វៀតណាមត្រៀមដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការផ្សះផ្សាវិវាទ​«អន្តរជាតិ»

ចែករំលែក៖

វៀតណាំជាប្រទេស ដែលមានវិវាទ​យ៉ាងខ្លាំងជាមួយអាមេរិកពីអតីតកាល  ហើយបច្ចុប្បន្នវៀតណាមមានទំនាក់ទំនងយ៉ាងល្អជាមួយអាមេរិក ។ទាំងនោះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់​ពីតួនាទី​របស់វៀតណាម ក្នុងការធ្វើជាម្ចាស់ផ្ទះផ្សះផ្សាទំនាក់ទំនងអន្តរជាតិ ពិសេសគឺអាមេរិកនិងកូរ៉េខាងជើង ។

ជាមួយគ្នានេះ វៀតណាមមានបំណងចង់បង្ហាញ តួនាទី​ដំ៏​សំខាន់​របស់​ខ្លួន លើឆាក​អន្តរជាតិ​ជា​ថ្មី​ម្តង​ទៀត ​បន្ទាប់ពី​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំកំពូល​អាស៊ី – ប៉ាស៊ីហ្វិក (Apec) នៅក្នុងឆ្នាំ ២០១៧ និង​វេទិកាសេដ្ឋកិច្ចពិភពលោក​ថ្នាក់​តំបន់​ (WEF) កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅនេះ​។ កិច្ចប្រជុំ Trump-Kim អាច​ផ្តល់​ផល​ចំណេញ​ដល់​​ប្រទេស វៀតណាម​ច្រើន​។

លោក Vu Minh Khong អ្នកវិភាគគោលនយោបាយនៅ​សាលា គោលនយោបាយសាធារណៈ Lee Kuan Yewនៅសិង្ហបុរីបាននិយាយថា «ការធ្វើជាម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំកំពូល​អាច​​ជំរុញ​ ឋានៈ​របស់​វៀតណាម នៅ​ក្នុង​សហគមន៍​អន្តរជាតិ ព្រមទាំង​ជួយ​ជំរុញ​​ប្រទេស​ឱ្យ​លេចមុខ​លេច​មាត់ ​ទាក់ទាញ​ភ្ញៀវ​ទេសចរ និងវិនិយោគិនបរទេស​ជា​ដើម»។

លោក Kim Jong Un ជា​មនុស្ស​ម្នាក់​មិន​ចំណូល​ធ្វើ​ដំណើរ​ឆ្ងាយ និង​មាន​ក្តី​បារម្ភ​ខ្ពស់​ពី​សុវត្តិភាព​ផ្ទាល់​ខ្លួន ជាក់​ស្តែង​លោក​មាន​បំណង​ចង់​ធ្វើ​ដំណើរ​តាម​រថភ្លើង​ពាស​ដែក​ច្រើន​ជាង​។ ដោយ​ទីតាំង​នៃ​ប្រទេស​វៀតណាម នៅ​ជិត​កូរ៉េខាងជើង ​ហេតុនេះ​ការ​ហោះហើរ​​ពី​ទីក្រុង​ព្យុងយ៉ាង នឹង​ប្រើប្រាស់​រយៈ​ពេល​ខ្លី។ ម្យ៉ាង​ទៀតប្រទេស វៀតណាម ក៏​មាន​ស្ថានទូត​អាមេរិក និង​​កូរ៉េខាងជើង ដូច​គ្នា ដែល​​អំណោយ​ផល​ដល់​ដំណើរ​​ការ​រៀបចំ​ទុក​​មុន​កិច្ច​ជំនួប​កើតឡើង។​

​លើស​ពី​នេះ​ទៅ​ទៀត​នោះ រដ្ឋាភិបាល​ទីក្រុង​ហាណូយ ពេញ​ចិត្ត​ក្នុង​ការ​កសាង​ទំនាក់ទំនង​មិត្តភាព​ល្អ​ជាមួយ​ប្រទេស​ទាំងពីរ ហើយ​ត្រូវ​បាន​គេចាត់ទុកថាជាដែនដីអព្យាក្រឹត្យ។ បើ​និយាយ​ពី​សន្តិសុខ​ប្រទេស​នេះ ត្រូវ​បាន​រឹត​បន្តឹង​យ៉ាង​យ៉ាង​ប្រុងប្រយ័ត្ន​​សូម្បី​ក្នុង​ពេល​ធម្មតា​ក្តី។ អាជ្ញាធរ​នឹង​ធ្វើ​ការ​គ្រប់គ្រង​យ៉ាង​ប្រុងប្រយ័ត្ន​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និងហ្វូងមនុស្ស​ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ដែល​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​ ដែល​នឹង​ត្រូវ​បាន​តាមដាន​យ៉ាង​ហ្មត់ចត់​ពី​សំណាក់​មនុស្ស​ទូទាំង​សកល​លោក។

