ភ្នំពេញ៖ បើស្រឡាញ់ បើចូលចិត្ត និងគាំទ្រគណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋគ្រប់រូបដែលគ្រប់អាយុបោះឆ្នោត ត្រូវនាំគ្នាទៅធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី ត្រូវបបួលគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ក្នុងការជ្រើសរើសតំណាងថ្នាក់ឃុំ/សង្កាត់ ឆ្នាំ២០១៧ និង បោះឆ្នោតសកលនា ឆ្នាំ២០១៨ខាងមុខ។
ការលើកឡើងនេះនៅក្នុងកិច្ចប្រជុំជីវភាពប្រចាំខែរបស់ក្រុមការងារ ចុះជួយខណ្ឌព្រែកព្នៅដែលមានការចូលរួមពីលោក ខួង ស្រេង ប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ ព្រមទាំងប្រធាន អនុប្រធានសមាជិកចុះជួយសង្កាត់ទាំង៥ របស់គណបក្សប្រជាជនកម្ពុជាក្នុងខណ្ឌព្រែកព្នៅផងដែរកាលពីព្រឹក ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៥ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ។
ក្នុងការផ្សព្វផ្សាយពីការងារ និងលើកទិសដៅបន្ត លោក សុខ សម្បតិ អនុប្រធានប្រចាំការខណ្ឌក៏បានឡើងថ្លែងពីលទ្ធផល និងបទពិសោធន៍ការងាររយៈពេលកន្លងមក ព្រមទាំងការងារដែលត្រូវធ្វើសម្រាប់ពេលខាងមុខរបស់ខណ្ឌព្រែកព្នៅ ក្នុងការចុះជួយប្រជាពលរដ្ឋតាមមូលដ្ឋាន ទាំងការងារសន្តិសុខ សណ្ដាប់ធ្នាប់ និងសេវាសាធារណៈផ្សេងៗផងដែរ។
លោក សុខ សម្បតិ ក៏បានជំរុញឲ្យមន្ត្រីទាំងអស់ ជាពិសេសសមាជិកក្រុមការងារចុះជួយសង្កាត់ទាំង៥ ត្រូវជៀសវាងឲ្យបាននូវបក្សពួក សាច់ញាតិ បងប្អូននិយម ក្នុងការអន្តរាគមន៍លើករណីខុស។ ហើយក្រុមការងារទាំងអស់ ត្រូវបន្តខិតខំដោយយកចិត្តទុកដាក់ចុះជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាប្រចាំ ពិសេសនៅក្នុងរដូវទឹកសម្រកនេះ ថាតើពួកគាត់ត្រូវការអ្វីខ្លះ ក្នុងការបង្កបង្កើនផលស្រូវវស្សា និងស្រូវប្រាំងនោះ។
លោកបន្តថា ក្រុមការងារទាំងអស់ ត្រូវបន្តសហការ និងសាមគ្គីភាពផ្ទៃក្នុង ដោះស្រាយជូនដល់ប្រជាពលរដ្ឋដែលជួបប្រទះបញ្ហាផ្សេងៗ ដើម្បីកុំឲ្យថ្នាក់ដឹកនាំរបស់យើងនៅខាងលើមានការខកបំណងពី ក្រុមការងារនេះឲ្យសោះ។
នាឱកាសនោះផងដែរ លោក ខួង ស្រេង ក៏បានជំរុញឲ្យមន្ត្រីទាំងអស់ ជាពិសេសសមាជិកក្រុមការងារចុះជួយសង្កាត់ទាំង៥ ត្រូវបន្តខិតខំដោយយកចិត្តទុកដាក់ចុះជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាប្រចាំឲ្យបានយ៉ាងតិច១ខែ២ម្តងឫក៏បាន១ខែម្តងដែរ កុំឲ្យអត់សោះ។
លោកបន្តទៀតថា ចាប់ពីពេលនេះទៅ ក្រុមការងារទាំងអស់ ត្រូវបន្តសហការ និងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ត្រូវហ៊ានលះបង់ដើម្បីគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ហើយបើស្រលាញ់ បើចូលចិត្តនិងគាំទ្រគណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋគ្រប់រូបដែលគ្រប់អាយុបោះឆ្នោត ត្រូវនាំគ្នាទៅធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី ត្រូវបបួលគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នាក្នុង ការជ្រើសរើសតំណាងថ្នាក់ឃុំ/សង្កាត់ឆ្នាំ២០១៧ និងបោះឆ្នោតសកលនា ឆ្នាំ២០១៨ខាងមុខ ដើម្បីយើងទទួលជ័យជំនះបន្តទៀត៕
ដោយ៖ ព្រែកជ័យ