ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា បានផ្ដល់ អំណោយមនុស្សធម៌ ជាអង្ករចំនួន១០៨តោនជូន ដល់អនុសាខាកាកបាទក្រហ មកម្ពុជាខណ្ឌទាំង១២ ចំណុះឲ្យរាជធានីភ្នំពេញ ដើម្បីបន្តធ្វើសកម្មភាព មនុស្សធម៌ជូនដល់ជនរងគ្រោះនិងជនដែល ងាយរងគ្រោះ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។
ពិធីប្រគល់ទទួលនេះបានធ្វើឡើងនៅទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា អូរបែកក្អម ក្នុងសង្កាត់ ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោមវត្តមានលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ១០ រោច ខែមាឃ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី០១ មីនា ឆ្នាំ២០១៩ ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ ក្នុងតួនាទីជាជំនួយការ ឲ្យអាជ្ញាធរសាធារណៈ លើវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនបានបំពេញនូវ បេសកកម្មមនុស្សធម៌ជាច្រើនក្នុងការជួយសង្គ្រោះជនរងគ្រោះនិងជនងាយរងគ្រោះរួមមានចាស់ជរាស្ត្រីមេម៉ាយ កុមារជនពិការនិងទុរគតជនជាដើម។ ក្នុងនោះ ទោះបីជាមិនអាចសម្រាល នូវទុក្ខវេទនារបស់ជនរងគ្រោះ និងជនងាយរងគ្រោះ ឲ្យផុតពីទុក្ខលំបាកបាន ១០០ភាគរយក្តីប៉ុន្តែអ្វីដែល សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញបាននិងកំពុងធ្វើសកម្មភាពមនុស្សធម៌ប្រចាំថ្ងៃនេះគឺជារឿងបេសកកម្មដ៏ឧត្តុង្គឧត្តមដែលបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់ លើកកំពស់គាំពារថែរក្សានិងផ្ដល់តម្លៃមនុស្សជាតិ។
លោកស្រី ពុំ ចន្ទីនី បានបញ្ជាក់ថា៖ កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន បានសម្រួលទៅដល់ខណ្ឌទាំង១២នៅក្នុងរាជធានីភ្នំពេញដើម្បីបម្រើដល់សកម្មភាពមនុស្សធម៌នៅក្នុងរាជធានីភ្នំពេញ។
លោកស្រី បន្តថា៖ ក្នុងនាមតំណាងអោយកាកបាទ ក្រហមកម្ពុជា លោកស្រីនិងខិតខំគៀងគររកជំនួយមនុស្សធម៌បន្ថែមទៀតដើម្បីរួមចំណែកក្នុងរាជរដ្ឋាភិបាលជួយជនរងគ្រោះនិងជនដែលងាយរងគ្រោះ កាត់បន្ថយការលំបាករបស់បងប្អូនប្រជាពលរដ្ឋតាមអនុសាសន៍របស់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមិន ទុកឲ្យប្រជាពលរដ្ឋណាម្នាក់អត់បាយស្លាប់ដែលយើងមិន ដឹងនោះទេ៕
ដោយ៖ សំរិត