ភ្នំពេញ: រថយន្តស៊េរីទំនើបបើកលឿនជ្រុលបុករះសំយ៉ាបផ្ទះប្រជាពលរដ្ឋ បាក់ខ្ទេចជាច្រើនម៉ែត្រ រួចបើករថយន្តយកទៅទុកក្នុងបុរី ក្រោយមកទើបមានតំណាងរថយន្ត មកចរចាជាមួយម្ចាស់ផ្ទះ ដើម្បីសងការខូចខាត។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង នៅម៉ោងជាង១១យប់ថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០១៩ នៅផ្លូវបេតុង ចំណុចផ្សារភូមិសិរីយា ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ប្រភពពត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក Mazda BT50 ពណ៌ស ពាក់ស្លាកលេខខេមរភូមិន្ទ 01: 2-8499 បើកបរដោយបុរសម្នាក់ យ៉ាងលឿន ដោយធ្វើដំណើរតាមផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតជ្រុលទៅបុករះបង្គោលសំយាបមុខផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យបាក់ខ្ទេចជាច្រើនម៉ែត្រភ្លាមនោះរថយន្តបង្ក បានបើករត់គេចចូលទៅសំងំក្នុងបុរីមួយកន្លែងបាត់។
បន្ទាប់ពីកើតហេតុ មានតំណាងរថយន្តបង្ក បានចុះមកចរចាគ្នាជាមួយនឹងម្ចាស់ផ្ទះ ដែលរងការខូចខាត ដោយសុំធ្វើសំយាបផ្ទះថ្មីឲ្យវិញ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ជ្រោយពេជ្រ