ខេត្តឧត្តរមានជ័យ: ដូចឃើញក្នុងរូបភាពនេះ មីងៗនិងនាងៗ កាន់សន្លឹកបៀ និងនាំគ្នាញញឹមស្រស់ណាស់ បើទោះបីពួកគាត់ដឹងថា ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទលេងល្បែងស៊ីសង ភ្លេចធ្វើបាយទឹកឲ្យប្តីនិងកូនហូបក៏ដោយ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ដឹកនាំដោយលោកអនុសេនីយ៍ឯក រ័ត្ន សំបូរ នាយផ្នែកព្រហ្មទណ្ឌ បានចុះបង្ក្រាបល្បែងស៊ីសងមួយកន្លែង ស្ថិតនៅក្នុងភូមិទួលពង្រ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យដោយឃាត់ខ្លួនមនុស្សស្រីចំនួន៣នាក់ញៀនល្បែងបៀ រួមជាមួយវត្ថុតាងបៀចំនួន១២ហ៊ូ ដើម្បីយកមកធ្វើការអប់រំ ឯមនុស្សមួយចំនួនទៀតរត់គេចខ្លួនអស់ ។
មន្រី្តនគរបាលស្រុកត្រពាំងប្រាសាទបានឲ្យដឹងថា ស្រ្តី៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននេះ ទី១.ឈ្មោះ ផុន ស្រីម៉ុម ភេទ ស្រី អាយុ ២៨ឆ្នាំ ទីលំនៅ ភូមិសែនសុខ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទទី២.ឈ្មោះ ឆេង ស្រីម៉ៅ អាយុ ៣២ឆ្នាំ ទីលំនៅ ភូមិទួលពង្រ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ និងទី៣.ឈ្មោះ ហេង សុខណា ភេទ ស្រី អាយុ ៣៧ឆ្នាំ ទីលំនៅភូមិជ័យនិវត្តន៍ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ។រីឯវត្ថុតាងប្រមូលបានរួមមាន ម៉ូតូចំនួន ០៣ គ្រឿង ទូរស័ព្ទដៃចំនួន ០២ គ្រឿង បៀនីឡុងចំនួន ១២ ហ៊ូ ។
ប្រភពដដែលបានឲ្យដឹងទៀតថា ករណីខាងលើនេះជំនាញផ្នែកព្រហ្មទណ្ឌ បានធ្វើការអប់រំ និងឲ្យចុះកិច្ចសន្យាដល់ស្រ្តី៣នាក់នេះឲ្យឈប់ប្រព្រឹត្តទៅថ្ងៃក្រោយទៀតហើយបានប្រគល់ ម៉ូតូ និងទូរស័ព្ទដៃទៅម្ចាស់ដើមវិញ និងបានឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញធ្វើបាយម្ហូបជូនប្តីនិងកូនហូបធម្មតា ៕