បុរសម្នាក់ដកកាំភ្លេីងមកភ្ជុងយុវជនម្នាក់សួរថា “ហ៊ែងមេីលមុខសង្សារអញ​ ចង់ញ៉ែមែន?​”​ រួចក៏ទះ​​២កំផ្លៀងឡើងជិះរថយន្តគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ​ ៖ បុរសម្នាក់ ដកកាំភ្លើងមកភ្ជុងយុវជនម្នាក់ ហេីយស្រែកសំឡុតថា​ “ហ៊ែងមេីលមុខសង្សារអញ​ ចង់ញ៉ែសង្សារអញមែន?​ ទះ​​រូបគេ  ២កំផ្លៀង ហេីយលេីកដៃរង​ក្រវី​ដៃចុះឡេីងៗ​ ​បុរសម្នាក់​នោះ​ បានយកកាំភ្លេីងខ្លីសៀតជាប់ចង្កេះ អាមេ រួចបុរសនោះ​ក៏ទះ​មិត្តភ័ក្តិ​របស់គេម្នាក់ទៀត​ ២ដៃចំក្បាលពីក្រោយ​ទៀត​ រួចកាន់កាំភ្លេីងខ្លីនោះ​ ដេីរត្រលប់ទៅបេីករថយន្ត​ចេញទៅបាត់តែម្ដង​។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡេីង​នៅម៉ោង​០៤ទាបភ្លឺ​ ឈានចូលថ្ងៃទី០៧ ខែកុម្ភះ​ ឆ្នាំ២០១៩នេះ​ នៅចំណុចកន្លែងលក់ស្រាក្រឡុកមួយកន្លែង នៅក្រោយព្រះបរមរាជវាំង ផ្លូវលេខ២១៤​ កែងផ្លូវលេខ១៩ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។

យុវជនរងគ្រោះ​ឈ្មោះ​ រុណ ហុង​ ហៅញាញ់ អាយុ២២ឆ្នាំ​ មុខរបរចុងភៅនៅសណ្ឋាគារមួយក្នុងខណ្ឌដូនពេញ ស្នាក់នៅបន្ទប់ផ្ទះជួល​​ សង្កាត់ផ្សារកណ្ដាល​ ខណ្ឌដូនពេញ​ ភ្នំពេញ។ ចំណែកយុវជនម្នាក់ទៀត​ជាមិត្តភ័ក្ត មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

បេីតាមសម្ដី​យុវជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ​ រូបគេបានមកហូបអីជាមួយមិត្តភ័ក្ត៣នាក់ទៀត​ នៅម្ដុំក្រោយព្រះបរមរាជវាំង ដោយបាន​ជជែកគ្នាអំពីបាល់ទាត់​​ ខណៈផឹកអស់ស្រាបៀ៣ថូ​ យុវជនរងគ្រោះ​ បានលូកដៃយកទូរស័ព្ទពីមិត្តភ័ក្តយកមកមេីលបាល់ទាត់ តែជ្រុលប៉ះថូដាក់ស្រា​ បណ្ដាលឲ្យធ្លាក់បែកថូអស់១​ ទេីបភ្ញាក់ផ្អេីលដល់អ្នកអង្គុយផឹកជិតនោះ​ ងាកមេីលផងដែរ​ តែរូបគេក៏បានទទួលខុសត្រូវ​ និងព្រមចេញសំណងលេីការខូចខាតនោះដែរ​ ដោយអ្នកគិតលុយប្រាប់ថា ថូស្រានោះ​ តម្លៃតែ៥ដុល្លារ​ប៉ុណ្ណោះ​ ទេីបរូបគេយល់ព្រមសងថ្លៃខូចខាត។

