ប្រទេសថៃ៖ ក្រុមហ៊ុនអាកាសចរណ៍ Scoot ដែលមានជើងហោះហើរពីប្រទេសថៃទៅកាន់ប្រទេសសឹង្ហបុរីត្រូវបង្ខំចិត្តវិលត្រឡប់មកចុះចតនៅថៃវិញក្រោយ ក្រុមអាកាសយានិកបានប្រទះឃើញកាបូបមួយ ដោយសួររកម្ចាស់មិនឃើញ ។ ដោយបារម្ភពីសុវត្ថិភាពអ្នកដំណើរ ខ្លាចនៅក្នុងកាបូបនោះមានជាតិពុល ឬក៏ផ្ទុកគ្រាប់បែក អាកាសយានិកសម្រេច បញ្ជាយន្តហោះវិលត្រឡប់មកចុះចតនៅកន្លែងដើមវិញ ។
ហេតុការណ៍ខាងលើកើតឡើងនៅថ្ងៃទី ៣០ខែមករា នៅលើជើងហោះហើរ Scoot TR607 បានចុះចតនៅអាកាសយានដ្ឋានសុវណ្ណភូមិ ប្រទេសថៃ ដោយជោគជ័យកាលពីម៉ោង២និង១០នាទីរសៀល ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអាកាសចរណ៍ Scoot និយាយថា ការស៊ើបអង្កេតឃើញថា មុនពេលចេញដំណើរ ភ្នាក់ងារអាកាសចរណ៍បានរកឃើញកាបូបមួយនៅបន្ទប់ច្រកទ្វារ ហើយបានយកវាទៅឲ្យរក្សាទុក ដោយចាត់ទុកថា ជារបស់អ្នកដំណើរម្នាក់ ក្នុងយន្តហោះ TR607នេះហើយ ។ Scoot បន្តថា នោះគឺជាកំហុសរបស់យើងដែលទទួលយកកាបូបនោះ ដោយមិនបានត្រួតពិនិត្យអំពីបញ្ហាសន្តិសុខ ឬថា ជារបស់នរណា ។ អាកាសយានិកក៏មិនបានដឹងអំពីបញ្ហានេះ រហូតទាល់តែជើងហោះហើរចេញដំណើររួចហើយ ទើបបានដឹងដំណឹងនេះ ក៏បង្ខំចិត្តវិលត្រឡប់យន្តហោះត្រឡប់ក្រោយវិញមកកាន់ទីក្រុងបាងកក ។
អ្នកដំណើរត្រូវបានជម្លៀសភ្លាមៗ ហើយកងកម្លាំងសន្តិសុខក៏ចាប់ផ្តើមត្រួតពិនិត្យ និងបានយកកាបូបសង្ស័យនេះចេញពីយន្តហោះ ដោយពុំមានគ្រោះថ្នាក់អ្វីនោះទេ។ រហូតដល់វេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃដដែល យន្តហោះ Scoot TR607 នេះក៏បន្តដំណើរហោះហើរចាកចេញពីទីក្រុងបាងកក ដោយប្រតិបត្តិការអាកាសនានិកថ្មី ៕
ដោយ៖ មែវ សាធី