ភ្នំពេញ៖ ក្រុមអ្នកចែកចាយនិងប្រើប្រាស់គ្រឿងញៀនចំនួន៥០នាក់រួមនិងថ្នាំញៀនចំនួន៤៨០កញ្ចប់ដែលមន្ត្រីប៉ូលិសប្រឆាំងបទល្មើសគ្រឿងញៀនរបស់ស្នងការដ្ឋានរាជធានីភ្នំពេញបានសហការជាមួយនិងអធិការនគរបាលខណ្ឌនិងអាជ្ញាធរខណ្ឌទាំង១២ដោយប្រើរយះពេលតែ២ថ្ងៃប៉ុណ្ណោះត្រូវបានបង្ហាញមុខ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន សមត្ថកិច្ចបានអះអាងថា យុទ្ឋនាការបង្ក្រាបគ្រឿងញៀនទូទាំងរាជធានីភ្នំពេញក្នុងរយៈពេល២ថ្ងៃនេះបានចាប់ខ្លួនជនពាក់ព័ន្ឋចំនួន៥០នាក់ និងដកហូតបានថ្នាំញៀនចំនួន៤៨០កញ្ចប់តូចៗ រួមទាំង រឹបអូសបានឧបករណ៍ប្រើប្រាស់មួយចំនួនធំ និងអាវុធដាវ កាំបិត ចំនួន៧ដើមផង ។
ការបង្ហាញមុខក្រុមទាំងនោះបានធ្វើឡើងកាលពីរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៥ នៅអធិការដ្ឋានខណ្ឌសែនសុខ។ នៅក្នុងសន្និសីទសារពត៌មានមួយ ដែលរៀបចំឡើងដោយ លោក វរ សេនីយ៍ឯក ប៊ន សំអាត ស្នងការរងនគរបាល រាជធានីភ្នំពេញ ទទួលបន្ទុកផ្នែកបង្ក្រាបបទល្មើសគ្រឿងញៀន និង លោក វរ សេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាល ខណ្ឌសែនសុខ និង លោក សក់ កញ្ញារិទ្ឋ អភិបាលរងខណ្ឌ
សែនសុខ ជាតំណាង របស់លោក លី សាវេត អភិបាលខណ្ឌសែនសុខ ជាអ្នក ជួយឧបត្ថម្ភថវិកា ដល់កងកម្លាំងពេលដែលក្នុងប្រត្តិបត្រការចុះបង្ក្រប ។
លោក ស្នងការរងបានមានប្រសាសន៍ថា ក្នុងចំណោមជនពាក់ព័ន្ឋដែលត្រូវបានចាប់ខ្លួនទាំង៥០នាក់នោះ មានពាក់កណ្តាលជាប់ពាក់ព័ន្ឋប្រើប្រាស់ និងពាក់កណ្តាលទៀតពាក់ព័ន្ឋការជួញដូរ ចែកចាយ ហើយក្នុងចំណោម៥០នាក់នេះដែរ មាន២៩នាក់ត្រូវបានចាប់ខ្លួននៅ មុខពេទ្យលោកសង្ឃ ក្នុងភូមិត្រពាំងឈូកសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
លោក ស្នងការបានសន្យាថា លោកនឹងដឹកនាំកម្លាំង ចុះឆ្នក់បង្ក្រាបគ្រឿងញៀននៅម្តុំមុខពេទ្យលោកសង្ឃដែលល្បីល្បាញជាងគេនោះ ក្នុង១សប្តាហ៍អោយបាន២ដង ដើម្បីបំបែកសំបុកគ្រឿងញៀននៅទីនោះ ។ លោកបន្តថា ប្រជាជនបានសប្បាយចិត្តនៅពេល កម្លាំងរបស់លោកសហការ ជាមួយលោក ម៉ក ហុង អធិការនគរបាលខណ្ឌសែនសុខ និងមានការសហការពិសេស ពី លោក លី សាវេត អភិបាលខណ្ឌសែនសុខ ផងដែលតែងតែឧបត្ថម្ភ ដល់កងកម្លាំងនគរបាល គ្រប់ពេលបង្ក្រាបម្តងៗ លោកតែងឧបត្ថម្ភ ចំនួន២លានរ រៀល ដែលជាជំរុញទឹកចិត្តដល់កងកម្លាំង អោយបំពេញការងារកាន់តែល្អប្រសើរ ៕
ដោយ៖ តុង សីហា