ពាក្យចចាមអារ៉ាម ស្តីពីការត្រៀមលក្ខណៈធ្វើរដ្ឋប្រហារនៅថៃ

ចែករំលែក៖

ការបោះឆ្នោតជិតចូលមកដល់កម្លាំងទាហានថៃក៏បានចាប់ផ្តើមធ្វើសកម្មភាព ដោយបញ្ជូនរថក្រោះរថពាសដែក បើកបរយ៉ាងកគ្រឹក កគ្រេង នៅតាមដងផ្លូវ ដូចទៅនឹងការត្រៀមធ្វើរដ្ឋប្រហារ នៅឆ្នាំ​២០១៤ ធ្វើឲ្យពលរដ្ឋយលឃើញថា ជាការត្រៀមធ្វើរដ្ឋប្រហារជាថ្មី ។

ពាក្យចចាមអារ៉ាម បានផ្សព្វផ្សាយពេញបណ្តាញសង្គម កាលពីថ្ងៃទី​១០ខែកុម្ភៈ ស្តីពីការត្រៀមលក្ខណធ្វើរដ្ឋប្រហារ ក្នុងពេលពលរដ្ឋបានឃើញសព្វាវុធទំនើបៗជាច្រើន ក្នុងនោះមានរថក្រោះ​ចូលមកទីក្រុង ។​ សកម្មភាពខាងលើ កើតឡើងក្រោយពេលដែលថៃបានត្រៀមលក្ខណសម្រាប់ការបោះឆ្នោត ។​

ក្នុងពេលនេះដែរ កម្លាំងទាហានថៃ ​បានច្រានចោលព័ត៌មាន ដែលបានចែកចាយពេញបណ្តាញសង្គម​ កាលពីថ្ងៃទី​១០ខែកុម្ភៈ​ នូវឃ្លីបវីដីអូ ដែលគេចាត់ទុកថា​ត្រៀមលក្ខណៈធ្វើរដ្ឋប្រហារ​។

ឃ្លីបវីដីអូស្តីពីរថក្រោះ រថពាសដែក ឆ្ពោះមកកាន់ទីក្រុងបាងកក ត្រូវបានពលរដ្ឋបង្ហោះលើបណ្តាញសង្គម បង្កឲ្យមានពាក្យចចាមអារ៉ាមថា​ ជាការត្រៀមលក្ខណៈធ្វើរដ្ឋប្រហារ ។ សកម្មភាពខាងលើ​របស់កម្លាំងទាហានថៃមិនខុសអ្វីពី ការត្រៀមលក្ខណៈធ្វើរដ្ឋប្រហារ​ នាពេលកន្លងមក ទើបធ្វើឲ្យពលរដ្ឋ​មានការខ្វល់ខ្វាយ។

ចំពោះព័ត៌មានខាងលើ  ឧត្តមសេនីយ៍ Piyapong Klinpan មេបញ្ជាការកងវរសេនាតូច ទ័ពអាកាសថៃបាននិយាយថា រថក្រោះ រថពាសដែកដែលបានចល័តនៅតាមដងផ្លូវគឺជាការ ត្រៀមលក្ខណៈធ្វើសមយុទ្ធនាពេលខាងមុខ ដែលជាសមយុទ្ធ«ពស់វែក»ប្រចាំឆ្នាំ​ ដោយឆ្នាំនេះធ្វើនៅ​៣ខេត្ត ដែលមានកម្លាំងកងវរសេនាតូច ឈរជើង។

រថក្រោះរថពាសដែកធ្វើដំណើរនៅតាមដងផ្លូវ បានប៉ះពាល់យ៉ាងខ្លាំង ដល់ ការធ្វើដំណើររបស់ពលរដ្ឋ ​ដូច្នេះ  ដើម្បីបញ្ចៀសការយល់ច្រឡំ​ រថក្រោះនិងរថពាសដែក បានបិទស្លាកអក្សរ ថា​​ប្រើប្រាស់សម្រាប់សកម្មភាពធ្វើសមយុទ្ធ ។

ជាមួយគ្នានេះដែរ មន្ត្រីរដ្ឋាភិបាលថៃ​បានចាត់វិធានការ ដល់បុគ្គលណាដែលបានបង្ហោះ រូបភាពលើបណ្តាញសង្គម ស្តីពីរថក្រោះរថពាស់ដែកខាងលើ ដោយសរសេរខុសពីការពិតនោះ​រដ្ឋាភិបាលនឹងដាក់ទោស ទៅតាមច្បាប់​។

ការធ្វើរដ្ឋប្រហារ ចុងក្រោយបំផុតនៅក្នុងប្រទេសថៃគឺនៅខែឧសភាឆ្នាំ​២០១៤ ដឹកនាំដោយមេទ័ពជើងគោកប្រាយុទ្ធចាន់អូចារ្យ ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសថៃតាំងពី ពេលនោះមក​។ បច្ចុប្បន្នថៃបានត្រៀមលក្ខណបោះឆ្នោត​ប្រជាធិបតេយ្យលើកដំបូង ក្រោយរយៈពេល​៥ឆ្នាំគ្រប់គ្រងដោយយោធា ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print