ខេត្ដកណ្ដាល៖ ប្រជាពលរដ្ឋឃុំព្រែក តាកូវបានឱ្យដឹងថា ផ្ទៃដីបឹងធម្មជាតិ យ៉ាងហោចណាស់ទំហំជាង១រយហិកតា នៅចំណុច ឃុំព្រែកតាកូវ ស្រុកខ្សាច់ កណ្ដាល ត្រូវបានអាជ្ញាធរ និងមន្ដ្រី ជំនាញពុះលក់ទៅឱ្យឈ្មួញតាមរបៀប ស្ងាត់ៗតាំងពីយូរមកហើយ ។
តាមសេចក្ដីរាយការណ៍ឱ្យដឹងថា បឹងកិចដែលជាផ្នែកមួយនៃជម្រកត្រីពងកូននោះ ត្រូវបានអាជ្ញាធរ ឃុំ-ស្រុក និង មន្ដ្រីជលផលកាត់ខ្វៀលលក់ទៅឱ្យឈ្មួញ ម្នាក់ឈ្មោះ ហុង សុខហួ ក្នុងតម្លៃ១ម៉ែត្រ ការ៉េ១០ដុល្លារ ។ ប្រការនេះបានធ្វើឱ្យ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទីតាំងនៃការបង្កកំណើតរបស់ពពួកមច្ឆជាតិ ។
លោក ជា ម៉ាច មេឃុំព្រែកតាកូវ បានថ្លែងទទួលស្គាល់ថា ដីបឹងកិចពិតជា ត្រូវបានគេពុះលក់ទៅឱ្យឈ្មួញខាងលើ មែន ប៉ុន្ដែដោយសារលោកជាមន្ដ្រី តូចតាច ដូច្នេះពុំមានសិទ្ធិទប់ស្កាត់ទេ ។ លោកមេឃុំបន្ដថា ដីបឹងនេះលក់ជាយូរ ណាស់មកហើយ ពោគឺតាំងពីលោក មិនទាន់ឡើងមកធ្វើជាមេឃុំម្ល៉េះ ។
ចំណែកលោក គង់ សោភ័ណ្ឌអភិបាល ស្រុកខ្សាច់កណ្ដាលក៏បានឱ្យដឹងដែរថា លោកមិនជាប់ពាក់ព័ន្ធ ក្នុងរឿងលក់ ដីបឹងកិចនេះទេហើយអ្នកដែលពាក់ព័ន្ធ គឺលោកអភិបាលស្រុកចាស់ ។
ប្រជាពលរដ្ឋនៅឃុំព្រែកតាកូវនិយាយថា បឹងធម្មជាតិជាជម្រកត្រីពងកូន និង ប្រជាពលរដ្ឋនៅភូមិជិតខាងអាចប្រកបរបរនេសាទជាលក្ខណៈគ្រួសារបាន ។ ប៉ុន្ដែ ឥឡូវត្រូវបានអាជ្ញាធរឃុបឃិតគ្នាលក់ ហើយឆ្លើយដាក់គ្នា ។ ដូច្នេះអាជ្ញាធរ ខេត្ដគួរពិនិត្យមើលរឿងនេះផង ដោយ មិនបណ្ដោយឱ្យដីបឹងធម្មជាតិពុះលក់ ស្រេចតែទំនើងចិត្ដនោះទេ ៕
ដោយ៖ ហេង សូរិយា