ក្រោយជំនួបមិនទទួលបានជោគជ័យ នៅទីក្រុងហាណូយប្រទេសវៀតណាម លោកត្រាំទទួលបានការសរសើរពីគណបក្សប្រជាធិបតេយ្យនិងសាធារណរដ្ឋ ពីការសម្រេចចិត្តត្រឹមត្រូវមិនយល់ព្រមតាមសំណើររបស់មេដឹកនាំកូរ៉េខាងជើង លុបទណ្ឌកម្មជាមុន ហើយកូរ៉េខាងជើង និងរំសាយអាវុធបរមាណូ។
ប៉ុន្តែការសរសើរមិនបានប៉ុន្មាន លោកត្រាំ ក៏ទទួលរងការរិះគន់យ៉ាងខ្លាំង ក្រោយពេលលោកត្រាំសម្រេចឈប់ធ្វើសមយុទ្ធជាត្រងទ្រាយធំជាមួយកូរ៉េខាងត្បូង ។ ក្រុមតំណាងរាស្ត្រអាមេរិកចាត់ទុកថា សកម្មភាពខាងលើរបស់លោកត្រាំជាការយោគយលដល់កូរ៉េខាងជើង ។
ប៉ុន្តែនៅថ្ងៃទី៥ខែមីនា ប្រធានាធិបតីដូណាលត្រាំបានចេញមុខប្រកាសថា ការបញ្ចប់ ធ្វើសមយុទ្ធជាទ្រងទ្រាយធំ មិនមែនជាការ បន្ធូបន្ថយកូរ៉េខាងជើងនោះឡើយ គឺជាការសន្សំសំចៃ ប្រាក់ចំណាយអត់ប្រយោជន៍នៅក្នុងសមយុទ្ធនោះ ។
ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក គ្រោងបញ្ចូនមន្ត្រីជាន់ខ្ពស់ ទៅកាន់កូរ៉េខាងជើង ដើម្បីបន្តពិភាក្សា លើបញ្ហារំសាយអាវុធបរមាណូ និងការលុបទណ្ឌកម្ម បន្ទាប់ពីកិច្ចប្រជុំកំពូលលើកទីពីរនៅកូរ៉េខាងជើង មិនទទួលបានជោគជ័យ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានបង្ហាញក្ដីសង្ឃឹមថា សហរដ្ឋអាមេរិកអាចនឹងបញ្ជូនប្រតិភូមួយក្រុម ទៅកាន់កូរ៉េខាងជើង ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ បើទោះជាកិច្ចប្រជុំកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ក្នុងប្រទេសវៀតណាបញ្ចប់ទៅ ដោយគ្មានកិច្ចព្រមព្រៀងអ្វីក៏ដោយ។
ថ្លែងចេញរដ្ឋ អ៊ីយ៉ូវ៉ា (Iowa) នៅថ្ងៃចន្ទសប្ដាហ៍នេះលោក ប៉ុមប៉េអូ បានលើកឡើងយ៉ាងដូច្នេះថា «បើទោះជាខ្ញុំមិនទាន់មានការប្ដេជ្ញាចិត្តណាមួយក៏ដោយ ប៉ុន្តែខ្ញុំនៅតែសង្ឃឹមថា យើងអាចនឹងបញ្ជូនប្រតិបភូមួយក្រុមទៅកាន់ទីក្រុងព្យុងយ៉ាង នៅប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ។ ខ្ញុំកំពុងបន្តធ្វើការងារដើម្បីស្វែងរកមូលដ្ឋាន ដែលយើងអាចចែករំលែកផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក»។
គួរបញ្ជាក់ថា នៅដើមសប្ដាហ៍នេះ កូរ៉េខាងត្បូង និងចិនបានបង្ហាញគោលជំហរដូចគ្នា ដោយអំពាវនាវឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ចាប់ផ្ដើមកិច្ចចរចាជាថ្មី និងដោះស្រាយបញ្ហានៅលើឧបទ្វីបកូរ៉េដោយសន្តិវិធី ព្រមទាំងឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក។ យ៉ាងណាក៏ដោយក្រោយពីបានបញ្ចប់កិច្ចប្រជុំកំពូលនៅវៀតណាម ទ្វារក៏មិនមែនបិទទាំងស្រុងនោះដែរ ដោយប្រមុខដឹកនាំអាមេរិក និងកូរ៉េខាងជើង នៅតែទុកឱកាសឲ្យមានការជួបគ្នាទៀតនៅថ្ងៃមុខដដែល គ្រាន់តែមិនទាន់មានការកំណត់ពេលប៉ុណ្ណោះ។
