ខេត្តកណ្ដាលៈ បងប្អូនថ្លៃ២នាក់បាននាំគ្នាទិញស្រាយកមកផឹក លុះផឹកស្រវឹងបានទាក់ពាក្យសម្ដីគ្នា ធ្វើឲ្យបុរសជាបងថ្លៃទប់កំហឹងពុំបាន ក៏ស្ទុះទៅយកពូថៅដេញកាប់ប្អូនថ្លៃខ្លួនឯង តែដេញកាប់ពុំបានសម្រេច ត្រូវប្អូនថ្លៃយកដំបងវាយទៅលើខ្លួនវិញចំក្បាល បណ្ដាលឲ្យរងបួសធ្ងន់ និងបានដាច់ខ្យល់ស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ ។ ករណីហិង្សាមានស្ថានទម្ងន់ទោសដែលបណ្តាលស្លាប់នេះ បានកើតឡើង នៅវេលាង១៩និង៥០នាទី ថ្ងៃទី៤ ខែមិនា ឆ្នាំ ស្ថិតក្នុងភូមិកំពង់អុស ឃុំកំពង់អុស ស្រុក ពញាឮ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ ពីង ចាន់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ(ត្រូវជាបងថ្លៃ) រីឯជនសង្ស័យឈ្មោះ ហៀង រស់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ (ត្រូវជាប្អូនថ្លៃគេចខ្លួន) ។ ជនសង្ស័យនិងជនរងគ្រោះមានទីលំនៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែកវត្ថុតាងចាប់យកមានដំបងឈើមូលប្រវែង២,៥០ម៉ែត្រ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យដែលត្រូវជាបងប្អូនថ្លៃនឹងគ្នា បានបបួលគ្នាទិញស្រាយកមកផឹក លុះផឹកស្រវឹង ក៏កើតមានទំនាស់ពាក្យសម្ដីគ្នា ធ្វើឲ្យបងថ្លៃទប់កំហឹងពុំបាន ក៏ស្ទុះទៅយកពូថៅយកមកដេញកាប់ទៅប្អូនថ្លៃខ្លួនឯង ភ្លាមនោះជនសង្ស័យក៏បានស្ទុះទៅយកដំបងឈើមូលវាយទៅលើជនរងគ្រោះជាបងថ្លៃវិញ ចំលើចិញ្ចើមខាងឆ្វេង ចំនួនមួយដំបង បណ្តាលឲ្យបែកផុងដល់លលាដ៍ក្បាលដួលនិងដី រួចជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ។
ចំណែកជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ តែជាអកុសលជនរងគ្រោះបានស្លាប់នៅមន្ទីរពេទ្យង ។ ចំពោះករណីខាងលើនេះ នគរបាលជំនាញកំពុងកសាងសំណុំរឿង និងធ្វើការស្រាវជ្រាវរកជនដៃដល់ដែលជាប្អូនថ្លៃយកមកចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ
...