ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឲ្យគណៈ ប្រតិភូគណៈកម្មាធិការនាយកនៃក្រុមប្រឹក្សាភិបាលធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចូលជួបសំដែងការគួរ សម និងធ្វើការជម្រាបជូនលោករដ្ឋមន្រ្តីនូវការពង្រឹងកិច្ចសហប្រតិបត្តិការខ្ពស់ឡើង ក្នុងយុទ្ធសាស្រ្តគ្រប់ជ្រុង ជ្រោយលើការអភិវឌ្ឍវិស័យធនធានទឹកក្នុងប្រទេសកម្ពុជា។
គណៈប្រតិភូADBខាងលើដឹកនាំដោយ លោក Shivaji Kshatrapati ប្រធានគណៈកម្មាធិការនាយក និងអមដោយលោក In-Chang Song, លោក Kris Panday, លោក Philip T. Rose, លោក Mario Di Maio, លោក Scott Dawson ,លោក Paul Dominguez, លោក Jin Lu និងលោកជំទាវ Sunniya Durrani-Jamal ប្រធានស្ថានតំណាងADB ប្រចាំប្រទេសកម្ពុជា ព្រមទាំងមន្រ្តីជាន់ខ្ពស់របស់ ADBជាច្រើនរូបទៀត។
ក្នុងពេលជំនួបនោះ លោកប្រធានគណៈប្រតិភូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់លោករដ្ឋមន្រ្តី លើការអភិវឌ្ឍនៃវិស័យធនធានទឹក ដោយរូបលោកផ្ទាល់ បានទៅធ្វើទស្សនកិច្ចផ្ទាល់នៅទីតាំងគម្រោងប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ចំនួន០២ដង និងសូមវាយតំលៃខ្ពស់ចំពោះ លោករដ្ឋមន្រ្តីដែលបានយកចិត្តទុកដាក់អស់ពីកំលាំងកាយចិត្ត ធ្វើការសហការបានល្អប្រសើរជាមួយ ADB ដោយបានធ្វើឲ្យគម្រោងនេះ និងវិស័យធនធានទឹកទាំងមូល ទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាពខ្ពស់។
ជាការឆ្លើយតប លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ជាប្រចាំរបស់ ADB លើការអភិវឌ្ឍវិស័យធនធានទឹកទាំងផ្នែករឹង និងផ្នែកទន់។ រាល់គ្រប់ជំនួយសហប្រតិបត្តិការពី ADB លើវិស័យធនធានទឹក គឺបានឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងបានទាន់ពេលវេលា ជាពិសេសបានរួមចំណែកយ៉ាងច្រើនជាអតិបរមាក្នុងផែនការវិនិយោគលើវិស័យធនធានទឹកក្នុងពេលកន្លងមក ធ្វើឲ្យផ្ទៃដីស្រោចស្រពកើនឡើងច្រើន ធ្វើឲ្យការដាំស្រូវនិងដំណាំផ្សេងទៀតបានប្រព្រឹត្តទៅបានច្រើនដងក្នុង១ឆ្នាំ ដែលជាហេតុធ្វើឲ្យសេដ្ឋកិច្ចប្រទេសកម្ពុជាមានការរីកចម្រើនប្រសើរឡើង។
ម្យ៉ាងទៀត ក្នុងពេលបច្ចុប្បន្ននេះ ដែលពិភពលោកទាំងមូលកំពុងជួបប្រទះនឹងសភាពឡើងកំដៅផែនដីកាន់តែខ្លាំង ក្រោមបាតុភូត Elnio និងការបំរែបំរួលអាកាសធាតុជាអតិបរមាឥតស្រាកស្រាន្ត ADB កំពុងតែឈរយ៉ាងរឹងមាំជាមួយក្នុងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរក្នុងការកសាងផែនការរយៈពេលវែង និងរយៈពេលមធ្យមសំរាប់អភិវឌ្ឍន៍វិស័យធនធានទឹកនៃព្រះរាជាណាចក្រកម្ពុជាក្នុងលក្ខណៈគ្រប់ជ្រុងជ្រោយ មានប្រសិទ្ធភាពខ្ពស់និងធានាបាននូវនិរន្តភាព។ ជាពិសេសកាលពីសប្តាហ៍មុននេះ មុនលោកប្រធានគណៈប្រតិភូ និងសហការីអញ្ជើញមកដល់លោករដ្ឋមន្រ្តី និងលោកជំទាវ Sunniya បានដឹកនាំអង្គប្រជុំថ្នាក់រដ្ឋមន្រ្តីដើម្បីឆ្លងផែនការរយៈពេលវែងលើការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត និងវិស័យធនធានទឹករបស់ប្រទេសកម្ពុជាប្រកបដោយលទ្ធផលជាផ្លែផ្កា។
ក្នុងជំនួបពិភាក្សានេះ លោករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណចំពោះ លោកប្រធានគណៈប្រតិភូ ADB និងសហការីទាំងអស់ ដែលបានឆ្លៀតពេលអញ្ជើញចុះពិនិត្យ និងសិក្សាស្វែងយល់ដោយផ្ទាល់នៅទីតាំងប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង កាលពីថ្ងៃទី១៨ ខែកុម្ភៈ កន្លងទៅនេះ។ លោករដ្ឋមន្រ្តីបានប្រសិទ្ធពរជ័យ ជូនលោកប្រធានគណៈប្រតិភូ ADB និងសហការី អោយទទួលបានជោគជ័យក្នុងបេសកកម្មនៅប្រទេសកម្ពុជា និងធ្វើដំណើរត្រលប់ទៅកាន់ ADB HQ វិញប្រកបដោយសុខសុវត្ថិភាព ៕ ដោយ ៖ សុខ ខេមរា