ភ្នំពេញ៖ លោកស្រី ម៉ែន សំអន. ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្ដេចអគ្គមហាសេនា បតីតេជោហ៊ន សែន បានជំរុញឲ្យ ស្ថាបន័ ពាក់ពន្ធ័ ទាំងអស់ ត្រូវបន្ដ យកចិត្ដទុកដាក់ផ្ដល់ការលើកទឹកចិត្ដ ដល់ជនពិការ ឲ្យចូលរួម អនុវត្ដការងារសង្គម លើគ្រប់វិស័យ មិនតែប៉ុណ្ណោះ នៅគ្រប់ស្ថាប័នរដ្ឋ ឯកជន ក៏ដូចអង្គការសង្គមស៊ីវិល និងប្រជា ពលរដ្ឋទូទៅទាំងអស់ ក៍ត្រូវចូលរួមលើកកម្ពស់ជនពិការ ដោយជួយបង្កភាពងាយស្រួលដល់ពួកគាត់។ លោកស្រី ម៉ែន សំអន បានធ្វើការជំរុញ ដល់គ្រប់ស្ថាប័ន បែបនេះ ក្នុងខណៈដែលលោកស្រីចូលរួមផ្ដល់ការលើកទឹកចិត្ដ ក្នុងទិវាជនពិការកម្ពុជាលើកទី ១៧ និងទិវាជនពិការអន្តរជាតិលើកទី ៣៣ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៥ នាវិទ្យាស្ថានជាតិអប់រំ។
លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា ៖ ថ្វីត្បិតតែកម្ពុជាសម្រេចបាននូវ សមិទ្ធផលយ៉ាងធំធេង លើវិស័យសុខមាលភាព ជនពិការយ៉ាងណាក៏ដោយ ក៏បងប្អូនជនពិការ នៅមានឧបសគ្គជាច្រើនទៀត ដែលត្រូវយកចិត្តទុកដាក់ ដោះស្រាយបញ្ហា ប្រឈមទាំងនោះ ដូចជាបញ្ហាផ្នែកបរិស្ថានរូបវ័ន្ត និងបញ្ហាផ្នែកទំនាក់ ទំនង សង្គម និងការងារ ។
លោកស្រី ម៉ែន សំអន បានបន្តថា ៖ ដើម្បីបន្តជំរុញដល់ការអភិវឌ្ឍ លើវិស័យជនពិការ ឲ្យបានខ្លាំងក្លាបន្ថែមទៀត នោះ ក្នុងនាមសម្តេចតេជោ លោក ជំទាវ ក៍សូមអំពាវនាវ ដូចជា
- គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំបង្កលក្ខណៈ ងាយស្រួលចេញ-ចូល នៅទីសាធារណៈ សម្រាប់ជនពិការគ្រប់ប្រភេទេ
- ត្រូវបង្កើនការយកចិត្តទុកដាក់ គិតគូអំពីផលប្រយោជន៍ និងការលើកតម្កើងជីវភាព រស់នៅ
- ក្រសួង ស្ថាប័ន ត្រូវលើកទឹកចិត្តជនពិការដែលមានលក្ខណៈសម្បត្តិ និងសមត្ថ`ភាពឲ្យមានសិទ្ធិ ចូលបម្រើការងារដោយគ្មានការរើសអើង
- ត្រូវបន្តលើកទឹកចិត្តឲ្យមានការចូលរួមពីផ្នែកឯកជន
- ក្រុមប្រឹក្សាជនពិការ ត្រូវជំរុញការអនុវត្ត ផែនការយុទ្ធសាស្ត្រជាតិ ស្តីពី ពិការភាពរយៈពេល ៥ឆ្នាំ (២០១៤-២០១៨)
- ក្រុមប្រឹក្សាជនពិការ ត្រូវជំរុញក្រសួង ស្ថាប័នបង្កើតការងារសម្រាប់ជនពិការ
- គ្រប់ស្ថានីយទូរទស្សន៍ និងវិទ្យុរបស់រដ្ឋ និងឯកជន ព្រមភ្នាក់ងារសារព័ត៌មាន សូមបន្តជួយផ្សព្វផ្សាយ ឲ្យបានទូលំទូលាយនូវការយកចិត្តទុកដាក់ និងលើកស្ទួយសុខមាលភាពជនពិការ។
លោក វង សូត រដ្ឋមន្ដ្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ថា៖ ជនពិការរងគ្រោះដោយសារសង្គ្រាម ជនពិការដោយសារគ្រោះថ្នាក់ចរាចរ ជនពិការពីកំណើត និង ដោយសារជំងឺ ផ្សេងៗ នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្នមានប្រមាណ ៥០ម៉ឺននាក់។ ដើម្បីបំបាត់នូវឧបស័គ្គរបស់ជនពិការ និងលើកកម្ពស់សិទ្ធិ របស់ជនពិការរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាសកម្មភាពជនពិការ បានធ្វើសកម្មភាពជាច្រើន បង្កើនការយកចិត្តទុកដាក់ពី ក្រសួង មន្ទីរ ស្ថាប័នទាំងរដ្ឋ និង ឯកជន។
ដើម្បីបង្ហាញពីការលើកកម្ពស់សិទ្ធិរបស់ជនពិការនៅថ្ងៃទី១០ ខែធ្នូ នេះ ក្រសួង សហការជាមួយអង្គការនានា ពាក់ពន្ធ័ រួមជាមួយ និងសហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំកម្មវិធីរត់ម៉ារ៉ាតុងជនពិការ កម្ពុជា ដើម្បីជាការផ្ញើជូនសាធារណជនឲ្យ ចូលរួមលុបបំបាត់ការរើសអើង លើជនពិការ ឬអាចនិយាយបានថា ធ្វើឲ្យសង្គមគ្រួសារមួយគ្មានការរើសអើង លើជនពិការ ។
សូមបញ្ជាក់ថា ៖ ជារឿយៗសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែអំពាវនាវទៅដល់ ជនរួមជាតិទាំងអស់ សូមកុំមានការរើសអើង ចំពោះជនពិការ និងជួយឧបត្ថម្ភគាំទ្រ ដល់ពួកគាត់៕
ដោយ៖ សំរិត