ក្រោយ​បង្ក្រាប​១​ថ្ងៃ​រថយន្ដ​ពង​ក្រួច​ក្រួច​ប្រគល់​ឱ្យ​ម្ចាស់​វិញ​ចំណែក​សត្វ​ក្រួច​ដុត​កម្ទេច​ចោល

ចែករំលែក៖

​ខេត្ដកណ្ដាល​៖​ បន្ទាប់​ពី​កម្លាំង​ចម្រុះ​ បង្ក្រាប​ទីតាំង​នាំ​ចូល​ ស្ដុក​ សាច់​-​ស៊ុត​ បក្សី​ខុសច្បាប់​នៅ​កៀនស្វាយ​កាលពី​ថ្ងៃ​ទី​៤​ ខែធ្នូ​ ឆ្នាំ​២០១៥​រួច​មក​ នៅ​រសៀល​ ថ្ងៃ​ទី​៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ សាច់សត្វ​ ក្រួច​ត្រូវ​បាន​សមត្ថកិច្ច​សម្រេច​ដុត​ កម្ទេច​ចោល​ ។​ ដោយឡែក​ពង​ក្រួច​ ចំនួន​ជាង​១០០​កេស​រួម​នឹង​រថយន្ដ​ដែល​ដឹក​ជញ្ជូន​បក្សី​សត្វ​ខុសច្បាប់​បាន​ប្រគល់​ឱ្យ​ម្ចាស់​វិញ​តែ​មិនដឹង​ថា​ត្រូវ​ចំណាយ​ អស់​ប៉ុន្មាន​នោះ​ទេ​ទើប​ប្រគល់​វត្ថុ​តាង​ ដឹក​ជញ្ជូន​ទំនិញ​ខុសច្បាប់​ទាំងនោះ​ឱ្យ​ ម្ចាស់​ដើម​យ៉ាង​ដូច្នេះ​ ។​

dos_1 copy

​លោក​វរសេនីយ៍ទោ​ សេង​ គឹ​ម​ឃ​ន​ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្ដកណ្ដាល​បាន​ ប្រាប់​នគរវត្ដ​នៅ​រសៀល​ថ្ងៃ​ទី​៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ដូច្នេះ​ថា​ ដោយ​មានការ​ អនុញ្ញាត​ពី​លោក​ព្រះរាជអាជ្ញា​អម​ សាលាដំបូង​ខេត្ដកណ្ដាល​សត្វ​ក្រួច​ដែល​ឈ្មួញ​នាំ​ចូល​ខុសច្បាប់​ត្រូវ​បាន​ដុត​កម្ទេច​ចោល​ព្រោះ​ខូចគុណភាព​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​អ្នក​ទទួលទាន​ ។​ រីឯ​ពង​ក្រួច​ ប្រគល់​ឱ្យទៅ​ពេទ្យសត្វ​ដើម្បី​បំពេញ​ឯកសារ​ប្រគល់​ឱ្យ​ម្ចាស់​វិញ​ ដោយឡែក​រថ​ យន្ដ​ ក៏​ត្រូវ​ប្រគល់​ឱ្យទៅ​ម្ចាស់​វិញ​ដែរ​ ។​ ចំពោះ​ការ​ផាកពិន័យ​យ៉ាងណា​នោះ​ លោកនាយ​ការិយាល័យ​មិន​បាន​ប្រាប់​ ឡើយ​ ដោយ​គ្រាន់តែ​និយាយ​ថា​រថយន្ដ​ ប្រគល់​ឱ្យ​ម្ចាស់​វិញ​ដោយ​មានការ​ សម្រេច​ពី​លោក​ព្រះរាជអាជ្ញា​ ។​

​លោក​ អ៊ុលអាល់​ ដូ​រិ​ន​ ប្រធាន​កា​រិ​យា​ ល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ដ​ កណ្ដាល​បានឱ្យ​ដឹង​ថា​ មន្ដ្រី​របស់​កា​រិ​យា​ ល័យ​ពេទ្យសត្វ​ខេត្ដ​មិន​បាន​ចូលរួម​ដុត​កម្ទេច​សត្វ​ក្រួច​ទាំ​នោះ​ទេ​ ព្រោះ​មិន​ បាន​ធ្វើ​កោសល្យវិច័យ​ទៅ​លើ​សត្វ​ក្រួច​ ទាំងនោះ​ហើយ​ការ​សម្រេច​ដុត​កម្ទេច​ នេះ​គឺ​ធ្វើ​ឡើង​ដោយ​នគរបាល​សេដ្ឋកិច្ច​ សហការ​ជាមួយ​មន្ដ្រី​កាំកុងត្រូល​ខេត្ដ​ ដោយ​សំអាង​ថា​ ខូចគុណភាព​ ។​ ចំពោះ​ ពង​ក្រួច​ដែល​នគរបាល​សេដ្ឋកិច្ច​ប្រគល់​មក​ឱ្យ​ជំនាញ​ពេទ្យសត្វ​នេះ​ពិនិត្យ​ឃើញ​ថា​នៅ​មានគុណ​ភាពល្អ​ឥឡូវ​ប្រគល់​ឱ្យ​ ទៅ​ម្ចាស់​វិញ​ហើយដោយ​មិន​បាន​ផាក​ ពិន័យ​នោះ​ទេ​ ។​ ដោយឡែក​រថយន្ដ​ដែល​ ដឹក​ជញ្ជូន​សត្វ​បក្សី​ខុសច្បាប់​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​នគរ​សេដ្ឋកិច្ច​ខេត្ដ​ ជា​អ្នក​ដោះស្រាយ​ ។​

