ភ្នំពេញ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់បានទៅប្ដឹងសមត្ថកិច្ច ដើម្បីឲ្យជួយអន្ដរាគមន៍តាមរកម៉ូតូរបស់ខ្លួន ដែលត្រូវចោរវាយប្លន់យកទៅ កាលពីវេលាម៉ោង៩ និង១៥នាទីយប់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចផ្លូវលំចូលបុរីរុងរឿង ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ ញ៉េប គឹមសៀង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតក្នុងភូមិក្រាំង ឃុំព្រៃស្រឡឹង ស្រុកពារាំង ខេត្តព្រៃវែង។ ចំណែកម៉ូតូដែលជនរងគ្រោះអះអាងថា ត្រូវក្រុមចោរវាយប្លន់យកទៅនោះម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ កាំបន្ទះ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ1BF-6884។
ប្រភពបុរសរងគ្រោះប្រាប់សមត្ថកិច្ចថា ករណីអំពើវាយប្លន់យកម៉ូតូនោះ គឺកើតឡើងស្របពេលខ្លួន ដឹកបុរសជនល្មើសមិនស្គាល់មុខម្នាក់ចេញពីស្ថានីយ៍ទូរទស្សន៍បាយ័ន ដែលមានទីតាំងផ្លូវលេខ៣៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទៅបុរីរុងរឿង ។ ខណៈដល់ចំណុចកើតហេតុខាងលើជាកន្លែងស្ងាត់ ជនល្មើសបានឲ្យខ្លួនឈប់ម៉ូតូរួចហុចលុយឲ្យគាត់។ ពេលគាត់បត់ម៉ូតូបម្រុងងបើកត្រឡប់ចេញមកវិញ ស្រាប់តែជនមិនសា្គល់មុខរូបនោះ លោតមកវាយគាត់ពីក្រោយ ហើយដណ្តើមយកម៉ូតូពីគាត់ជិះកេចខ្លួនបាត់ដោយសុវត្ថិភាព។ ក្រោយកើតហេតុគាត់បានដើរមករកម៉ូតូឌុបជិះត្រឡប់មកផ្ទះវិញ ហើយក៏ត្រូវបានបងប្អូនខ្លួនដឹកនាំមកប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅភា្លមៗតែម្តង ។
បុរសដដែលបន្ដថា ក្រោយពីគាត់នាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅបុស្ដិ៍នគរបាល ស្រាប់តែធ្វើឲ្យ គាត់អស់ទឹកចិត្ត និងលែងចងប្តឹងទៅវិញក្រោយពីបានឮសម្ដីសមត្ថកិច្ចសួរសម្លុត និងបានចោទប្រកាន់ថា បងប្អូនគាត់ប្រឌិតរឿងភូតកុហកទៅវិញ។ ទោះបីពួកគាត់បានជូនសមត្ថកិច្ចទៅចង្អុលបង្ហាញ កន្លែងចំណុចកើតហេតុខាងលើក្តី តែសមត្ថកិច្ចនៅតែមិនជឿ ហើយបែរជាមិនអើពើនិងបណ្ដឹងរបស់គាត់នោះឡើយ។
ក្រោយមកករណីនេះ ជនរងគ្រោះនិងបងប្អូន បានដាក់ពាក្យបណ្តឹងចោលទាំងមានអារម្មណ៍អាក់អន់ចិត្ត ដោយទង្វើមិនអើពើនឹងប្រជាពលរដ្ឋ ដែលធ្វើឲ្យពួកគាត់អស់ទំនុកចិត្តលើសមត្ថកិច្ច៕
ដោយ៖ វិបុល