ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ម៉ុង មុនីសោភា នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ស្អែកនេះ នឹងបន្តការសាកសួរលោក គង់ ម៉ាស់ អតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធករណីប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល តាមបញ្ជារបស់លោក សម រង្ស៊ី ។ នេះបេីយោងតាមដីកាកោះអញ្ជើញមេធាវីចូលរួមការសាកសួរ ។
លោក សំ សុគង់ ថ្លែងថា តុលាការនឹងបន្តសាកសួរបន្ថែម លេីសំណុំរឿងនេះ ដោយលោកបន្ថែមទៀតថា លោកបានដាក់ពាក្យឱ្យកូនក្តីនៅក្រៅឃុំបណ្តោះអាសន្នហើយ តែចៅក្រមស៊ើបសួរ ពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ។
សូមបញ្ជាក់ថា លោក គង់ ម៉ាស់ ត្រូវបានឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី២០ ខែមករា ក្រោមការចោទប្រកាន់ពីបទ”ប្រមាថនិងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍”ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែមេសា ដល់ខែតុលា ឆ្នាំ២០១៨ ៕ ចេស្តា