បាក់ទំនប់នៅប្រេស៊ីល អ្នកបាត់ខ្លួន​ជិត​២៥០នាក់គ្មានសង្ឃឹមនៅរស់នោះឡើយ

ចែករំលែក៖

កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ ប៉ូលិសប្រេស៊ីល បានឲ្យដឹងថា ក្រុមជួយសង្គ្រោះបានរកឃើញសាកសពជនរងគ្រោះកើនឡើង១១៥នាក់ ហើយ២៨៤នាក់ទៀតនៅបាត់ខ្លួន ដោយមិនសង្ឃឹមថា នៅរស់រានមានជីវិតនោះឡើយ ។រហូតមកដល់ពេលនេះ ជោគវាសនាជនរងគ្រោះដែលនៅបាត់ខ្លួនទាំង២៤៨នាក់ទៀត គ្មានសង្ឃឹមថា នៅរស់រានមានជីវិតនោះឡើយ ក្រោយហេតុការណ៍ទំនប់ទឹកកខ្វក់ ភក់ ល្បាប់នោះ។

ក្រុមគ្រួសារជនរងគ្រោះទឹកភ្នែក ទឹកសម្បុរ ក្តុកក្តួលក្នុងឱរ៉ា ច្រើនយប់ច្រើនថ្ងៃ គ្មានដំណឹង រស់ឲ្យឃើញ មនុស្សស្លាប់ឲ្យឃើញសាកសព ដែលត្រូវជាកូន ជាប្តី ឬជាប្រពន្ធ ជួបនូវគ្រោះអកុសលដ៏រន្ធត់ ដោយមិនបានដឹងខ្លួនជាមុន ។

ទំនប់ស្តុកទឹកកខ្វក់ ភក់ល្បាប់ ប្រមាណ១៣លានម៉ែត្រគូប របស់ក្រុមហ៊ុនអណ្តូងរ៉ែ Vale ស្ថិតនៅភាគអាគ្នេយ៍ រដ្ឋ Minas Gerais ប្រទេសប្រេស៊ីល បានបាក់ធ្លាយកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ហូរកួចនាំយកទាំងមនុស្សម្នាក់ច្រើនរយនាក់ទៅជាមួយ ទាំងវេលាថ្ងៃត្រង់ ។ ជនរងគ្រោះភាគច្រើនជាបុគ្គលិកក្រុមហ៊ុនរ៉ែនេះ ពេលហេតុការណ៍បាក់ទំនប់នោះ នាំគ្នាជួបជុំអង្គុយហូបបាយ ។

មន្ត្រីក្នុងតំបន់បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានថា អត្តសញ្ញាណជនរងគ្រោះមានតែ៧១នាក់ប៉ុណ្ណោះ ក្នុងចំណោមជនរងគ្រោះដែលរកឃើញទាំង១១៥នាក់នោះ ។ ការស្វែងរកអ្នកនៅបាត់ខ្លួន ពិតជាមានការលំបាក ហើយពួកគាត់ទំនងជាគ្មានសង្ឃឹមនៅរស់នោះទេ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print