ខេត្តរតនគីរី៖ អ្នកបើកបរម៉ូតូកង់បីវយ័៥០ឆ្នាំម្នាក់បានរងរបួសមួយចំហៀងខ្លួនយ៉ាងធ្ងន់ធ្ងរដោយសាររថយន្តបាឡែនបើកបរបញ្ច្រាសទឹសគ្នាបុកយ៉ាងពេញទំហឹងតែម្តងរួចហើយចុះរត់គេចខ្លួនបាត់ស្រម៉ោលដោយបន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុនោះ។
ហេតុការណ៍រថយន្តបុកម៉ូតូនោះបានកើតឡើងនៅវេលាម៉ោង៦.៣០នាទី ល្ងាចថ្ងៃអង្គារ ១កេីតខែមាឃ ឆ្នាំច សំរិទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ខែកុម្ភ: ឆ្នាំ២០១៩ ស្ថិតនៅភូមិកាឡៃ១ ឃំុកាឡៃ ស្រុកអូរជំុខេត្តរតនគិរី។
ប្រភពពីសមត្ថកិច្ចចរាចរណ៍ស្រុកអូរជុំបានឱ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នោះកើតឡើងរវាងរថយន្តម៉ាកកាមរីបាឡែននិងម៉ូតូកង់បីទិសដៅបញ្រ្ចាសគ្នាបុកយ៉ាងពេញទំហឹងបណ្តាលឱ្យអ្នកបើកបរម៉ូតូកង់បីម្នាក់រងរបួសធ្ងន់មួយចំហៀងខ្លួន។
ប្រភពបន្តថាជនរងគ្រោះមានឈ្មោះ លឹមចាន់ ធឿន ភេទប្រុសអាយុ៥០ឆ្នាំជនជាតិខ្មែរ មិនទាន់ដឹងទីលំនៅ នោះទេដោយសាររងរបួសយ៉ាងធ្ងន់ធ្ងរមួយចំហៀងខ្លួនកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ត។
ប្រភពបន្តទៀតថា អ្នកបេីកបររថយន្តមិនស្គាល់អត្តសញ្ញាណបានចុះរត់គេចខ្លួនបាត់ស្រម៉ោលបន្សល់ទុករថយន្តម៉ាកកាមរីបាឡែនមួយគ្រឿងនោះ នៅនឹងកន្លែងហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចបានរឹបអូសយកវត្ថុតាងម៉ូតូនិងរថយន្តយកទៅរក្សាទុកនៅផ្នែកជំនាញ នៃ អធិការដ្ឋាននគរបាលស្រុកអូរជំុកសាងកំណត់ហេតុរងចាំធ្វើការសម្របសម្រួលតាមនិតិវិធី។
លោក ហុង គឹមសេង អធិការនគបាលស្រុកអូរជុុំថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេាះមូលហេតុមកពីអ្នកទាំងពី បើកបរខ្វះការប្រុងប្រយត្ន័ដោយខ្លួនឯងទាំងសងខាង៕
ដោយ៖ ជីវន្ត័