អ៊ីស្រាអែល តែងតែបើកការវាយប្រហារទៅលើទីតាំងរបស់អ៊ីរ៉ងនៅក្នុងប្រទេសស៊ីរី បានធ្វើឲ្យ ប្រទេសទាំងពីរប្រឈមមុខតានតឹងដាក់គ្នា ។ នៅពេលនេះអីរ៉ង បានព្រមានថានឹងធ្វើសង្គ្រាម ជាមួយអ៊ីស្រាអែល ទាំងនៅលើដែនគោក ដែនអាកាស និងដែនទឹក ដោយគ្មានញញើតនោះទេ ។
អតីតមេបញ្ជាការកងទ័ពបដិវត្តន៍អិស្លាមអ៊ីរ៉ង់ លោក Hossein KananiMoghadamបានព្រមានធ្វើសង្គ្រាមទ្រង់ទ្រាយធំ ប្រឆាំងអ៊ីស្រាអែល ទាំងដែនអាកាស ដែនទឹក និងដែនគោក ព្រមគ្នាតែម្តង ។
លោក Moghadamបានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន Al Jazeera កាលពីពេលថ្មីៗនេះថា នៅពេលនេះ យើងទាក់ទងដោយផ្ទាល់ជាមួយមូលដ្ឋានរបស់យើង ដែលនៅជាប់ព្រំដែនអ៊ីស្រាអែល ។ យើងអាចពិនិត្យសកម្មភាពរបស់ពួកគេ និងចាត់វិធានការតប់តវិញភ្លាមៗ ។ ពេលនេះ យើងមិនទាន់សម្រេចចូលដល់ដំណាក់កាលសង្គ្រាមដោយផ្ទាល់ជាមួយអ៊ីស្រាអែលទេ ពីព្រោះយើងចាំការសម្រេចចិត្តពីរដ្ឋាភិបាលស៊ីរីសិន ។
តាំងពីដើមមកអីរ៉ង់ គឺជាគោលដៅវាយប្រហារ របស់អ៊ីស្រាអែលដោយអីរ៉ង់ បានរារាំងរាល់សកម្មភាពរបស់អ៊ីស្រាអែល ក្នុងនោះមានទាំងការផ្តល់ជំនួយដល់ក្រុម ប្រឆាំងដើម្បី វាយប្រហារប្រឆាំងទាហាន អ៊ីស្រាអែល។ ប៉ុន្តែអីស្រាអែលមិនមានហេតុផលអ្វីត្រូវវាយប្រហារចូលក្នុងប្រទេសអ៊ីរ៉ង់នោះឡើយ មានតែវាយប្រហារនៅទីតាំងខាងក្រៅ ក្នុងប្រទេសស៊ីរី ដែលសង្ស័យថា ជារបស់អ៊ីរ៉ង់។
នៅពេលនេះ អ៊ីស្រាអែលអាចបង្កើនការវាយប្រហារទីតាំងរបស់អ៊ីរ៉ង់នៅស៊ីរី ក្រោយពេល អាមេរិកដកទាហានចេញពិស៊ីរី នៅចុងខែមេសាខាងមុខ ។ អាមេរិកបានចាប់ផ្តើមដកទាហានបណ្តើៗចេញពីស៊ីរីហើយ បើទោះជាមានការ ព្រមានជាច្រើនថាការដកខ្លួននេះអាចនឹងធ្វើឱ្យក្រុម ISIS ប្រមូលកម្លាំងជាថ្មីឡើងវិញក៏ដោយ។
សារព័ត៌មានWall Street Journal នៅថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩បានផ្សាយថា តំបន់ At Tanfនឹងក្លាយជាទីតាំងចុងក្រោយដែលកងទ័ពអាមេរិកត្រូវដកចេញ ប៉ុន្តែ សហរដ្ឋអាមេរិកនឹងបន្តធ្វើជាអ្នកផ្ដល់ជំនួយមនុស្សធម៌លេខមួយសម្រាប់ប្រទេសស៊ីរីដដែល។
គួរជម្រាបថា កាលពីខែធ្នូ ឆ្នាំ២០១៨ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានប្រកាសថានឹងកងទ័ពអាមេរិកជិត២,០០០នាក់ ចេញពីប្រទេសស៊ីរី ដោយសារតែក្រុម ISIS ត្រូវបានកម្ចាត់ទាំងស្រុង។ ប៉ុន្តែការសម្រេចចិត្តនេះទទួលរងការរិះគន់យ៉ាងខ្លាំងពី សំណាក់សម្ព័ន្ធមិត្តមួយចំនួនដែលបានចូលរួមក្នុងក្រុមចំរុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក ខណៈអ្នកជំនាញជាច្រើន ព្រមានថាក្រុម ISIS នឹងកកើតឡើងជាថ្មីក្រោយកងទ័ពអាមេរិកត្រូវបានដកចេញ៕