លោករដ្ឋមន្ត្រី លឹម គានហោ បានអញ្ជើញចុះទៅពិនិត្យស្រះទឹកចំនួន ១៦កន្លែង តាមពោះបាតស្ទឹងស្ទោង ជាមួយភាពស្និទស្នាលនិងប្រជាជន

ចែករំលែក៖

ខេត្តកំពង់ធំ៖ នាថ្ងៃស្រុក ៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដោយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានអញ្ជើញចុះទៅពិនិត្យស្រះទឹកចំនួន ១៦កន្លែង តាមពោះបាតស្ទឹងស្ទោង នៅឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលបានជីករួចតាមការសម្រេចរបស់លោករដ្ឋមន្រ្តីក្នុងពេលអញ្ជើញចុះមកពិនិត្យស្ថានភាពទឹកស្ទឹងស្ទោង កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ ដើម្បីដោះស្រាយកង្វះខាតទឹកសម្រាប់តម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំម្សាក្រង។

ពេលជួបសំណេះសំណាលជាមួយតំណាងអាជ្ញាធរឃុំ និងប្រជាពលរដ្ឋនៅទីតាំងចុះពិនិត្យនៅឃុំខាងលើ ពួកគាត់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោករដ្ឋមន្រ្តីដែលបានជួយដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋលើកង្វះខាតទឹក ដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្ន បានទាន់ពេលវេលា និងជួយសាង់សង់សំណង់ទ្វាស្ទាក់ទឹកកាត់ស្ទឹង ចំនួន ០២កន្លែង ដែលនឹងចាប់ផ្តើមដំណើរការសាងសង់ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ។ ក្នុងឱកាសនោះដែរ តំណាងអាជ្ញាធរឃុំ និងប្រជាពលរដ្ឋ ក៏បានស្នើលោករដ្ឋមន្រ្តី ជួយសាងសង់ស្ពានបាឡេមួយកន្លែងកាត់ស្ទឹង នៅឃុំម្សាក្រង ដែលបច្ចុប្បន្នជាស្ពានឈើដែលមានសភាពចាស់ទ្រុឌទ្រោម ។

លោករដ្ឋមន្រ្តី បានសំណូមពរដល់ប្រជាពលរដ្ឋថែរក្សាសុខភាពឲ្យបានល្អ និងត្រូវប្រើប្រាស់ទឹកដោយការសន្សំសំចៃក្នុងស្ថានភាពដែលប្រទេសកម្ពុជាមានអាកាសធាតុឡើងកំដៅខ្លាំងនារដូវប្រាំងឆ្នាំនេះ និងបានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ត្រូវក្តាប់សភាពការណ៍ទឹកឲ្យបានច្បាស់លាស់ និងខិតខំរួមចំណែកដោះស្រាយបញ្ហាកង្វះខាតទឹក ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ចំពោះសំណើសាង់សង់ស្ពានបាឡេខាងលើ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឲ្យលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ សហការជាមួយអាជ្ញាធរដែនដី ធ្វើការសិក្សាលម្អិត ដើម្បីពិនិត្យ និងសម្រេចនូវវិធានការសមស្របនាពេលក្រោយ។
ទន្ទឹមនឹងនោះ លោករដ្ឋមន្រ្តី ក៏បានណែនាំឲ្យមន្ទីរធ្វើការពិនិត្យ សិក្សាកែលម្អតួស្ទឹងផងដែរ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print