លិខិតមិត្តអ្នកអាន៖ រថយន្តដឹកទំនិញធំៗនៅតែបំពានច្បាប់

ចែករំលែក៖

នៅវេលាម៉ោង៧និង០៥នាទីព្រឹក ថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ គេឃើញរថយន្តសណ្តោងរ៉ឺម៉កដឹកទំនិញធំខ្ពស់មួយគ្រឿង ធ្វើដំណើរចុះស្ពានអាកាសស្ទឹងមានជ័យ ។ ដោយទំនិញខ្ពស់ និងទំនងជាធ្ងន់ផង ធ្វើឲ្យរថយន្តសណ្តោងរ៉ឹម៉កដឹកទំនិញនោះ មិនអាចធ្វើដំណើរដោយស្រួលបាន ពោលគឺផ្នែកខាងលើនៃរ៉ឺម៉កបានប៉ះដំបូលស្ពានខាងលើ បណ្តាលឲ្យបាក់ដៃស្ពានទៀតផង ។ ករណីបែបនេះ បណ្តាលឲ្យមានការកកស្ទះចរាចរណ៍ទាំងព្រឹកព្រលឹម នៅចំណុចស្ពានអាកាសស្ទឺងមានជ័យ ។

នេះគឺជាឧទាហរណ៍មួយ ក្នុងចំណោមឧទាហរណ៍ជាច្រើនទៀត នៃច្បាប់ដែលមិនត្រូវបានអនុវត្ត ។ គេមិនដឹងថា តើរថយន្តសណ្តោងរ៉ឺម៉កដឹកទំនិញនេះ អាចឆ្លងកាត់កម្លាំងសមត្ថកិច្ចដ៏ច្រើនស្អេកស្កះ ដែលស្ថិតនៅតាមដងផ្លូវបានយ៉ាងដូចម្តេចកើតនោះទេ ពីព្រោះថា តាមច្បាប់របស់សាលារាជធានីកំណត់ហើយ មិនឲ្យមានរថយន្តធុនធំបែបដូច្នេះ ធ្វើចរាចរណ៍ទាំងព្រឹកព្រលឹមចូលទីក្រុងនេះឡើយ ។ សម្រាប់ខ្ញុំបាទជាប្រជាពលរដ្ឋម្នាក់ចេះតែឆ្ងល់ថា ហេតុអ្វីបានជាច្បាប់មិនត្រូវបានអនុវត្ត ឬមន្ត្រីនគរបាលចាំចាប់តែប្រជាពលរដ្ឋ ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព ឬបំពានច្បាប់ ប៉ុន្តែលើកលែងចំពោះរថយន្តធំៗ ដែលបើកបំពានច្បាប់? ទង្វើបែបដូច្នេះ វាហាក់ដូចជាជាន់ឈ្លីយ៉ាងខ្លាំងចំពោះច្បាប់របស់អាជ្ញាធរ ។

បញ្ហានេះ វាហាក់ដូចជាដដែលៗពេក ។ ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ មានចម្ងល់ចំពោះបទបញ្ជារបស់អាជ្ញាធរ ដែលមិនត្រូវបានអនុវត្តឲ្យបានខ្ជាប់ខ្ជួន ។ ក្រៅពីឧទាហរណ៍មួយខាងលើនេះ រថយន្តក្រឡុកស៊ីម៉ង់ត៍នៅតែបន្តអុកឡុកទីក្រុងភ្នំពេញ ទាំងព្រឹកព្រលឹម ក៏ដូចជាពេលព្រលប់ក្នុងពេលដែលមន្ត្រីរាជការ, សិស្សសាលាចេញពីផ្ទះទៅធ្វើការ, សាលារៀន ឬចេញពីកន្លែងធ្វើការ, សាលារៀន ត្រឡប់ទៅផ្ទះវិញ ។ អាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចនៅតែបន្តអះអាង ក៏ដូចជាអំពាវនាវចំពោះអ្នកបើកបររថយន្តក្រឡុកស៊ីម៉ង់ត៍ ឬរថយន្តដឹកទំនិញធំៗ ឲ្យគោរពច្បាប់ ប៉ុន្តែច្បាប់នោះមិនត្រូវបាននរណាអើពើនោះឡើយ ។ មានអ្នកបើកបររថយន្តធំៗ ឬរថយន្តក្រឡុកស៊ីម៉ង់ត៍តិចតួចប៉ុណ្ណោះ ដែលគោរពច្បាប់ ។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំបាទអាណិតច្បាប់ ព្រោះតែមិនត្រូវបានគេគោរព ៕

...

ប្រជាពលរដ្ឋម្នាក់

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print