ភ្នំពេញ៖ តារាចម្រៀងជាច្រើនបាន បញ្ចេញបទចម្រៀងថ្មីៗជាច្រើនបទមុនចូលឆ្នាំទុកសម្រាប់រាំលេងកម្សាន្ត។ ប៉ុន្តែអ្វីដែលគេចម្លែកក្នុងអារម្មណ៍គឺក្រោយបទចម្រៀង២បទរបស់តារាចម្រៀងកញ្ញា រតនៈ ពិសី និងកញ្ញា រ៉ាប៊ី មានចំណងជើងស្រដៀងគ្នា និងចេញមុនក្រោយគ្នាប៉ុន្មានថ្ងៃប៉ុណ្ណោះ។
សុទ្ធតែជាបទញាក់កន្ត្រាក់អារម្មណ៍ តារាចម្រៀង យេៗទាំងពីររូបបានបង្ហាញទាំងក្បាច់រាំដ៏ទាក់ទាញសូម្បីតែចំណងជើងក៏មានភាពប្រហាក់ប្រហែលគ្នាផងដែរ។ កញ្ញា រ៉ាប៊ីដែលឆ្នាំមុនបានធ្វើឲ្យកក្រើកបទ”មាន់ស្រែ”នោះក៏លេងយ៉ាងចាស់ដៃជាមួយនឹងស្នាដៃបទថ្មី”ម៉ែជេ”កាលពីប៉ុន្មានថ្ងៃមុននេះ។ ស្របគ្នានេះដែរ បទ”ម៉ែតាមជេ” របស់ រតនៈ ពិសីដែលមានក្បាច់រាំគួរទាក់ទាញផងដែរនោះកំពុងធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងផងដែរខណៈដែលទើបតែនឹងចេញកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ។ រតនៈ ពិសី បញ្ជាក់ថា បទថ្មីរបស់នាងទើបនឹងចេញចក្រោយមែន ប៉ុន្តែនាងនាង បានសម្រិតសម្រាំងអស់ជាច្រើនខែមកហើយ ហើយនេះគឺជាបទភ្លេងថ្មី។ នាងថាដោយសារចង់មានបទថ្មីផ្ទាល់ខ្លួន នាងបានស្នើឲ្យអ្នកនិពន្វបទភ្លេងថ្មី និងទំនុកច្រៀងពិសេសនេះឡើង។ ទោះជាយ៉ាងណាបទចម្រៀងរបស់នាងមិនមានបំណងប្រកួតប្រជែងជាមួយសិល្បកររូបណានោះដែរ។ តារាស្រីរូបនេះបញ្ជាក់ដែរថាបទចម្រៀងនេះជួយច្រៀងដាស់តឿនដល់ក្មេងស្រីដែលក្មេងស្រីដែលមានចរិកខ្ជិលច្រអូន និងស្របទៅតាមអត្តចរិកឡិឡក់របស់នាងផងដែរ។ អ្វីដែលពិសេស នាង និងប្រធានក្រុមរាំបានរួមគ្នាបង្កើតក្បាច់រាំថ្មីដើម្បីឲ្យកាន់តែមានភាពទាក់ទាញ។
ក្រៅពីបទចម្រៀងនេះតារាចម្រៀងមិនជ្រកក្រោមផលិតកម្មណាមួយរូបនេះក៏ត្រៀមបញ្ចេញបទចម្រៀងបទភ្លេងថ្មីផ្ទាល់ខ្លួនមួយចំនួនបន្ថែមទៀតក្នុងពេលខាងមុខផងដែរ។ នាងរំពឹងដែរថា បទចម្រៀងថ្មីរបស់នាងនឹងទទួលបានការគាំទ្រ និងយកមករាំលេងកម្សាន្តក្នុងឱកាសជួបជុំនានាផងដែរ។ សម្រាប់ការងារសិល្បៈតារាស្រីរូបនេះបញ្ជាក់ថា នាងនៅតែទទួលបានឱកាសចេញច្រៀង និងសម្តែងថ្មីៗជាបន្តបន្ទាប់ទាំងក្នុងនិងក្រៅស្រុក។ ខណៈដែលការងារមុខរបរលក់ផលិតផលថែរក្សាព្យាបាលសម្រស់តាមអនឡាញក៏ទទួលបានការគាំទ្រច្រើនពីទស្សនិកជនផងដែរ៕
ដោយ វឌ្ឍនា