ភ្នំពេញ ៖ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ នេះ អ្នកនាំពាក្យតុលាការកំពូល ចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយថ្លែងថា គណនីហ្វេសប៊ុកឈ្មោះ William Guang ដែលគេស្គាល់គ្រប់គ្នាថាជារបស់លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក និង ជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ផ្សព្វផ្សាយអត្ថបទមួយ គឺ ជាការចោទប្រកាន់របស់អសុទ្ធចិត្ត បំភាន់ ញុះញង់ ធ្វើឱ្យបាត់ជំនឿលេីសេចក្ដីសម្រេចរបស់តុលាការ ។
តុលាការកំពូល បន្តថា ការផ្សព្វផ្សាយជាសាធារណៈ ដោយបំភាន់ ញុះញង់ ក្នុងគោលបំណងធ្វើឱ្យបាត់ជំនឿលេីសេចក្ដីសម្រេចរបស់តុលាការ ពីព្រោះដីដែលជាកម្មវត្ថុនៃវិវាទ គឺ ជាដីដែលបានពីការទិញលក់ ហើយក្រសួងមានសមត្ថកិច្ចបានចេញប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុទៀតផង មិនមែនជាដីរដ្ឋទេ ។ ដូច្នេះ តុលាការគ្រាន់តែអនុវត្តតួនាទីរបស់ខ្លួន ដេីម្បីផ្តល់យុត្តិធម៌ឱ្យគូភាគី នៅពេលមានបណ្តឹង ស្របតាមរដ្ឋធម្មនុញ្ញ និង ច្បាប់ជាធរមានប៉ុណ្ណោះ ។
អ្នកនាំពាក្យតុលាការកំពូល សង្កត់ធ្ងន់ចុងក្រោយថា”តុលាការគ្រប់ជាន់ថ្នាក់ដែលជាស្ថាប័នតំណាងឱ្យអំណាចទី៣ នៃកម្ពុជា ទទួលយកការរិះគន់ស្ថាបនាទាំងអស់ដែលមានហេតុផលត្រឹមត្រូវនិងហ៊ានទទួលខុសត្រូវតាមច្បាប់នូវរាល់ចំណាត់ការរបស់ខ្លូន តែមិនទទួលយកដាច់ខាតនូវការវាយប្រហារទាំងឡាយណាដែលទុច្ចរិតគ្មានមូលដ្ឋានធ្វើឱ្យបាត់ជំនឿដល់តុលាការ និង រក្សាសិទ្ធិប្តឹងចោទប្រកាន់តាមមាត្រា៥២៣នៃក្រមព្រហ្មទណ្ឌ ៕ចេស្តា