ក្នុង​នាម​ជា​ប្រទេស​កាន់​របប​កុម្មុយនិស្ត ប៉ុន្តែ​មាន​ទំនោរ​ទៅ​រក​របប​មូលធននិយម ព្រមទាំង​អាច​ចង​ទំនាក់​ទំនង​មិត្ត​ភាព​​ទាំង​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង​នោះ ប្រទេស វៀតណាម​នឹង​ក្លាយ​ជា​ម្ចាស់​ផ្ទះ រៀប​ចំ​កិច្ច​ជំនួប​កំពូល​រវាង​មេដឹកនាំ​សហរដ្ឋអាមេរិក​លោក Donald Trump និង​មេដឹកនាំ​កូរ៉េខាង​ជើង លោក Kim Jong Un ​នា​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ​ខាងមុខ។

មិន​ខុស​ពី​កូរ៉េខាងជើង ប្រទេស​វៀតណាម ធ្លាប់​​មាន​ភាព​រអាក់រអួល​ក្នុង​ទំនាក់​ទំនង​ជាមួយ​សហរដ្ឋអាមេរិក ដោយ​សារ​សង្គ្រាម​បង្ហូរឈាម និង​ប្រវត្តិ​ដ៏​ជូរ​ចត់​ជាមួយ​ប្រទេស​មហា​អំណាច​មួយ​នេះ​។ ប៉ុន្តែ​អ្វី​ដែល​ខុស​គ្នា​នោះ​គឺ រដ្ឋាភិបាល​ក្រុង​ហាណូយ បច្ចុប្បន្ន​បាន​ចាត់​ទុក​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​ជា​សម្ព័ន្ធ​មិត្ត​ជិត​ស្និទ្ធ​បំផុត​របស់​ខ្លួន ព្រមទាំង​បាន​រលាស់​ខ្លួន​ចេញ​ពី​ការ​បំផ្លិចបំផ្លាញ​ដោយ​សារ​សង្គ្រាម ទៅ​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​នៅ​អាស៊ី និង​ជា​អ្នក​ជំនាញ​ផ្នែក​ទំនាក់​ទំនង​ការទូត​ល្អ​បំផុត។

 

វៀតណាម​គឺ​ជា​ប្រទេស​មួយក្នុងចំណោមប្រទេស​ដែល​មាន​ទំនាក់ទំនងល្អ​​ជាមួយ​ប្រទេស កូរ៉េខាងជើង។ ទំនាក់ទំនងការទូត​រវាង​រដ្ឋាភិបាល ទីក្រុងហាណូយ និងទីក្រុងព្យុងយ៉ាងមានតាំងពីឆ្នាំ១៩៥០។ កូរ៉េខាងជើង ធ្លាប់​បាន​បញ្ជូន​ទ័ព​ជើង​អាកាស​ទៅ​កាន់​ភាគ​ខាង​ជើង​​នៃ​ប្រទេស​វៀតណាម ក្នុង​អំឡុង​សង្គ្រាម​វៀតណាម។ ជាមួយ​គ្នា​នេះអតីត​មេដឹកនាំកំពូលកូរ៉េខាងជើង ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម គឺ​លោក Kim Il Sung ដែល​ជា​ជីតា​លោក Kim Jong Un នៅឆ្នាំ​១៩៥៨។ ​ក្រោយ​មក​មាន​មន្រ្តី​ជាន់​ខ្ពស់​កូរ៉េខាងជើង​ជាច្រើន​រូប បាន​មក​លេង​ប្រទេស វៀតណាម ចាប់តាំងពីពេលនោះមក។

