ខេត្តរតនគិរី៖ ក្មេងសិស្សសាលាវិទ្យាល័យសម្ដេច ឪសម្ដចម៉ែចំនួន៣នាក់ដួលសន្លប់បន្តបន្ទាប់គ្នាខណៈដែលកំពុងតែអង្គុយរៀននៅក្នុងថ្នាក់។
ករណីក្មេងសិស្សសាលាចំនួន៣នាក់ដួលសន្លប់ ខណៈពេលកំពុងរៀននោះបានកើតឡើងនៅវេលាម៉ោង១០.៣៥នាទីព្រឹកថ្ងៃអង្គារ៍ ១៥ រោច ខែបុស្ស ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០១៩នៅក្នុងបន្ទប់រៀនថ្នាក់ទី១២Bនៃសាលាវិទ្យាលយ័សម្តេចឪសម្តេចម៉ែស្ថិតក្នុងភូមិអភិវឌ្ឍន៍សង្កាត់ឡាបានសៀកក្រុងបានលុងខេត្តរតនគិរី។
តាមប្រភពបានឱ្យដឹងថាក្នេងស្រីសិស្សសាលារងគ្រោះដួលសន្លប់នោះរួមមាន ទី១.ឈ្មោះ សឿន លី ភេទស្រី ទី២.ឈ្មោះ សេង សុម៉ាលី ភេទស្រី
និងទី៣.ឈ្មោះ សាមី ស៊ូភី ភេទ ស្រី។
ប្រភពបន្តថាមូលហេតុ ដំបូងដែលនាំមានការដួលសន្លប់បន្តបន្ទាប់គ្នានោះដោយសារឈ្មោះសេង សុម៉ាលី កំពុងអង្គុយរៀននៅក្នុងថ្នាក់ស្រាប់តែមានអការៈផ្ដាសសាយហើយមុខស្លេកស្លាំងមិនស្រួលខ្លួន ក៏បានសុំគ្រូចេញក្រៅបន្ទប់ដើម្បីលាបប្រេងខ្យល់ តែនៅមិនធូរស្រាលសោះ ក៏នាំគ្នាចាប់ខ្យល់ឱ្យគ្នា។
ស្រាប់តែមានសិស្សម្នាក់ទៀតឈ្មោះសឿន លី ដែលអង្គុយជាប់គ្នានោះបានដួលសន្លប់មុន ហើយឈ្មោះសេង សុម៉ាលី ក៏បានដួលសន្លប់ដែរដែរតែម្តង។
ពេលនោះក៏មានការឆោឡោឡើងកាន់តែខ្លាំងស្រាប់តែមានសិស្សម្នាក់ទៀតឈ្មោះសាមី ស៊ូភី អង្គុយតុជិតគ្នាក៏បានដួលសន្លប់បន្តតាមក្រោយទៀតតែម្តង។
បន្ទាប់ពីមានហេតុការនោះកើតឡើងភ្លាមលោកគ្រូ អ្នកគ្រូក៏ប្រញាប់ប្រញាល់នាំគ្នាដឹកបញ្ជូនក្មេងស្រី រងគ្រោះទាំង៣នាក់នោះទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។
យោងតាមការបញ្ជាក់របស់គ្រូពេទ្យក៏បានឱ្យដឹងផងដែរថា អការៈរបស់ក្មេងទាំង៣នាក់នោះគឺបណ្តាលមកពីខ្វះជាតិស្ករ ទើបបណ្ភាលឱ្យឆាប់មានអាការៈភ័យទើបងាយដួលសន្លប់ដូច្នេះតែម្តង។
ប៉ុន្តែក្រោយមកក្មេងស្រី២នាក់ក៏បានធូរស្បើយហើយបន្ទាប់ពីក្រុមគ្រូពេទ្យបានបញ្ចូលសេរ៉ូមរួចមកហើយក៏បានវឹលត្រឡប់ទៅផ្ទះវិញដែរដោយឡែកក្មេងស្រីម្នាក់ឈ្មោះសាមី ស៊ូភី នៅមានអការៈធ្ងន់ធ្ងរនៅឡើយទើបគ្រូពេទ្យមិនទាន់ឱ្យត្រឡប់ទៅផ្ទះវិញទេកំពុងបន្តសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនោះនៅឡើយ៕ ដោយ ជីវន្ត័