ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ស្នើឱ្យមាន ការបង្កើនការផ្តល់ ថវិកា ដល់គ.ក.ស.ក. ដើម្បីពង្រីកសកម្មភាព ឱ្យកាន់តែមានប្រសិទ្ធ ភាព

ចែករំលែក៖

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន ស្នើឱ្យមានការបង្កើនការ ផ្តល់នូវកញ្ចប់ថវិកា សម្រាប់ គណៈ កម្មាធិការពិគ្រោះយោបល់ កិច្ចការស្រ្តី និងកុមារ ដែលហៅកាត់ថា (គ.ក.ស.ក.)ដើម្បីបង្កើនលទ្ធភាព ក្នុងការចុះអនុវត្តផែនការ សកម្មភាពសម្រាប់ឆ្នាំ២០១៩នេះ ឱ្យកាន់តែមាន ប្រសិទ្ធភាពថែមទៀតជួយដល់ស្រ្តីនិងកុមារ ដែលងាយនឹងរងគ្រោះ នៅតាមសហគមនានាក្នុងរាជធានីភ្នំពេញ។
ការស្នើបែបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបឆ្លុះបញ្ចាំងលទ្ធផលផែនការសកម្មភាពឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩របស់ គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្រ្តី និងកុមារ នៃក្រុនប្រឹក្សារាជធានីភ្នំពេញ ដែលបាន ប្រារពធ្វើនៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃពុធ២កើត ខែមាឃ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ ។
លោក ម៉ប់ សារិន បានមានប្រសាសន៍ថា ឆ្លងតាមរបាយការណ៍ និងសកម្មភាព របស់ គ.ក.ស.ក.ឃើញថា រាល់សកម្មភាព ដែលបានអនុវត្ត ជាក់ស្តែងក្នុងឆ្នាំកន្លងមក បានឆ្លុះបញ្ចាំងពីការចូលរួម យ៉ាងសកម្ម ក្នុងការយកចិត្ត គិតគូរដល់ការគាំទ្រ ចំពោះ ស្រី្ត និងកុមារ នៅក្នុងសហគមក្រីក្រ ដែលងាយរងគ្រោះក្នុងរាជធានី លើវិស័យអប់រំ សុខាភិបាល យេនឌ័រ និង វិស័យសំខាន់ៗជាច្រើន ដើម្បីឱ្យពួកគាត់ មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការរស់នៅក្នុងសង្គមស៊ីវិល័យមួយនេះ។
លោក ប្រធានក្រុមប្រឹក្សា ក៏បានផ្តល់នូវអនុសាសន៍ដ៏ល្អសម្រាប់យកទៅអនុវត្ត ជាពិសេសបានជម្រុញលើកទឹកចិត្តដល់ស្រី្តឱ្យមានភាពក្លាហានចូលរួមក្នុងសកម្មភាពដឹកនាំនៅគ្រប់កម្រិត និងបានជំរុញ ឱ្យស្រ្តីជាថ្នាក់ដឹកនាំបន្តបង្កើនសមត្ថភាព ដើម្បីបំពេញការងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ លើសពីនេះ សុំឱ្យគ្រប់ផ្នែកពាក់ព័ន្ធទាំងបន្តយកចិត្តទុកដាក់ ថែទាំ សុខភាព មាតានិងទារក ដោយចូលរួមអប់រំ ផ្សព្វផ្សាយ បង្ការ និងទប់ស្កាត់ នូវជំងឺដង្កាត់នានា ដោយផ្តល់នូវអាហារូបត្ថម្ភ ឱ្យបានគ្រប់គ្រាន់ដល់កុមារក្រីក្រ ព្រោះពួកគេ ជាធនធានដ៏មានតម្លៃបំផុត របស់ប្រទេសជាតិ ទៅថ្ងៃពេលអនាគត។
លោកបានបញ្ជាក់ថា ៖ ថ្នាក់ដឹកនាំ គ.ក.ស.ក. ត្រូវតែជជែកគ្នាឱ្យបានល្អិតល្អន់ ដើម្បីស្វែងរកយន្ត ក្នុងការទទួលថវិកាមូលនិធិរួមរបស់សង្កាត់ឱ្យបានលឿន មកប្រើប្រាស់ សម្រាប់អនុវត្តសកម្មភាព បំរើដល់ដំណើរការរបស់ខ្លួន នឹងបន្តក្តាប់សភាពការណ៍ ក្នុងមូលដ្ឋានឱ្យគ្រប់ជ្រុងជ្រោយ ហើយធ្វើរបាយការណ៍មកអាជ្ញាធរមូលដ្ឋាន ចុះទៅដោះស្រាយឱ្យបានទាន់ពេលវេលា និងតម្រូវការចាំបាច់ជាក់ស្តែង។
លោកបានបន្ដថា៖ ចាប់ពីឆ្នាំ២០២០ទៅ ថវិកា មូលនិធិរួមរបស់សង្កាត់នឹងត្រូវបានបង្កើនយ៉ាងហោចណាស់២០%បន្ថែម សម្រាប់អនុវត្តសកម្មភាពនិងផែនការនៅតាមមូលដ្ឋានគ្រប់គ្រងឱ្យមានប្រសិទ្ធភាពខ្ពស់។
លោកស្រី ឃួន គឹមនី សមជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធាន គ.ក.ស.ក. ក៏បានធ្វើរបាយករណ៍លម្អិត ពាក់ព័ន្ធនឹងសកម្មភាពកន្លងមក ក៏ដូចជាបង្ហាញនូវផែនការសម្រាប់ឆ្នាំ២០១៩ជូនអង្គប្រជុំ ដើម្បីឱ្យការដំណើរការរបស់ គ.ក.ស.ក. ប្រព្រឹត្តទៅដោយរលូន តម្លាភាព ប្រសិទ្ធភាព មានការទទួលខុសត្រូវខ្ពស់៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print