ភាពយន្តខ្នាតធំរបស់គូម៉ា លើកដំបូងរឿង”អង្រឹង” បានការសរសើរខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ ភាពយន្តបែបរន្ធត់ព្រឺព្រួច រឿង “អង្រឹង” របស់ផលិតកម្ម LD Picyure ដែលជាស្នាដៃសម្តែងលើកដំបូងរបស់តារាចម្រៀង គូម៉ា បានប្រកាសសម្ពោធចាក់បញ្ចាំងហើយ។ ដាក់បញ្ចាំងថ្ងៃសម្ពោធភ្លាមអ្នកទស្សនាបានកោតសរសើរអំពីគុណភាពនៃភាពយន្តថ្មីមួយនេះ ដែលគេរំពឹងថានឹងឆក់ទាញអ្នកទស្សនាជាច្រើនចូលទស្សនា។

    ប្រកាសបើកសម្ពោធកាលពីរាត្រីថ្ងៃទី០៥ខែកុម្ភៈឆ្នាំ២០១៩នេះក្រោមវត្តមានសិល្បករនិងអ្នកគាំទ្ររាប់រយនាក់ នៅរោងភាពយន្តលេជេន អេដិន។ ផលិតកម្មបានបើកឲ្យអ្នកទស្សនាភាពយន្តរឿង”អង្រឹង” រហូតដល់ទៅ៣រោងព្រមគ្នា។ ក្រោយទស្សនាចប់ទស្សនិកជនបានលាន់មាត់កោតសរសើរខ្លាំងចំពោះភាពយន្តមួយនេះថាជាភាពយន្តដែលមានរសជាតិថ្មី ស្ថិតក្រោមការសម្រិតសម្រាំងមិនធ្វើឲ្យអ្នកទស្សនាចំណាយពេល និងចំណាយលុយទិញសំបុត្រចូលទស្សនាខកចិត្តនោះទេ។ ក្រៅពីឈុតឆាកភ័យរន្ធត់ ភាពយន្តនេះក៏បានបញ្ចូលនូវទស្សនីយភាពនាតំបន់ដែលមានទេសភាពស្រស់ស្អាតនៅកម្ពុជាមួយចំនួនផងដែរ។

    តារាចម្រៀង គូម៉ា បានបញ្ជាក់ថា ទោះបីជាភាពយន្តលើកដំបូងមែនប៉ុន្តែលោកហាក់ពេញចិត្តខ្លាំងនឹងសាច់រឿងថ្មីប្លែក អមដោយខ្លឹមសារអប់រំសំខាន់ក្នុងសាច់រឿង កំប្លែង និងមនោសញ្ចេតនាស៊ីជម្រៅផងដែរ។ លោកបញ្ជាក់ថាថតភាពយន្តបែបភ័យរន្ធត់ដំបូងនេះលោកក៏ឆ្លងកាត់ការលំបាកជាច្រើនជាមួយក្រុមការងារផលិតរួមទាំងការថតរហូតទល់ភ្លឺ ក្នុងព្រៃ ជួបភ្លៀង ក៏មានក្រុមការងារខ្លះរបួសផងដែរ។ លោករំពឹងដែរថាទស្សនិកជនដែលនិយមទស្សនាភាពយន្តខ្មែរ និងភាពយន្តបែបភ័យរន្ធត់ នឹងចូលរួមគាំទ្រស្នាដៃដែលលោកបានចូលរួមសម្តែង។ បើទោះបីជាទទួលបានការគាំទ្រច្រើនក្តីក៏តារារូបនេះបញ្ជាក់ថាលោកនឹងមិនមានគម្រោងថតភាពយន្តខ្នាតធំច្រើននោះទេ យ៉ាងច្រើនលោកថតត្រឹមមួយឆ្នាំមួយរឿងប៉ុណ្ណោះ។

    អ្នកដឹកនាំសម្តែង និងជាផលិតករវ័យក្មេង លោក អ៊ុន ប៊ុនធឿន បានកោតសរសើរខ្លាំងចំពោះសមត្ថភាពសម្តែងដ៏ប៉ិនប្រសប់របស់តារាសម្តែងទាំងអស់ដូចជាអ្នកនាង ស្វែង សុជាតា កញ្ញា សួង ស៊ីធឿន លោក អ៊ុំ សុវណ្ណគិរី ពិសេសលោក គូម៉ា ដែលចូលតួបានល្អទាំងឈុតឆាកមនោសញ្ចេតនា កម្សត់។ លោកថាជាភាពយន្តមានរសជាតិថ្មីប្លែកសម្រាប់អ្នកទស្សនា ដែលលោករំពឹងថានឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។

    គួរបញ្ជាក់ដែរថាភាពយន្តបែបភ័យរន្ធត់ និងកំប្លែងរឿងអង្រឹងរបស់ផលិតកម្ម LD Picture  នឹងត្រូចាក់បញ្ចាំងជូនទស្សនាចាប់ពីថ្ងៃទី០៧ខែកុម្ភៈឆ្នាំ២០១៩នេះនៅគ្រប់រោងភាពយន្តទាំងអស់នៅកម្ពុជា។ គេចាំបានដែរថាភាពយន្តនេះត្រូវបានរៀបចំពិធីក្រុងពាលីចេញថតចាប់តាំងពីក្នុងអំឡុងពាក់កណ្តាលខែកញ្ញាដំណាលគ្នានឹងភាពយន្តខ្នាតធំ២ផ្សេងទៀតរបស់ផលិតកម្មនេះគឺរឿង “ជួបស៊យវគ្គ២” និងរឿង”ប្រមាញ់ប្ដី”។ ក្នុងពេលដ៏ខ្លីខាងមុខនេះផលិតកម្មនេះក៏នឹងបញ្ចេញស្នាដៃថ្មីគឺរឿង”ឯណាខ្មោច” ផងដែរ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print