ពាក់ព័ន្ធនិងជំនួបពិភាក្សា នៅទីក្រុងហាណូយប្រទេសវៀតណាមនោះដែរ ប្រធានាធិបតីដូណាលត្រាំ បានបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋចូលរួមទទួលខុសត្រូវពិការបរាជ័យទាំងនោះ ។
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបានថ្លែងនៅថ្ងៃចន្ទ ទី៤ មីនាថា ការដែលជំនួបកំពូលរវាងលោក និងលោកគីម ជុងអ៊ុនក្នុងប្រទេសវៀតណាមបានបិទបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង និងគ្មានសេចក្តីថ្លែងការណ៍ ក៏ដោយសារតែគណបក្សប្រជាធិបតេយ្យបានរៀបចំសវនាការសួរដេញដោលអតីតមេធាវីរបស់លោក។ លោកត្រាំយល់ថា បើគ្មានការសួរនាំអតីតមេធាវីរបស់លោកក្នុងថ្ងៃដែលលោកកំពុងជួបលោកគីម ជុងអ៊ុនទេ ម្ល៉េះជំនួបក៏មិនទទួលបរាជ័យដែរ។
ក៏ដូចជាទម្លាប់សព្វមួយដង លោកដូណាល់ ត្រាំបានប្រើបណ្តាញសង្គម Twitter របស់លោកដើម្បីបញ្ចេញប្រតិកម្ម។ ដោយមិននិយាយចំឈ្មោះលោក Michael Cohen ដែលជាអតីតមេធាវីរបស់លោក លោកត្រាំបានសរេសរយ៉ាងដូច្នោះថា « ការដែលពួកអ្នកប្រជាធិបតេយ្យបានបើកសវនាការជាសាធារណៈសួរដេញដោលមនុស្សនិយាយកុហក និងលួចបន្លំម្នាក់ក្នុងពេលដែលមានជំនួបសំខាន់រឿងនុយក្លេអ៊ែរជាមួយកូរ៉េខាងជើងអាចរួមចំណែកពីការគ្មានកិច្ចព្រមព្រៀងក្នុងទីក្រុងហាណូយ »។ បន្ទាប់មក លោកត្រាំបានសរសេរបន្តដោយចាត់ទុកទង្វើរបស់គណបក្សប្រជាធិបតេយ្យថាជារឿងគួរឲ្យអាម៉ាស់ និងមិនដែលឃើញក្នុងពេលដែលប្រធានាធិបតីម្នាក់កំពុងស្ថិតនៅបរទេស។
គួររម្លឹកថា ក្នុងពេលដែលលោកត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនកំពុងមានជំនួបលើកទី២ នាថ្ងៃទី២៧ និងទី២៨ កុម្ភៈក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម លោក Michael Cohen ដែលជាអតីតមេធាវីរបស់លោកត្រាំបានឆ្លើយនៅចំពោះមុខគណៈកម្មការសភាក្នុងទីក្រុងវ៉ាស៊ីនតោនដោយបានចោទលោកត្រាំជាមនុស្សប្រកាន់ពូជសាសន៍ បោកប្រាស់ និងឆរបោក។ លោក Michael Cohen បានធានានៅនិងចំពោះមុខគណៈកម្មការសភាថា លោកត្រាំជាអ្នកបញ្ជាឲ្យមានកិច្ចចរចារឿងអចលនទ្រព្យជាមួយរុស្ស៊ីក្នុងពេលដែលលោកកំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិក។
គួរបញ្ជាក់ថា បន្ទាប់ពីបានបិទបញ្ចប់ជំនួបកំពូលជាមួយលោកគីម ជុងអ៊ុននៅមុនពេលកំណត់ លោកត្រាំក៏បានធ្វើសន្និសីទកាសែតមួយដោយបានរិះគន់ទិតៀនលើសវនាការរៀបចំដោយគណបក្សប្រជាធិបតេយ្យ និងចាត់ទុកការចោទប្រកាន់របស់លោក Cohen លើលោកថាជារឿងមិនពិត។ សម្រាប់លោកត្រាំ គណបក្សប្រជាធិបតេយ្យមានចំណែកទទួលខុសត្រូវនៅក្នុងបរាជ័យនៃជំនួបកំពូលលើកទី២ ត្រាំ គីមក្នុងប្រទេសវៀតណាមដែលគ្មានកិច្ចព្រមព្រៀង និងគ្មានសេចក្តីថ្លែងការណ៍៕