លោករដ្ឋមន្ត្រី លឹម គានហោ សម្រេចផ្តល់ស្រះទឹកមួយកន្លែង ទំហំជាង ១ ហិកតា សម្រាប់ស្តុកទឹកប្រើប្រាស់ប្រចាំថ្ងៃនៅពន្ធនាគារខេត្តឧត្តរមានជ័យ ខណៈនៅទីនោះកំពុងជួបការខ្វះខាតទឹកជាខ្លាំង

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ការសម្រេចផ្តល់ស្រះទឹកមួយកន្លែងនេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីលោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធាន និងឧតុនិយម និងលោក ប៉ែន កុសល អភិបាល នៃគណអភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងអភិបាលរង និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានចុះពិនិត្យស្ថានភាពនៃការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងពន្ធនាគារខេត្តឧត្តរមានជ័យ ស្ថិតក្នុងសង្កាត់សំរោង ក្រុងសំរោង នារសៀលថ្ងៃសៅរ៍ ៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ។

បើតាមលោក សៅ វ៉ាន់នី ប្រធានពន្ធនាគារខេត្តឧត្តរមានជ័យ បានឲ្យដឹងថា៖ ក្នុងពេលកន្លងមក ពន្ធនាគាររបស់លោក គឺប្រើប្រាស់ប្រភពទឹកពីរណ្តៅដីដែលជីកយកសាច់ដីមកចាក់ធ្វើទីតាំងពន្ធនាគារនេះ ។ ប៉ុន្តែបច្ចុប្បន្ន ទឹកនៅក្នុងរណ្តៅដី បានរីងខះអស់ទៅហើយ ដូចនេះទើបធ្វើឲ្យកន្លែងរបស់លោកដែលមានទាំងមន្ត្រីពន្ធនាគារ និងទណ្ឌិតសរុបប្រមាណ ៣០០ នាក់ ប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃជាខ្លាំង ។ លោកប្រធានបានបញ្ជាក់បន្ថែមថា ក្រោយពេលទឹកក្នុងរណ្តៅដីនេះ បានរីងខះ លោកអភិបាលខេត្ត បានបញ្ជាឲ្យខាងស្នងការដ្ឋាននគរបាលខេត្ត យករថយន្តពន្លត់អគ្គិភ័យ ដើម្បីដឹកជញ្ជូនទឹកទៅកាន់ពន្ធនាគារសម្រាប់ការប្រើប្រាស់ផងដែរ ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏នៅតែមានការខ្វះខាត ទើបលោក សំណូមពរដល់លោករដ្ឋលេខាធិការ ក៏ដូចជា លោកអភិបាលខេត្ត ជួយដោះស្រាយទឹកប្រើប្រាស់នៅក្នុងពន្ធនាគាររបស់លោកឲ្យបានគ្រប់គ្រាន់ផង ។

ជាដំណោះស្រាយ លោកអភិបាលខេត្ត បានសម្រេចផ្គត់ផ្គង់នូវទឹកស្អាតចំនួន ១០ ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រាប់ការប្រើប្រាស់នៅទីនោះ ហើយលោករដ្ឋលេខាធិការ ក៏បានផ្តល់ជាថវិកា ចំនួន ១.០០០ ដុល្លារសហរដ្ឋអាមេរិក ដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ដើម្បីទិញស៊ីទែនទឹកចំណុះ ៥ ម៉ែត្រគូប ចំនួន ០២ ស៊ីទែន បំពាក់លើរថយន្តបែន សម្រាប់ដឹកជញ្ជូនទឹកទៅកាន់ពន្ធនាគារផងដែរ ។ នេះគឺជាការដោះស្រាយទឹកប្រើប្រាស់ចំពោះមុខ និងនៅក្នុងរដូវប្រាំងនេះ ។

ដោយឡែកសម្រាប់ការដោះស្រាយទៅថ្ងៃអនាគត លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសម្រេចផ្តល់ជាថវិកាផ្ទាល់ខ្លួន សម្រាប់ស្តារឡើងវិញនូវស្រះទឹកមួយកន្លែងនៅក្បែរនោះ ក្នុងទំហំជាង ១ ហិកតា ដែលមិនត្រឹមតែអាចផ្គត់ផ្គង់ទឹកដល់ការប្រើប្រាស់នៅក្នុងពន្ធនាគារប៉ុណ្តោះទេ ទាំងកងទ័ព និងប្រជាពលរដ្ឋនៅតំបន់នោះ ក៏អាចប្រើប្រាស់បានគ្រប់គ្រាន់ផងដែរ ។ ចំពោះការស្តារស្រះទឹកនេះ លោករដ្ឋមន្ត្រី បានបញ្ជាឲ្យបញ្ជូនគ្រឿងចក្រចុះអនុវត្ត ចាប់ពីថ្ងៃស្អែកនេះតែម្តង ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print