​លោក​ អ៊ូ​ ម៉ា​នរិន្ទ​ ប្រធាន​សាខា​ កាំកុងត្រូល​ខេត្ដកណ្ដាល​បានឱ្យ​ដឹង​ថា​ សត្វ​ក្រួច​ដែល​ចាប់​កាល​ ពី​ល្ងាច​ ថ្ងៃ​ទី​៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ នោះ​បាន​ខូច​គុណ​ ភាព​ហើយ​ត្រូវ​បាន​ដុត​កម្ទេច​ចោល​ កាលពី​ល្ងាច​ថ្ងៃ​ទី​៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​មានការ​អនុញ្ញាត​ពី​លោក​ព្រះ​ រាជអាជ្ញា​អម​សាលាដំបូង​ខេត្ដកណ្ដាល​ ប៉ុន្ដែ​ឱ្យ​ម្ចាស់​ទីតាំង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​រកស៊ី​ដឹក​ជញ្ជូន​បក្សី​និង​ស៊ុត​នាំ​ ចូល​មក​ពី​ក្រៅប្រទេស​ទៀត​ ព្រោះ​វា​ ខុសច្បាប់​ ។​

​សូម​បញ្ជាក់​ថា​ កាលពី​រសៀល​ ថ្ងៃ​ទី​៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ នគរបាល​ប្រឆាំង​បទ​ ល្មើ​ល​សេដ្ឋកិច្ច​សហការ​ជាមួយ​មន្ដ្រី​ កាំកុងត្រូល​និង​ពេទ្យសត្វ​ខេត្ដកណ្ដាល​ រួម​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ ឆែកឆេរ​ទីតាំង​នាំ​ចូល​ស្ដុក​ សត្វ​-​ស៊ុត​ បក្សី​ខុសច្បាប់​មួយ​កន្លែង​នៅ​ភូមិ​ទួល​ ត្នោត​ ឃុំ​គគីរ​ ស្រុក​កៀនស្វាយ​ ខេត្ដ​ កណ្ដាល​ដែល​មាន​ម្ចាស់​ទីតាំង​ឈ្មោះ​ លឹ​ម​ ទៀង​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ ។​ ក្នុង​ការ​ចុះ​ឆែកឆេរ​នេះ​ធ្វើ​ ឡើង​បន្ទាប់​ពី​ លោក​ ហុ​ក​ វ៉ា​ន់​ធី​ណា​ ប្រធាន​សាលា​ ដំបូង​ខេត្ដ​ចេញ​ដីកា​បង្គាប់​ឱ្យ​ឆែកឆេរ​ លំនៅ​ឋាន​ដើម្បី​រុករក​វត្ថុ​តាង​ ។​ បន្ទាប់​ មក​សមត្ថកិច្ច​បាន​រក​ឃើញ​សត្វ​ក្រួច​ ចំនួន​៧​កេស​ស្នោ​ស្មើ​៣៥០​គីឡូក្រាម​ ដែល​ម្ចាស់​ទីតាំង​លើក​ចេញពី​រថយន្ដ​ យក​ទៅ​បោះចោល​ក្នុង​ព្រៃ​ក្បែរ​របង​ផ្ទះ​ ក្នុង​ចេតនា​បំបាត់​វត្ថុ​តាង​ព្រោះ​សត្វ​ ក្រួច​ទាំងនោះ​នាំ​ចូល​មក​ពី​ក្រៅប្រទេស​ ដោយ​ខុសច្បាប់​ ។​ ដោយឡែក​ពង​ក្រួច​ ចំនួន​១០២​ កេស​នៅ​រក្សា​ទុក​លើ​រថយន្ដ​ ដដែល​ ។​

​ក្រោយ​ពី​បង្ក្រាប​ទីតាំង​នាំ​ចូល​សត្វ​ ស៊ុត​បក្សី​គ្រប់​ប្រភេទ​ដោយ​ខុសច្បាប់​ បាន​រយៈពេល​២៤​ម៉ោង​រួច​មក​សត្វ​ ក្រួច​ជាង​៣០០​គីឡូក្រាម​ត្រូវ​បាន​ដុត​ កម្ទេច​ចោល​ដោយ​សំអាង​ថា​ខូច​គុណ​ ភាព​តែ​មិន​បាន​ធ្វើ​កោសល្យវិច័យ​នោះ​ ទេ​ ។​ ចំពោះ​ពង​ក្រួច​និង​រថយន្ដ​ដឹក​ ជញ្ជូន​សត្វ​បក្សី​ខុសច្បាប់​នាំ​ចូល​ពី​ក្រៅ​ ប្រទេស​ត្រូវ​ប្រគល់​ឱ្យ​ម្ចាស់​វិញ​បន្ទាប់​ពី​ មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​ ។​ មិនដឹង​ថា​ម្ចាស់​ទីតាំង​រកស៊ី​ នាំ​ចូល​សត្វ​-​ស៊ុត​បក្សី​ខុសច្បាប់​ពី​ក្រៅ​ ប្រទេស​បំពាន​សារាចរ​ណែនាំ​លេខ​ ០០២​របស់​រាជរដ្ឋាភិបាល​ ចំណាយ​អស់​ ប៉ុន្មាន​នោះ​ឡើយ​ ទើប​មាន​វាសនា​ទទួល​ បាន​មធ្យោបាយ​ប្រព្រឹត្ដ​បទល្មើស​មក​រកស៊ី​ជា​ធម្មតា​ឡើង​វិញ​ ៕

...

ដោយ៖ សណ្ដោស​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print