ប្រទេសអុីរ៉ង់៖ តាំងពីដើមមកអ៊ីរ៉ង់ចង់ឲ្យអាមេរិក ទទួលស្គាល់ពីកំហុសរបស់ខ្លួនដែលបានធ្វើទៅលើអីរ៉ង់ ក្នុងអំឡុងពេលពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧៩ មុនពេលអីរ៉ង់ធ្វើបដិវត្តន៍អិស្លាមអីរ៉ង់ទទួលបានជោគជ័យ។
នៅពេលនេះ អ៊ីរ៉ង់ដាក់លក្ខខណ្ឌ ក្នុងការកែប្រែទំនាក់ទំនងល្អជាមួយអាមេរិក ។ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានប្រកាសកាលពីថ្ងៃទី៦ខែកុម្ភៈ ថា នឹងបង្កើនទំនាក់ទំនងល្អប្រសើរ ជាមួយអាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ព្រមសុំទោសពីកំហុសឆ្គងក្នុងអតីតកាលមកលើអ៊ីរ៉ង់ ។
មានប្រសាសន៍កាន់ក្រុមអ្នកសារព័ត៌មានបរទេសនៅទីក្រុងតែអីរ៉ង នាឱកាសខួប៤០ឆ្នាំថ្ងៃបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ប្រធានាធិបតី រ៉ូហានី បានបញ្ជាក់ថា«គោលដៅរបស់យើងគឺបង្កើនទំនាក់ទំនងជិតស្និតជាមួយពិភពលោក ក្នុងនោះមានអាមេរិកជាដើម ។ប្រសិនបើអាមេរិក សុំទោស ទទួលនូវកំហុសកាលពីអតីតកាលនោះ អ៊ីរ៉ង់អាចនឹងកែប្រែទំនាក់ទំនងល្អប្រសើរឡើងវិញជាមួយអាមេរិក»។
វិបត្តិចំណាប់ខ្មាំងនៅក្នុងស្ថានទូត អាមេរិក ប្រចាំនៅប្រទេសអីរ៉ង កាលពីឆ្នាំ១៩៧៩ និស្សិតអ៊ីរ៉ង់បានស្នើរឲ្យភាគីអាមេរិក សុំទោសដើម្បីដោះដូរ ការដោះលែងមន្ត្រីការបរទេសអាមេរិកឲ្យមានសេរីភាព ។ នៅពេលនោះមន្ត្រីការបរទេសអាមេរិក៥៦រូបត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងរហូតដល់ទៅ៤៤៤ថ្ងៃចាប់ពីថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ១៩៧៩ដល់ថ្ងៃទី ២០ខែមករាឆ្នាំ១៩៨១។
ក្រោយព្រឹត្តិការណ៍ខាងលើ ប្រទេសទាំងពីបានកាត់ផ្តាច់ទំនាក់ទំនងការបរទេស ។
នៅខែមិថុនាឆ្នាំ២០០៩ អតីតប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ា បានទទួលស្គាល់ថា ទីក្រុងវ៉ាស៊ីនតោនបានចូលរួមក្នុងការផ្តួលរំលំរដ្ឋាភិបាល ស៊ីវិល នៅឆ្នាំ១៩៥៣។ ប៉ុន្តែអាមេរិកមិនសុំទោស នោះឡើយ។
អាមេរិកបានបង្កើនការដាក់ទណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់ ប៉ុន្តែរដ្ឋាភិបាលទីក្រុងតេអីរ៉ង់វិញបានចាត់ទុកការដាក់ទណ្ឌកម្មទាំងនោះជារឿងខុសច្បាប់ ហើយអីរ៉ង់មិនគោរពតាមច្បាប់ទណ្ឌកម្មរបស់អាមេរិកឡើយ៕
ដោយ៖ មែវ សាធី