សិល្បករវ័យក្មេងជាច្រើនរូបចែករំលែកក្តីស្រលាញ់ទៅកាន់ជនក្រីក្រ

ចែករំលែក៖

ភ្នំពេញ ៖ តារាចម្រៀង តារាសម្តែងវ័យក្មេងជំនាន់ក្រោយជាច្រើនរូបបានប្រមូលផ្តុំគ្នាបង្កើតកម្មវិធីសប្បុរសធម៌​ចែក​អំណោយ និងក្តីស្រលាញ់ទៅកាន់ជនក្រីក្រជាច្រើននៅតំបន់ចាក់សម្រាមជើងឯក និងជនក្រីក្រមួយចំនួនតាមដងផ្លូវ។

កម្មវិធីនេះត្រូវបានធ្វើឡើងចំទិវានៃក្តីស្រលាញ់ថ្ងៃទី១៤ខែកុម្ភៈនេះ។ សិល្បករវ័យក្មេងដែលរួមគ្នាធ្វើសកម្មភាពសង្គមនេះមានដូចជា ដាវណ្ណ ចេន្នី , ម៉ារី , ខាន់ វិចិត្រទូ, ដាវណ្ណ រីគី, ផល កក្កដាក្រោមការដឹកនាំដោយក្រុមសិល្បករជើងចាស់អ្នកស្រីច័ន្ទ សោភ័ណ្ឌ។

អ្នកស្រីបញ្ជាក់ថា គឺជាកម្មវិធីដែលរួមចិត្តគ្នាជាមួយសិល្បករក្មេងៗជំនាន់ក្រោយដែលពួកគេស្រលាញ់រាប់អានគ្នា ហើយក៏បានរួមគ្នាបង្កើតកម្មវិធីនេះឡើយដើម្បី ស្វែងយល់ពីជីវិតលំបាករបស់ប្រជាពលរដ្ឋខ្វះខាតផ្នែកជីវភាព និងសាកសួរសុខទុក្ខកុមារដែលពឹងអាស្រ័យលើការរើសសម្រាមនៅតំបន់នោះ។

អ្នកស្រីបន្តថា ជាការចែករំលែកក្តីស្រលាញ់ដែលពួកគេមានទៅកាន់អ្នកខ្សត់ខ្សោយ ហើយអ្នកស្រីចង់បណ្តុះគំនិត និងវប្បធម៌នៃការចែករំលែកទៅកាន់មនុស្សជុំវិញខ្លួន។អ្នកស្រីថាទោះបីជាអំណោយជាភេសជ្ជៈ អាហារខ្លះៗ​មិនបានគ្រប់គ្រាន់សម្រាប់តម្រូវការពួកគាត់ប៉ុន្តែឆ្លុះបញ្ចាំងពីទឹកចិត្តដែលពួកគាត់មានទៅកាន់មនុស្សជុំវិញខ្លួនពិសេសក្នុងនាមមានឈាមជ័រជាខ្មែរដូចគ្នា។

អ្នកស្រីបន្តថានៅក្រៅពីចុះចែកនៅតំបន់ទីលានចាក់សម្រាមនោះ អ្នកស្រីនិងសិល្បករជើងចាស់មួយចំនួនទៀតបានធ្វើដំណើរទៅចែកទាន មាននំចំណី ភេសជ្ជៈទៅកាន់ចាស់ជរា និងក្មេងៗនៅតំបន់សួនវត្តបុទុមផងដែរ។ អ្នកស្រីរំពឹងថាក្រោយចូលរួមកម្មវិធីសប្បុរសធម៌បែបនេះនឹងជួយជំរុញឲ្យសិល្បករជំនាន់ក្រោយខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងបំពេញការងារពួកគេបានកាន់តែល្អ និងបង្កើនឱកាសចែករំលែកក្តីស្រលាញ់ទៅកាន់មនុស្ស ជុំវិញខ្លួនផងដែរ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print