ខេត្តកំពង់ឆ្នាំង ៖ បុរស៣នាក់ដែលជា ក្រុមជាងតម្លើងក្លោងទ្វាររូបឆ្នាំងបានរងរបួសធ្ងន់និងស្រាល បន្ទាប់ពីបាក់ក្លោងទ្វារ ក្នុងពេលតម្លើង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង៧ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅមុខអគាភ្នែកនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ស្ថិត នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានក្រុមជាង ៥ទៅ៦នាក់ បានឡើងរៀបចំតុបតែងក្លោងទ្វារ រូបឆ្នាំង ដាក់ភ្លើង ដើម្បី ត្រៀមបុណ្យទន្លេនៅខេត្តកំពង់ឆ្នំាង ក្នុងពេលដែលឡើងទៅលើគ្រោងឆ្អឹងក្លោងទ្វារនេះ ទំនង គ្រោងឆ្អឹងរូបឆ្នាំងនេះមិនអាចទ្រនូវទម្ងន់មនុស្សច្រើនបាន ក៍បណ្តាលអោយក្លោងទ្វារនេះ បាក់ប្រាវចុះមកក្រោមតែម្តង ។ ផ្អើលអ្នកធ្វើដំណើរតាមផ្លូវតែម្តង ។
ក្រោយពេលកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តដែលនៅក្បែរនោះ ជនរងគ្រោះដែលជាក្រុមជាង មិនត្រូវបានផ្តល់អត្តសញ្ញាណនោះនៅឡើយទេ ។
គួរបញ្ជាក់ថា ក្លោងទ្វាររូបឆ្នាំងនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុនមួយដែលមានឈ្មោះថា MediactionAdverstising and Exhibition
ប្រជាពលរដ្ឋសំណូមពរ ម្ចាស់ក្រុមហ៊ុន ដែលធ្វើក្លោងទ្វាររូបឆ្នាំងនេះ ត្រូវតែធ្វើអោយមាំ ល្អព្រោះព្រឹត្តិការណ៍បុណ្យទន្លេនៅខេត្តកំពង់ឆ្នាំងមនុស្សម្នាមកលេងច្រើនណាស់ មិនអាចធ្វើការធ្វេសប្រហែសបាននោះទេ ព្រោះថា បើសិនជាមានបញ្ហា បង្ករអោយមានការភ្ញាក់ផ្អើលខ្លាំង ដែលជាហេតុជះឥទ្ធិពលខ្លាំងដល់ព្រឹត្តិការណ៍បុណ្យទន្លេនេះ ៕ ចន្ថា