យុវជនរងគ្រោះ​បន្តថា​ បន្ទាប់មករូបគេបានហៅស្រា១ថូ​ទៀត​ផឹក​ ជជែកគ្នាបន្តទៀត​ ខណៈការប្រកួតបាល់ទាត់កំពុងល្អមេីល ពួកគេក៏​បាននិយាយថា​ បាល់នឹងចាំមេីលខ្លាស៊ីគោហេីយ​ រួចស្រែកសប្បាយ​​បន្តទៀត​ ដោយមិនបានចាប់អារម្មណ៍នឹងអ្នកអង្គុយជិតគ្នានោះទេ​ រហូតមកដល់មុនពេលកេីតហេតុបន្តិច​ រូបគេក៏ស្រវឹងស្រឿងៗដែរ​ ក៏ប្រាប់អោយគេមកគិតលុយ​​ រួចនាំគ្នាត្រលប់ទៅផ្ទះមុនជាមួយមិត្តភ័ក្តម្នាក់ទៀត​ ពេលអូសម៉ូតូចេញ​ ស្រាប់តែមានបុរសម្នាក់​ ដេីរចេញពីកន្លែងផឹកស៊ីនោះដែរ​ រួចដេីរយ៉ាងលឿនទៅយកកាំភ្លេីងខ្លីមួយដេីម​ (មិនស្គាល់ម៉ាក​) ពីក្នុងរថយន្ត​ TOYOTA PRIUS ពណ៌ស​ មួយគ្រឿង​ (មិនចាំស្លាកលេខ​) ហេីយសៀតចង្កេះ ដេីរត្រលប់មករកពួកគេវិញ​ រួចស្រែកសំឡុតថា​ “ហ៊ែងមេីលមុខសង្សារអញ​ ចង់ញ៉ែសង្សារអញ  មែន” ហេីយខ្លួនក៏តបទៅវិញថា​ អត់ទេបង​ “ខ្ញុំមិនបានដឹងផង​” ស្រាប់តែបុរសម្នាក់នោះ​ ទះ​​រូបគេ២កំផ្លៀង ហេីយខ្លួន​ លេីកដៃរង​ក្រវី​ដៃចុះឡេីងៗ​ កុំអោយវៃទៀត​ ​បុរសម្នាក់​នោះ​ បានយកកាំភ្លេីងខ្លីដែលសៀតជាប់ចង្កេះនោះ​ អាមេ​ រួចបម្រុងវាយទៅលេីមិត្តភ័ក្តរបស់ខ្លួន​ ទេីបមិត្តភ័ក្តរបស់ខ្លួន​ លេីកដៃរង​ហេីយក្រវី​ដៃចុះឡេីងៗ​ ទេីបបុរសម្នាក់នោះ​ យកដៃមកវាយមិត្តភ័ក្តរបស់ខ្លួន២ដៃចំក្បាលពីក្រោយ​ ចង់ផ្កាប់មុខ​ ភ្លាមនោះពួកគេទាំង២នាក់​ ​ ក៏បានលេីកដៃសំពះសុំទោស​ ហេីយនិយាយថា “បងអេីយខ្ញុំ​ អត់មានបានមេីលមុខ​ ឬញ៉ែសង្សារបងទេ​” ហេីយក៏ឡេីងម៉ូតូ​ជិះឌុបគ្នាចេញទៅ​ ហេីយបុរសនោះ​ក៏ទះ​២ដៃចំក្បាលពីក្រោយ​ទៀត​ រួចកាន់កាំភ្លេីងដេីរត្រលប់ទៅបេីករថយន្ត​ចេញទៅបាត់តែម្ដង​ ។

បច្ចុប្បន្នក្រោយពីកើតហេតុ​ យុវជនរងគ្រោះ​បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ​ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ ដេីម្បីអោយជួយស្រាវជ្រាវ​ តាមចាប់បុរសដៃដល់នោះ​ ដោយមិនដឹងថាជាមន្ត្រីរាជការ ឬមានតួនាទីអ្វីនោះទេ​ បានជាមានប្រេីប្រាស់កាំភ្លេីង​ ហេីយយកមកភ្ជុងគំរាមកំហែង​ប្រជាពលរដ្ឋ​នៅតាមទីសាធារណៈបែបនេះ​ ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print