ខេត្តកែប ៖ ស្នូរគ្រាប់កាំភ្លើងមួយគ្រាប់បានធ្វើឲ្យមន្ត្រីនគរបាលខេត្តកែបម្នាក់ស្លាប់នៅក្នុងថ្លុកឈាម ដោយមិន ដឹងមូលហេតុ ខណៈប្រភពព័ត៌មានថា បាញ់សម្លាប់ខ្លួនឯង ។ ហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុង-ខេត្តកែប ។
យោងតាមការពិនិត្យរបស់សមត្ថកិច្ចជំនាញឱ្យដឹងថា ជនរងគ្រោះឈ្មោះឌៀប មៀន ភេទប្រុស អាយុ៤៩ឆ្នាំ ជាមន្ត្រីនគរបាលខេត្តកែប មានទីលំនៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត ។
មិនមានប្រភព័ត៌មានបញ្ជាក់ឲ្យដឹងនៅមុនពេលជនរងគ្រោះស្លាប់ផ្តើមឡើងពីមូលហេតុអ្វីនោះទេ ។ ប៉ុន្តែតាមការ ឲ្យដឹងពីមន្ត្រីនគរបាលដែលប្រចាំការជាមួយគ្នាថា នៅយប់ថ្ងៃកើតហេតុបានឮស្នូរអាវុធផ្ទុះឡើងត្រង់ចំណុចព្រះរាជដំណាក់ ស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប នៅពេលនោះក៏នាំគ្នាចុះទៅពិនិត្យ ស្រាប់តែឃើញនគរបាលរូបនេះដេកស្លាប់ ក្នុងថ្លុកឈាម ជាមួយកាំភ្លើងអាកាមួយដើមនៅក្បែរនោះ ។
យោងតាមមន្ត្រីជំនាញដែលបានចុះធ្វើកោសលវិច័យសពឃើញថា ជនរងគ្រោះពិតជាធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនឯងពិតប្រាកដមែន ដោយបាញ់ចំបំពង់ក ហើយចុងគ្រាប់កាំភ្លើងធ្លុះទៅផ្នែកខាងក្រោយ ។
ក្រោយពីធ្វើកោសល្យវិច្ច័យសពខាងលើ បានប្រគល់ឱ្យសាច់ញាតិ និងជួយចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណីហើយ ។ តាមការបញ្ជាក់ពីគ្រួសារជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះខាងលើផឹកស្រាជាប្រចាំ និងមានជំងឺប្រចាំកាយ ៕ ដោយ ៖ ជាយក្រុង