សហរដ្ឋអាមេរិក៖ តំបន់ភាគខាងកើតអាមេរិក ក្នុងនោះមានទីក្រុងញ៉ូវយ៉ក Philadelphia និងទីក្រុងវ៉ាស៊ីនតោន គ្រប់ដណ្តប់ដោយព្រិលយ៉ាងក្រាស់ ធ្វើឲ្យជើងហោះហើរជាច្រើនត្រូវបានលុបចោល។
តាមសារព័ត៌មានអាមេរិកបានផ្សាយថា ៖មកទល់ពេលនេះមានជើងហោះហើរជាង១០០០ជើង នៅអាកាសយានដ្ឋានជាច្រើន ក្នុងទឹកដីអាមេរិក ត្រូវបានផ្អាកកាលពីថ្ងៃទី២០ខែកុម្ភៈ បន្ទាបពីព្យុះព្រិលវាយប្រហារ។
នៅពេលនេះដែរ តំបន់អឺរ៉ុប ក៏រងការវាយប្រហារដោយព្យុះព្រិលផងដែរ ដោយកន្លងមក ថ្មីៗ នៅប្រទេសស្វិសមានព្រិលធ្លាក់ខ្លាំង ធ្វើឲ្យបាក់ព្រិលពីលើភ្នំបណ្តាលឲ្យអ្នកជិះស្គី ជាង ១០នាក់ត្រូវព្រិល សង្កត់ពីលើ។
ចំណែកនៅអាមេរិកនាពេលនេះ គ្រប់ដណ្តប់ដោយព្យុះព្រិលនៅតំបន់ភាគខាងកើត ធ្វើឲ្យ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ FlightAware មានជើងហោះហើរជាង ៧០០ជើង ត្រូវបានលុបចោល។ក្នុងពេលជាមួយគ្នានោះ ជើងហោះហើរនៅក្នុងអាកាសយានដ្ឋានជាច្រើនទៀត មានទីក្រុងញ៉ូវយ៉ក បានលុបជើងហោះហើរ ជាង៣០០ជើង ។
តាមសេចក្តីប្រកាសរបស់ក្រសួង ព្យាការណ៍អាកាសធាតុអាមេរិក NWS បានប្រកាសឲ្យដឹងថា ៖ ដោយសារតែទទួលរងឥទ្ធិពលពីព្យុះ ព្រិល តំបន់ជាច្រើន នៅទីក្រុងវ៉ាស៊ីនតោនមានព្រិលធ្លាក់កម្រាស់ដល់ទៅ១៥សង់ទីម៉ែត្រ បង្កឲ្យចរាចរណ៍នានាត្រូវកកស្ទះ។
ចំណែកអភិបាលក្រុង New Jersey លោក Phin Murphy បានប្រកាសអាសន្ន នៅវេលាម៉ោង៥ ថ្ងៃទី២០ខែកុម្ភៈ ដោយលោកបានអំពាវនាវដល់ពលរដ្ឋ មិនត្រូវធ្វើដំណើរចេញទៅខាងក្រៅ នោះឡើយ បើមិនចាំបាច់នោះ។
ជាមួយគ្នា ក្រសួងព្យាករណ៍អាកាសធាតុអាមេរិក បាន បញ្ជាក់ថា នឹងមានភ្លៀងធ្លាក់ខ្លាំង អូសបន្លាយដល់ថ្ងៃទី២២ខែកុម្ភៈ អាចបង្ករឲ្យមានគ្រោះទឹកជំនន់ជាទ្រង់ទ្រាយធំ ក្នុងតំបន់ Deep South ៕
ដោយ៖ មែវ សាធី