ឥណ្ឌានិងប៉ាគីស្ថានជាប្រទេស ដែលមានវិវាទនិងគ្នានៅតំបន់ព្រំដែនកាស្មៀ ដោយកម្លាំងទាហានប្រទេសទាំងពីរតែងតែផ្ទុះអាវុធដាក់គ្នាជាច្រើនលើកក្នុងមួយឆ្នាំៗ។ នៅពេលនេះឥណ្ឌាបានបង្កើនការចំណាយសម្រាប់ការពារជាតិ និងទិញអាវុធទំនើបៗជាច្រើន ពីបរទេស ក្នុងនោះមានអាមេរិកនិងរុស្ស៊ី ។
ពេលថ្មីៗនេះ ប៉ាគីស្ថានបានប្រកាសថា កម្លាំងទាហាន មានមីស៊ីលដែលមានកម្លាំងខ្លាំង អាចយកឈ្នះមីស៊ីលការពារ ទាំងឡាយដែនឥណ្ឌាមាន ក្នុងនោះ មានមីស៊ីល S-400 ដែលឥណ្ឌាទិញពី រុស្ស៊ីផងដែរ។
សារព័ត៌មាន Sputnik រុស្ស៊ី កាលពីថ្ងៃទី៦ខែកុម្ភៈបានផ្សាយថា ប៉ាគីស្ថាន បានធ្វើការសាកល្បងដោយជោគជ័យពីរលើក កន្លងមក នៅប្រភេទមីស៊ីល Nasr អាចបំពាក់ក្បាលគ្រាប់បរមាណូ។ មីស៊ីលខាងលើរបស់ប៉ាគីស្ថាន វាយប្រហារចំគោលដៅខ្ពស់ ដោយអាចឆ្លងផុតប្រព័ន្ធការពារមីស៊ីលនានារបស់សត្រូវ។
ប៉ាគីស្ថានបានប្រកាសថា មីស៊ីល Nasr អាចវាយប្រហារចំគោលដៅខ្ពស់ ក្នុងចម្ងាយ ៧០គីឡូម៉ែត្រ ។ មីស៊ីលខាងលើត្រូវបានផលិតឡើងដើម្បីឆ្លងផុតពីប្រព័ន្ធមីស៊ីលការពាររបស់ឥណ្ឌា ក្នុងនោះមាន S-400s ដែលទើបទិញពីរុស្ស៊ី។ មីស៊ីល Nasr ត្រូវបានផលិតឡើង តាំងពីឆ្នាំ២០១១ ហើយពេលនេះបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។
ឥណ្ឌាមិនបានវិភាគអ្វីជុំវិញ មីស៊ីល Nasr របស់ប៉ាគីស្ថាននោះឡើយ ។ ពេលថ្មីៗនេះ រដ្ឋាភិបាលទីក្រុង ញ៉ូវដេលី ឥណ្ឌា បានចំណាយប្រាក់ ៥ពាន់លានដុល្លារ ទិញប្រព័ន្ធមីស៊ីលការពារ S-400 ពីរុស្ស៊ី។ S-400 ត្រូវបានចាត់ទុកជាមីស៊ីលការពារល្អបំផុតនៅលើពិភពលោក អាចកម្ទេចគោលដៅនៅលើអាកាស ក្នុងចម្ងាយ៤០០គីឡូម៉ែត្រ ក្នុងល្បឿន ៥គីឡូម៉ែត្រ ក្នុងមួយវិនាទី៕
ដោយ៖ មែវ សាធី