ជួបហេតុភេទចម្លែកជាថ្មីលើតារាសម្តែងភីម៉ៃគ្រាថតរឿង”ឯណាខ្មោច?”

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលជាថ្មីសម្រាប់ផលិតករ និងសិល្បករដែលចូលរួមសម្តែងភាពយន្តខ្នាតធំរឿង”ឯណាខ្មោច?” បន្ទាប់ពីពួកគេបានជួបហេតុភេទចម្លែកមួយក្នុងរូបថតមួយសន្លឹកដែលថតជាប់ម្រាមដៃចម្លែកមួយលើតារាសម្តែងលោកភី ម៉ៃ។ ទោះជាយ៉ាងណាហេតុការណ៍ស្រដៀងគ្នានេះមិនមែនជាលើកទី១ទេដែលហេតុភេទចម្លែកៗបែបអបិយកើតមានចំពោះរូបលោកនោះ។
​រូបថតដែលធ្វើឲ្យក្រុមការងារផលិតរបស់លោក ចាន់ណា រ៉ូណាន មានការភ្ញាក់ផ្អើល បះរោមព្រឺសម្បុរ អ្នកខ្លះចង់ឈឺនោះគឺក្រោយពេលគេពិនិត្យឃើញរូបថតមួយសន្លឹកដែលមានម្រាមដៃមនុស្សស្រីមានម្រាមតែបីលូកមកចាប់ស្មាតារាសម្តែងភីម៉ៃ។ លោកភី ម៉ៃ បានបញ្ជាក់តាមទូរស័ព្ទពីខេត្តបាត់ដំបងថា រាល់ការថតភាពយន្តបែបរន្ធត់ឲ្យផលិតករខាងលើគឺតែងតែជួបហេតុភេទចម្លែកៗជាច្រើន ដែលអបិយជំនឿថាមានព្រលឹងនៃកម្លាំងក្រៅខ្លួនណាមួយមកតាម ដែលលោកថាមិនមែនជាការតាមរំខាននោះទេ។ តារាសម្តែងកំពុងលេចធ្លោររូបនេះបញ្ជាក់ដែរថា គ្រាថតរឿង”កំណត់ហេតុនាងនាថ”នៅតំបន់សក្ការៈបូជារបស់អ្នកភូមិ គឺក៏មានការថតជាប់ស្រមោលព្រលឹងអ្វីម្យ៉ាងដែលធ្វើឲ្យមានការភ្ញាក់ផ្អើលផងដែរ។ បន្ទាប់មកទៀតគឺគ្រាថតភាពយន្ត”សរសរកន្លោង”នៅខេត្តកំពតនោះក៏លេចចេញហេតុភេទចម្លែកគឺឧបករណ៍ចាក់ថាសឌីសបុរាណមួយដែលគេលែងប្រើសម្រាប់តាំងថតរឿងនោះស្រាប់វិលបន្លឺសំឡេងពិណពាទ្យបែបបុរាណធ្វើឲ្យក្រុមការងារបះសក់មិនតិចទេ។ ហេតុការណ៍ចម្លែកថ្មីក្រោយថតរឿង”ឯណាខ្មោច?”នេះក៏ធ្វើឲ្យតារាសម្តែងក្នុងរឿងភ្ញាក់ផ្អើល និងព្រឺសម្បុរគ្រប់ៗគ្នាដែរក្រោយពីគេបានពិនិត្យឃើញរូបថតមួយសន្លឹកដែលមានម្រាមដៃមនុស្សស្រីម្នាក់លូកមកចាប់ស្មាខាងឆ្វេងតារាសម្តែងរូបនេះ តារារូបនេះបញ្ជាក់ថានេះមិនមែនដៃតារាសម្តែងប្រុសលោក ជីមី និងកញ្ញា សួង ស៊ីធឿនជាតួឯកនោះទេ ដែលក្រោយការពិនិត្យ និងសាកសួរទៅក្រុមការងារគឺកាន់តែធ្វើឲ្យមានការភ្ញាក់ផ្អើល។ លោកបញ្ជាក់ថា រូបថតនោះគឺថតចាប់តាំងពីអំឡុងខែកញ្ញាឆ្នាំ២០១៨មកម៉្លេះនៅផ្លូវ៥៥តំបន់ភ្នំ១៥០០នាស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានទេសភាពស្អាតប្លែកកម្រមានអ្នកធ្វើដំណើរកម្សាន្ត។ លោកថានេះមិនមែនជាការកាត់ទេ ហើយលោកក៏មិនមានបំណងបំផុសបំផុលឲ្យមហាជន ឬអ្នកគាំទ្រជឿលើកអបិយជំនឿណាមួយហួសហេតុនោះដែរ ប៉ុន្តែជាហេតុភេទចម្លែកកើតមានចំពោះរូបលោកក្រោយចេញថតរឿងបែបរន្ធត់ និងក្រោយពីលោកងាកមកកាត់សក់បែបសម័យបុរាណមក។
លោកភី ម៉ៃ បញ្ជាក់ដែរថា មុនចេញថតក្រុមការងារសុទ្ធតែបានរៀបចំពិធីសែនព្រេន ក្រុងពាលី តាមទំនៀមទម្លាប់ផងដែរ។ លោកថាពីមុនលោកហាក់មិនមានជំនឿខ្លាំងលើកម្លាំង ឬព្រលឹងក្រៅខ្លួនជ្រុលហួសហេតុនោះទេប៉ុន្តែក្រោយជួបរឿងបន្តបន្ទាប់លោកគិតថាមានអ្នកតាមជួយថែរក្សាលោកតែប៉ុណ្ណោះ។ ក្រៅពីហេតុភេទនេះលោកក៏ជួបនឹងរឿងរ៉ាវមួយផ្សេងទៀតគ្រាថតរឿងនេះត្រង់ឈុតជិះម៉ូតូធំដែលឈុតលោកបើកម៉ូតូកង់បីធំយ៉ាងលឿន ហៀបនឹងក្រឡប់ ប៉ុន្តែហាក់មានកម្លាំងអ្វីម្យ៉ាងជួយទាញ មិនឲ្យមានបញ្ហា ដល់រូបលោក និងតារាស្រីដែលជិះជាមួយ។ លោកបន្តថាមានឈុតឆាកគ្រោះថ្នាក់មួយចំនួនទៀតដែលលោកជួប ដែលហេតុការណ៍ខ្លះបានត្រឹមតែធ្វើឲ្យលោករហែកសម្លៀកបំពាក់ប៉ុណ្ណោះមិនធ្វើឲ្យរងរបួសនោះទេ ទើបលោកយល់ថាមានកម្លាំងអ្វីម្យ៉ាងតាមជួយថែរក្សាការពារលោក។
គួរបញ្ជាក់ដែរថាភាពយន្តរឿង”ឯណាខ្មោច?”ដែលគឺជាភាពយន្តបែបភ័យរន្ធត់ ដឹកនាំផលិតដោយលោក ចាន់ណា រ៉ូណាន បានរៀបចំពិធីក្រុងពាលី និងចេញថតចាប់តាំងពីអំឡុងខែសីហាឆ្នាំ២០១៨។ ភាពយន្តនេះ មានចូលរួមសម្តែងដោយតារាប្រុសស្រីល្បីឈ្មោះជាច្រើនមានដូចជា លោក ទ្រី តារាវុធ កញ្ញា សួង ស៊ីធឿន លោក ភី ម៉ៃ កញ្ញា យេយេ លោក សាតាន់ លោក ដូ រីកូ ជាដើម។ ភាពយន្តនេះនឹងត្រូវចាក់បញ្ចាំងក្នុងរោងភាពយន្តចាប់ពីថ្ងៃទី២៨ខែមីនាឆ្នាំ២០១៩នេះតទៅ៕ ដោយ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print