ខេត្តកណ្ដាលៈ បុរសជាថ្មើរជើងម្នាក់ ដែលមានសតិមិនគ្រប់ត្រូវបានរថយន្ដមិនស្គាល់ម៉ាកមួយគ្រឿងបើកបុកពេញមួយទំហឹង បណ្ដាលឲ្យបុរសជាអ្នកថ្មើរជើងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីថ្ងៃសៅរ៍ ទី១៦ ខែកុម្ភះ ឆ្នាំ២០១៩ វេលាម៉ោង២៣និង៥៨នាទី ត្រង់ចំណុចលើស្ពានពាមសត្ថា ស្ថិតក្នុងភូមិភូមិព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះជាអ្នកថ្មើរជើងឈ្មោះ ឡុង ស្រេង ភេទប្រុស អាយុប្រហែល៦២ឆ្នាំ មានទីលំនៅភូមិដងគោមថ្មី ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែករថយន្ដមិនស្គាល់ម៉ាក បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ (បើករត់គេចខ្លួនបាត់ស្រមោល) ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកថ្មើរជើង ដើរតាមបណ្ដោយផ្លូវ លុះមកដល់ចំណុចលើស្ពានពាមសត្ថា ក៏មានរថយន្ដមួយគ្រឿងមិនស្គាល់ម៉ាក បានបុកជនរងគ្រោះពេញមួយទំហឹងបណ្ដាលឲ្យជនរងគ្រោះជាអ្នកថ្មើរជើងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯរថយន្ដបានបើករត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងនគរបាលជំនាញបានចុះទៅធ្វើការពិនិត្យ វាស់វែង កន្លែងកើតហេតុ រួចកសាងឯកសារ និងប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ
...