សូម​ជម្រាប​ថា ខណៈ​ដែល​ស្ថានភាព​ពាណិជ្ជកម្ម​បាន​ធ្លាក់​ចុះ បន្ទាប់ពីមានការដាក់ទណ្ឌកម្ម​ពីសំណាក់​អង្គការសហប្រជាជាតិ ប្រឆាំងនឹង​រដ្ឋាភិបាល​ក្រុងព្យុងយ៉ាង វា​បានឈានដល់​៧​ លានដុល្លារ​នៅក្នុងឆ្នាំ​២០១៧ ។ ហេតុនេះ ដំណើរទស្សនកិច្ចរបស់​លោក​ Kim ទៅកាន់ប្រទេសវៀតណាម អាច​នឹងក្លាយ​ជាឱកាសសម្រាប់​លោក ក្នុង​ការ​រៀន​សូត្រ​ពី​វៀតណាម​ក្នុង​ការ​ស្តា​សេដ្ឋកិច្ច​ក្រោយ​​បញ្ចប់​សង្គ្រាម​វៀតណាម។

លោក Le Hong Hiep អ្នកជំនាញ​​វៀតណាម​នៅ​វិទ្យាស្ថាន ISEAS-Yusof ប្រទេស សឹង្ហបូរី បាននិយាយថា “លោក Kim នឹងចាប់អារម្មណ៍​ក្នុងការ​សិក្សា​ស្ថានភាព​​ប្រទេស​វៀតណាមដោយខ្លួនឯង ដែល​អាច​ជា​ប្រភព​បទពិសោធន៍​ដ៏ល្អ​នៃការបំផុសគំនិត និងការឆ្លុះបញ្ចាំង​អំពីវិធីដែល​លោក​អាច​ជ្រើសរើស​​ដើម្បី​ជំរុញ​កូរ៉េខាងជើង ឱ្យ​រីក​ចម្រើន​ទៅមុខ”។

ប្រទេសវៀតណាមក៏អាចជាទីតាំងដ៏មានសារៈសំខាន់ខាងយុទ្ធសាស្រ្តសម្រាប់​សហរដ្ឋអាមេរិក ដែល​បច្ចុប្បន្នកំពុងជាប់​ផុង​ក្នុង​សង្គ្រាមពាណិជ្ជកម្មជាមួយចិន ដែលជាសម្ព័ន្ធមិត្តជិតបំផុត របស់កូរ៉េខាងជើង។លោកជុនសុងវូន (Cheon Seong Whun) អ្នកស្រាវជ្រាវម្នាក់នៅវិទ្យាស្ថាន Asan Institute for Policy Studies នៅទីក្រុងសេអ៊ូលបាននិយាយថា លោក Trump អាចប្រើ​ប្រាស់​ប្រទេស វៀតណាមដើម្បី ជា​” សញ្ញា​ប្រាប់​ទៅទីក្រុងប៉េកាំងថា ​កូរ៉េខាងជើង មិនស្ថិតនៅក្នុងដៃរបស់​ចិន​នោះ​ទេ ម្យ៉ាង​ទៀត អាមេរិក​ក៏​មាន​តុល្យភាពឥទ្ធិពល​ដូច​ចិននៅក្នុងតំបន់នេះ” ។

វ៉ាស៊ីនតោនក៏ចង់បង្ហាញពី​ភាព​ជោគជ័យ​នៃ​សេដ្ឋកិច្ចរបស់វៀតណាម ក្រោម​ការ​​ជំរុញ​ដោយ​លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងអំឡុង​លោក​ធ្វើទស្សនកិច្ច​​ក្នុង​ប្រទេស​វៀតណាម​កាលពីឆ្នាំមុន។ លោក Pompeo បាននិយាយនៅក្នុងសុន្ទរកថា ដោយ​សំដៅទៅ​មេដីកនាំ​ Kim ថា «ប្រទេស​លោក​​អាច​ដើរ​តាម​ផ្លូវ​នេះ​បាន​។ នេះ​គឺ​ជា​ឱកាស​របស់​លោក​ ប្រសិន​បើ​លោក​ចេះ​ចាប់​យក​ពេល​នេះ»។ វា​អាច​ជា​អព្ភូតហេតុ​ដ៏​អស្ចារ្យ​សម្រាប់​ប្រទេស កូរ៉េខាងជើងផងដែរ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print