ខេត្តរតនគិរី៖ កន្លែងផ្ញើរថយន្ត និងម៉ូតូព្រមទាំងតូបអាជីវករជុំវិញបរិវេណផ្សារបានលុងដែលអាជ្ញាធរក្រុងដកហូតពីក្រុមហ៊ុនហេងដារ៉ាមកគ្រប់គ្រងអស់មួយរយៈនោះត្រូវបានប្រមុខរាជរដ្ឋាភិបាលចំណារឲ្យមកវិនិយោគទុនក្រុមហ៊ុនហេងដារ៉ាវិញ ។
អ្នកសារពត៌មានយើងទទួលព័ត៌មានជាក់លាក់មួយពីខាងអ្នកវិនិយោគផ្សារ ដោយក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងក្រសួងហិញ្ញវត្ថុបានប្រគល់អោយទៅឧកញ៉ា សា លាង ប្រធានក្រុមហ៊ុនហេង ដារ៉ា វិនិយោគផ្សារបានលុង នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ អ្នកសារព័ត៌មានយើងទទួលបានលិខិតមួយដែលមានខ្លឹមសារថារាជធានីភ្នំពេញចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០៥ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការរកិច្ច ។ យោងតាមលិខិតលេខ១០៨៦សជណ.ផក ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះហត្ថលេខាដោយឯកឧត្តម ឆេង សារឿន រដ្ឋមន្ត្រីស្តីទី ។
ករណីជម្លោះកន្លងមកយ៉ាងក្តៅគគុកដោយដណ្តើមកាន់កាប់ចំណតរថយន្ត កន្លែងផ្ញើម៉ូតូ និងអាជីវករលក់ជុំវិញផ្សារ ដែលមានទំហំដី៥៤ម៉ែត្រx១១០ម៉ែត្រ ជាដីប្រយោជន៍សាធារណៈ សម្រាប់ធ្វើចំណតរថយន្ត និងម៉ូតូភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីរក្សាសោភ័ណភាព បរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់ល្អ ជាពិសេសសម្រាប់បញ្ចៀសនូវគ្រោះអគ្គីភ័យកើតឡើង តាមលិខិតលេខ១២១៦ ស.ជ.ណ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១០ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។
លោកឧកញ៉ាសា លាង ប្រធានក្រុមហ៊ុនហេងដារ៉ាបានឲ្យដឹងថា លោកទទួលបានលិខិតរបស់លោកជំទាវ ម៉ែនសំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ដោយថ្នាក់ក្រសួងបានប្រគល់អោយនៅបរិវេណជុំវិញផ្សារបានលុងប្រគល់អោយទៅអ្នកវិនិយោគផ្សារនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥នេះ ។ ដោយឡែក លោកអ៊ុក សំអុល អភិបាលក្រុងបានលុង បានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី៩ ខែធ្នូនេះថារឿងបញ្ហាប្រគល់ដីចំនួន៥៤ម៉ែត្រx១១០ម៉ែត្រ ជាដីប្រយោជន៍សាធារណៈ និងអាជីវកធ្វើតូបលក់ជុំវិញផ្សារ ខាងសាលាក្រុង និងសាលាខេត្តអត់ទាន់បានដឹងនោះទេ ហើយខាងអាជ្ញាធរខេត្តក៏អត់ទាន់បានបង្កើតជាគណៈកម្មាការចម្រុះដើម្បីវាស់វែង និងត្រួតពិនិត្យអោយបានច្បាស់លាស់ និងធ្វើកម្មវិធីប្រគល់នៅឡើយនោះទេ បើសិនជាលោកឧកញ៉ាសា លាង ធ្វើយ៉ាងដូច្នេះមែនពិតជាខុសច្បាប់ហើយ ។
សម្តីអាជីវករបានអោយដឹងដែរថា ពួកគាត់ប្រសិនជាអាជ្ញាធរដែនដីរកដំណោះស្រាយអោយបានឆាប់រហ័សកាន់តែល្អ ព្រោះរយៈកន្លងមកនេះពួកគាត់មានការពិបាកចិត្តដោយសារតែលក់កន្លែងនេះ ម្តងលក់កន្លែងនោះ ដោយសារតែរឿងជម្លោះអ្នកវិនិយោគផ្សារ និងអាជ្ញាធរក្រុង ពួកគាត់សុទ្ធតែមានជីវភាពក្រីក្រ និងសំណូពរអោយថ្នាក់ក្រសួងដោះស្រាយឲ្យបានឆាប់រហ័ស ៕
...
ដោយ៖ សាវុទ្ធ