមករាបានផ្សាយថា តុលាការកំពូលវេណេស៊ុយអេឡា បានចេញបម្រាមហាមឃាត់មេដឹកនាំបក្សប្រឆាំង លោក Juan Guaidó ចេញពី ប្រទេស និងបង្កក់គណនីធនាគាររបស់លោកទាំងអស់ បើទោះជាមានការព្រមានពីសហរដ្ឋអាមេរិកក៏ដោយ។
សកម្មភាពខាងលើរបស់តុលាការកំពូល ជាការបង្ហាញនូវភាពស្មោះស្ម័គ្រនឹងលោកម៉ាឌូរ៉ូ ធ្វើឡើងនៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) បន្ទាប់ពីអគ្គរដ្ឋអាជ្ញាវេណេស៊ុយអេឡា លោក Tarek William Saab បានដាក់សំណើមួយឱ្យចាត់វិធានការប្រឆាំងនឹងលោក Guaidó។ ប្រធានតុលាការកំពូល លោក Maikel Moreno បានបញ្ជាក់ដូច្នេះថា៖ «មេដឹកនាំបក្សប្រឆាំងត្រូវជាប់បម្រាមចាកចេញពីប្រទេស រហូតដល់ការស៊ើបអង្កេតត្រូវបញ្ចប់ទាំងស្រុង ជុំវិញសកម្មភាពរបស់លោកដែលកំពុងបំផ្លាញសន្តិភាពនៅក្នុងប្រទេសវេណេស៊ុយអេឡា»។
ក្រោយពេលមានការប៉ុនប៉ងធ្វើរដ្ឋប្រហារ ពីក្រុមប្រឆាំង ដោយកន្លងមក មេដឹកនាំបក្សប្រឆាំងបានប្រកាសតាំងខ្លួនជាប្រធានាធិបីនៅក្នុងប្រទេសនេះ និងអំពាវនាវដល់កម្លាំងទាហានឈប់គាំទ្រ ប្រធានាធិបតីម៉ាឌូរ៉ូ ធ្វើឲ្យស្ថានភាពកាន់តែតានតឹង ពិសេសក្រោយពេលដែលអាមេរិក និងលោកខាងលិច ប្រកាសទទួលស្គាល់មេបក្សប្រឆាំងថាជាប្រធានាធិបតីស្របច្បាប់នៅវេណេហ្ស៊ុយអេឡា។
សកម្មភាពរបស់ក្រុមប្រឆាំងអាចជម្រុញឲ្យមានសង្គ្រាមស៊ីវិល កើតឡើងដោយអាមេរិកអាចនិងលូកដៃ បញ្ជូនកម្លាំងទាហានមកការពារក្រុមប្រឆាំង ។ ចំណុចទាំងនោះហើយទើប ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោកម៉ាឌូរ៉ូបានប្រកាស ពង្រីកកម្លាំងទាហានដល់ទៅ២លាននាក់ សម្រាប់ទប់ទល់ស្ថានការណ៍ បញ្ជៀសដានជើង នៅក្នុងប្រទេសស៊ីរី។
មេដឹកនាំវេណេហ្ស៊ុយអេឡា Nicolas Maduro បានបញ្ជាក់អំពីផែនការពង្រីកកងជីវពលការពារជាតិដើម្បីឆ្លើយតប ចំពោះស្ថានការតានតឹង ជាមួយអាមេរិក ។ លោក Maduro បាននិយាយនៅមុនពេលប្រមូលផ្តុំកងទ័ព កាលពីថ្ងៃអង្គារថា លោកមានគម្រោងពង្រីកកងជីវពល បំពាក់អាវុធដល់ជនស៊ីវិល២លាននាក់ នៅពាក់កណ្តាលខែមេសាឆ្នាំនេះ ។
កងទ័ពបម្រុងនេះ គឺបង្កើតឡើងដោយ អតីតមេដឹកនាំ Hugo Chavez ដែលហ្វឹកហ្វឺនជនស៊ីវិលដើម្បីជួយដល់ កងកម្លាំងប្រដាប់អាវុធ និងការពារបដិវត្តិន៍សង្គមនិយមពីការវាយប្រហារ។
ការប្រកាសនេះ ខណៈទំនាក់ទំនងជាមួយអាមេរិក កំពុងតែមានអរិយភាពយ៉ាងខ្លាំង ។ អាមេរិកដកសេចក្តីទទួលស្គាល់ពីរដ្ឋាភិបាលលោក Maduro ថាជារដ្ឋាភិបាលស្របច្បាប់ ។ អ្នកវិភាគជឿថា ការធ្វើអន្តរាគមន៍យោធារបស់អាមេរិកនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ទំនងជាមិនអាចទៅរួចនោះទេ ប៉ុន្តែប្រធានាធិបតីដូណាល់ ត្រាំ ថ្លែងថា «ជម្រើសទាំងអស់មាននៅលើតុរួចជាស្រេច»។
រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិអាមេរិក Pat Shanahan កាលពីថ្ងៃអង្គារ មិនបានបញ្ជាឲ្យបញ្ជូនកម្លាំងទាហានអាមេរិកទៅកាន់កូឡុំប៊ី ឬតំបន់ដែលកំពុងមានភាពចលាចលនយោបាយនោះឡើយ ។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក John Bolton ថ្លែងកាលពីថ្ងៃអង្គារថា នឹងមានផលវិបាកធ្ងន់ធ្ងរ ចំពោះអ្នកទាំងឡាយណា មានបំណងគំរាមកំហែងដល់មេដឹកនាំប្រឆាំងវេណេហ្ស៊ុយអេឡា Juan Guaido ។
លោក Bolton បានថ្កោលទោសចំពោះអ្វីដែលគាត់ហៅថា «គំរាមកំហែង» ចំពោះលោក Guaido ពីសំណាក់ប្រមុខរដ្ឋអាជ្ញាវេណេហ្ស៊ុយអេឡាថ្មីៗនេះ ។ លោកបញ្ជាក់ថា អ្នកទាំងឡាយណា ដែលព្យាយាមធ្វើឲ្យរបបលទ្ធិប្រជាធិបតេយ្យសាបសូន្យ ឬធ្វើឲ្យគ្រោះថ្នាក់ដល់ លោក Guaido នោះ នឹងប្រឈមមុខនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ ។
អាមេរិក និងប្រទេសច្រើនផ្សេងទៀតទទួលស្គាល់ប្រធានរដ្ឋសភាវេណេហ្ស៊ុយអេឡា ដែលជាមេដឹកនាំគណបក្សប្រឆាំង ធ្វើជាប្រធានាធិបតីស្តីទី ហើយចំអកឡកឡឺយដល់ការបោះឆ្នោតជ្រើសរើសមេដឹកនាំ Nicolas Maduro កាលពីឆ្នាំមុននោះថា ជារឿងគួរឲ្យខ្មាស់អៀន ៕
ដោយ៖ មែវ សាធី